យន្តហោះ​ដឹក​អ្នកដំណើរ​២២០នាក់​បាត់ដាន​ពីរ៉ាដា សង្ស័យ​ធ្លាក់នៅអេហ្ស៊ីប

យន្តហោះ​របស់​ក្រុមហ៊ុន Airbus មួយ​គ្រឿង​ដឹក​អ្នកដំណើរ​ចំនួន​២២០​នាក់ ដែល​ភាគច្រើន​ជា​អ្នក​ទេសចរណ៍​ជនជាតិ​រុ​ស្ស៊ី បាន​បាត់ដាន​ពី​រ៉ា​ដា នៅ​រសៀល​ថ្ងៃ​ទី​៣១ តុលា ២០១៥ នេះ​បើ​យោង​តាម​ប្រភព​ពី​ឧបករណ៍​បញ្ជា​ចរាចរ​ផ្លូវអាកាស​រុ​ស្ស៊ី និង​អេ​ហ្ស៊ី​ប​។

ប្រភព​បន្ត​ទៀត​ថា ការ​បាត់ដាន​របស់​យន្តហោះ​ខាងលើ គឺ​ស្ថិត​នៅ​តំបន់​ភាគ​កណ្តាល Sinai ប្រទេស​អេ​ហ្ស៊ី​ប ។ ដោយឡែក ប្រភព​ពី​ប្រទេស​អេ​ហ្ស៊ី​ប​វិញ​បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី Sherif Ismail បាន​អះអាង​ថា ពិតជា​មាន​យន្តហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់ Sinai នោះ​មែន ដោយ​លោក​បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​យន្តហោះ​ដែល​ធ្លាក់​នោះ ។

ប្រភព​ពី​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ថា មនុស្ស​ក្នុង​យន្តហោះ​ដែល​ធ្លាក់​នោះ​មាន​ចំនួន​សរុប​២១២​នាក់ ប៉ុន្តែ​ប្រភព​ពី​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា មាន​ចំនួន​ទាំងអស់​២២៤​នាក់ ។