យន្តហោះ​រុស្ស៊ី​ដឹក​មនុស្ស២២៤នាក់ធ្លាក់​នៅអេហ្ស៊ីប

 យន្តហោះ​ដឹកអ្នកដំណើរ​២២៤​នាក់របស់​រុស្ស៊ី Airbus 320 មួយគ្រឿងត្រូវបានអាជ្ញាធរ​អេហ្ស៊ីប​អះអាង​ថា​បាន​ធ្លាក់​នៅតំបន់​ស៊ីណៃ (Sinai) នៅថ្ងៃសៅរ៍នេះ។  ​យន្តហោះ​បាន​ធ្លាក់ ក្រោយពេល​​បាត់​ពី​ប្រព័ន្ធរ៉ាដា​ បន្ទាប់​ពី​ហោះ​ចេញពី​ព្រលានយន្តហោះ Sharm El-Shiek បាន​ប្រហែល​២៣នាទីប៉ុណ្ណោះ។ ​អាជ្ញាធរ​អេហ្ស៊ីប​កំពុង​ញាប់ដៃ​ញាប់​ជើង​ត្រួតពិនិត្យ​និងដោះស្រាយបញ្ហា​ប្រឈម​នានា​ផងដែរ។ នេះ​បើយោ​ង​តាម​សារព័ត៌មានរដ្ឋ​រុស្ស៊ី RT។

ការិយាល័យ​នាយករដ្ឋមន្ត្រី​អេហ្ស៊ីបលោក Sherif Ismail បាន​ប្រកាស​ទទួលស្គាល់ថា យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​រុស្ស៊ីម៉ាក Airbus 320 ជើងហោះហើរ 7K9268 ដែល​បាន​បាត់​ពីរ៉ាដា​នោះ​ពិតជាបានធ្លាក់នៅក្នុងតំបន់​ស៊ីណៃប្រទេសអេហ្ស៊ីប​ពិតមែន។ យន្តហោះដែលធ្លាក់នេះមានផ្ទុក​មនុស្ស​២២៤នាក់​ផងដែរ។ ហើយវាជា​ជើងហោះ​ហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី Kogalymavia ហើយ​មុន​ធ្លាក់យន្តហោះ​នេះ​បាន​បាត់​ចេញ​ពីប្រព័ន្ធរ៉ាដា​ ក្រោយហោះឡើង​បាន​២៣នាទីប៉ុណ្ណោះ។

យន្តហោះ​មួយគ្រឿង​នេះ​បាន​ហោះហើរចេញ​ពី​ព្រលានយន្តហោះអន្តរជាតិ​អេហ្ស៊ីប Sharm El Shiek ឆ្ពោះទៅកាន់​ទីក្រុង​ St Petersburg របស់រុស្ស៊ី។ ដើមឡើយគេ​ទទួល​បាន​ព័ត៌មាន​ប្លែក​ៗ​គ្នាជុំវិញការបាត់​ខ្លួននៃយន្តហោះ​នេះ​ ដោយ​មាន​ព័ត៌មានខ្លះថាយន្តហោះ​បាន​ហោះផុតដែនអាកាស​អេហ្ស៊ីបហើយ ហើយខ្លះទៀតថា​យន្តហោះ​បាន​បាត់​ខ្លួន​នៅក្នុង​ដែនអាកាស​ ស៊ីព្រុស (Cyprus) ទៅវិញ។ 

អាជ្ញាធរ​អាកាសចរណ៍រុស្ស៊ី​បាន​អះអាងថា​ យន្តហោះ​ជើងហោះ​ហើរលេខ 7K 9268 នេះ​ហោះចេញពីព្រលានយន្តហោះ​អេហ្ស៊ីបនៅម៉ោង ៦៖ ៥១នាទីព្រឹក និង​ត្រូវមកដល់​ព្រលានយន្តហោះ​រុស្ស៊ី St Petersburg នៅម៉ោង​១២៖១០​នាទីថ្ងៃត្រង់​។​ ប៉ុន្តែយន្តហោះបានដាច់ការទាក់ទង​ជាមួយភ្នាក់ងារគ្រប់​គ្រង​ចរាចរណ៍ផ្លូវអាកាស​ស៊ីព្រុស​ ២​៣នាទីក្រោយហោះ​ឡើង។ អាជ្ញាធរបាន​បង្ហើប​ផងដែរ​ថា មនុស្សក្នុងយន្តហោះ​ដែលបាត់​នោះមាន​ ២១៧នាក់ជាអ្នកដំណើរភាគច្រើនអ្នកទេសចររុស្ស៊ី និង៧នាក់ទៀត​ជាអ្នក​បម្រើ​លើ​យន្តហោះ​៕
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​