តើពិធីបុណ្យ «Halloween» មានដើមកំណើត ចេញពីប្រទេសណា និងមានជំនឿដូចម្ដេច?

បរទេស៖ ជារៀងរាល់ឆ្នាំ អំឡុងពិធីបុណ្យ ហាឡូវីន « Halloween» កៀកជិតចូលមកដល់ នៅតាមបណ្ដាប្រទេស លោកខាងលិច គេសង្កេតឃើញ តាមផ្ទះសម្បែង ឬហាងទំនិញនានា បានដាក់តាំងរូបគោម ធ្វើពីផ្លែល្ពៅ និងទីងមោង ជាដើម ដើម្បីត្រៀមប្រារព្ធពិធី បុណ្យនេះ ឲ្យសប្បាយរីករាយ។

បើតាមជំនឿពីបុរាណរៀងមក រាល់ថ្ងៃទី៣១ ខែតុលា ជាថ្ងៃដែលជនជាតិ ខេល (Celt) ដែលជាជនជាតិភាគតិចមួយ នៅកោះ Ireland ចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ ហើយថ្ងៃបន្ទាប់មក គឺជាថ្ងៃទី១ វិច្ឆិកា គឺជាថ្ងៃចូលឆ្នាំថ្មី។ ចុងខែតុលា ជនជាតិខេល មានជំនឿថា ជាថ្ងៃដែលពិភពរបស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណ របស់អ្នក ដែលបាត់បង់ជីវិត ក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយ របស់មនុស្សរស់ ដើម្បីចូលសណ្ឋិត ក្នុងគោល បំណង មានជីវិតរស់ម្តងទៀត។

ការនាំភាពក្តៅក្រហាយ មកដល់មនុស្សរស់ ធ្វើឲ្យពួកគេរិះរកគ្រប់មធ្យោបាយ កុំឲ្យខ្មោចចូលមកសណ្ឋិត នៅក្នុងខ្លួន។ ជនជាតិខេល ក៏នាំគ្នាបិទភ្លើងគ្រប់ប្រភេទ នៅក្នុងផ្ទះ ដើម្បីឲ្យអាកាសធាតុ ប្រែជារងាត្រជាក់ ដែលមិនមែនជាទីប៉ង ប្រាថ្នា នៃពពួកខ្មោចឡើយ។ ក្រៅពីនេះពួកគេ នៅនាំគ្នាតែងខ្លួនចម្លែកៗ ដើម្បីបន្លំខ្លួនធ្វើជាខ្មោច និងបន្លឺសំឡេង លាន់អឹងកង ដើម្បីឲ្យខ្មោចពិតប្រាកដភ័យខ្លាច ហើយរត់គេចខ្លួនទៅវិញ។

ដូច្នេះ បានជារៀងរាល់ឆ្នាំ នៅមុនថ្ងៃទី៣១ តុលា ដែលជាថ្ងៃប្រារព្ធពិធីនេះមកដល់ មានការរៀបចំព្រឹត្តិការណ៍ ប្លែកៗ ជាច្រើន ដូចជានៅតាមកន្លែងកម្សាន្ត មានការតុបតែងជារូបព្រាយបិសាច ឬមេធ្មប់ផ្សេងៗ ការដាក់តាំងរូបគោម ធ្វើពីផ្លែល្ពៅ នៅមុខផ្ទះ និងការលែងល្បែង Trick or Treat ពីសំណាក់ក្មេងៗជាដើម។

ទន្ទឹមនឹងនេះ មនុស្សមួយចំនួន បាននាំគ្នាពាក់របាំងមុខ ជារូបបិសាច ឬតុបតែងខ្លួនជាខ្មោចឆៅទៀតផង ដើម្បី បញ្ចៀសឧបទ្រពចង្រៃ ចេញពីក្នុងខ្លួន និងចេញពីក្រុមគ្រួសាររបស់ពួកគេ៕

តើពិធីបុណ្យ «Halloween» មានដើមកំណើត ចេញពីប្រទេសណា និងមានជំនឿដូចម្ដេច?

តើពិធីបុណ្យ «Halloween» មានដើមកំណើត ចេញពីប្រទេសណា និងមានជំនឿដូចម្ដេច?