តុលាការ​សម្រេច​ដោះលែង​យុវជន​គំរាម​សម្លាប់​លោក ស ខេង

តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ដោះលែង​យុវជន​ម្នាក់ ដែល​គំរាម​សម្លាប់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ចេញ​ពី​ពន្ធនាគារ​វិញ​ហើយ កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា កន្លង​ទៅ។

មេធាវី​ការពារ​ក្ដី​ឱ្យ​យុវជន​ជាប់​ចោទ គឺ​អ្នកស្រី កុយ កិត្យា។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា ថា ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ដោះលែង​យុវជន​ឈ្មោះ តៅ សាវឿន ដែល​ជា​កូន​ក្ដី​របស់​អ្នកស្រី​ចេញ​ពី​ពន្ធនាគារ​វិញ​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យុវជន​រូប​នេះ​យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​រយៈពេល ១​ខែ​មក។

មេធាវី​ដដែល​បញ្ជាក់​ថា តុលាការ​ខេត្ត​សៀមរាប បាន​បើក​ការ​ជំនុំ​ជម្រះ​ទៅ​លើ​យុវជន​ឈ្មោះ តៅ សាវឿន រួច​ហើយ តាំង​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ដោយ​សម្រេច​ដាក់​ទោស​គាត់​រយៈពេល ១៥​ខែ ក៏ប៉ុន្តែ​ក្នុង​នោះ​គឺ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​តែ ១​ខែ​ទេ៖ «តាម​ពិត​គេ​ចាប់​ខ្លួន​គាត់​ថ្ងៃ​ទី​២៨ តែ​ដីកា​ឃុំ​ខ្លួន​ថ្ងៃ​ទី​៣០ អ៊ីចឹង​ដោះ​ម្សិលមិញ គឺ​ថ្ងៃ​ទី​៣០ គេ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន»

​យុវជន តៅ សាវឿន អាយុ ២៦​ឆ្នាំ ជា​អតីត​និស្សិត​នៅ​សកល​វិទ្យាល័យ សៅស៍ អ៊ីសថ៍ អេយសៀ (University of South-East Asia) និង​ជា​អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ​ឯកជន​មួយ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

យុវជន តៅ សាវឿន ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ បន្ទាប់​ពី​គាត់​ខឹង​នឹង​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ដែល​បង្ហាញ​កាលបរិច្ឆេទ​នៃ​ដំណើរ​មក​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប មិន​ច្បាស់លាស់ ហើយ​យុវជន​រូប​នោះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គំរាម​ដាក់​គ្រាប់បែក​សម្លាប់​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។