អ្នក​ចុះ​ល្បាត​ព្រៃឈើ​នៅ​ព្រៃឡង់​គ្រោង​ដាក់​របាយការណ៍​បទល្មើស​ព្រៃឈើ​ជូន​អាជ្ញាធរ

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ ជិត ៣០​នាក់ ដែល​បាន​ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ គ្រោង​នឹង​បញ្ជូន​របាយការណ៍​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​សណ្ដាន់ ដាក់​ជូន​អាជ្ញាធរ។

តំណាង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ថា បណ្ដាញ​សហគមន៍​បាន​ចុះ​ល្បាត​រយៈពេល ៤​ថ្ងៃ នៅ​ចំណុច​អូរឆ្នូ អូរម្លូរ អូរថ្មគោល ក្បាលច្រោក និង​ព្រែកបី ស្ថិត​ក្នុង​ឃុំ​ដងកាំបិត។ ក្រុម​ល្បាត​បាន​រក​ឃើញ​ឈើ​ដែល​ជន​ប្រព្រឹត្ត​ច្រៀក​រួច​ជិត ៤០​ម៉ែត្រ​គូប រណា​យន្ត ៤​គ្រឿង និង​គោយន្ត ២​គ្រឿង ដែល​ជន​ប្រព្រឹត្ត​បន្សល់​ទុក ហើយ​រត់​គេច​ខ្លួន​បាត់។ ក្រៅ​ពី​នោះ ឈើ​ប្រភេទ​ឈើ​ទាល ផ្ដៀក ដូងចែម ត្រូវ​គេ​កាប់​ផ្ដួល​រំលំ​នៅ​ស្រស់ៗ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ សហគមន៍​យល់​ថា កើត​ចេញ​ពី​អ្នក​មាន​លុយ និង​អ្នក​ខ្នង​បង្អែក​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​ទៀត​ផង ហើយ​សហគមន៍​នឹង​រួម​គ្នា​ចង​ក្រង​របាយការណ៍​ដាក់​ជូន​អាជ្ញាធរ​ស្រុក​សណ្ដាន់ និង​ស្ថាប័ន​ជំនាញ៖ «ពួកខ្ញុំ​បាន​កត់​សម្គាល់​ថា ភាព​អនាធិបតេយ្យ​នេះ ចេញ​ពី​ក្រុម​ឈ្មួញ​កណ្ដាល។ យើង​បាន​ព័ត៌មាន​ជាក់លាក់ ម៉ាស៊ីន​ភាគ​ច្រើន​គឺ​ជា​ម៉ាស៊ីន​របស់​ប៉ូលិស និង​របស់​ទាហាន​ឌឺបេ នៅ​ស្រុក​សណ្ដាន់ ឈ្មោះ ប៊ែន ប៊ុនគា ហើយ​គោ​យន្ត ២​គ្រឿង ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ ហើយ​ម្ចាស់​រត់​គេច​បាត់។ ប្រេង​ដែល​យើង​បាន​ឃើញ​មិន​ខុស​ពី ១០​កាន ដែល​គេ​ទុក​ចាក់​ម៉ាស៊ីន​អារ​ឈើ។ មិន​មែន​ជា​របស់​ក្រុមហ៊ុន​ណា​ទេ ហើយ​យើង​ឃើញ​ថា ដេប៉ូ​តូចៗ​នៅ​ក្នុង​ព្រៃ មួយ​កន្លែង​មាន ១០​ម៉ែត្រ​គូប មាន ៦ ទៅ ៧​ម៉ែត្រ​គូប និង​រាយប៉ាយ​ពេញ​ហ្នឹង​ទៀត ជា​ច្រើន​កាត់​ស្រស់​តែ​ម្ដង»

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ ដែល​បាន​ចុះ​ល្បាត​តាំង​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ក្នុង​ទឹកដី​ស្រុក​សណ្ដាន់ អះអាង​ថា ការ​ចុះ​ល្បាត​លើក​នេះ​មាន​មន្ត្រី​ប៉ូលិស និង​ទាហាន​ចូល​រួម​សហការ។ ស្រប​ពេល​ដែល​សហគមន៍​ខេត្ត​កំពង់ធំ ចុះ​ល្បាត​បទល្មើស​ព្រៃ​ឈើ សហគមន៍​ក្នុង​ខេត្ត​ចំនួន ៣​ទៀត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ក៏​មាន​យុទ្ធនាការ​ចុះ​ល្បាត​ក្នុង ១​ខែ​យ៉ាង​ហោច​ណាស់​ម្ដង ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។