“ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រំឭក​ដល់​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧”

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប នៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ធ្វើ​ឲ្យ​គេ​នឹក​ដល់​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់បែក​ដៃ ដែល​ប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី នៅ​មុខ​រដ្ឋសភា​ចាស់ កាល​ពី​ឆ្នាំ​១៩៩៧។

ការ​វាយ​ប្រហារ​កាល​នោះ​ដែល​គេ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​សំចៃ​មាត់​ពី​រឿង​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សម្ដែង​ការ​បារម្ភ​ជា​ថ្មី​អំពី​ឯករាជ្យភាព​ក្នុង​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ដើម្បី​ស្វែង​រក​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ។ ការ​ព្រួយ​បារម្ភ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ការ​វាយ​ប្រហារ​គ្រាប់​បែកដៃ​លើ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៧ ដែល​លោក​ថា ពេល​នោះ​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ជា​ច្រើន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។ បើ​ទោះ​ជា​ការ​វាយប្រហារ​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៦​នាក់​ស្លាប់ និង​មនុស្ស​ប្រមាណ ១៥០​នាក់​ផ្សេង​ទៀត​រង​របួស​ក៏ដោយ ប៉ុន្តែ​លោក ប្រ៊ែដ អាដាម ថា រហូត​មក​ទល់​ពេល​នេះ គ្មាន​ជន​ដៃដល់​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ផ្ដន្ទាទោស​នៅ​ឡើយ ដោយហេតុ​ថា ការ​វាយ​ប្រហារ​ពេល​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន។

​ចំណែក​ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប នៅ​ពេល​នេះ​វិញ បើ​ទោះ​ជា​លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​តាម​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ក្តី ប៉ុន្តែ យូមែន រ៉ៃត៍ វ៉ច្ឆ មិន​មាន​ជំនឿ​ទេ​ថា ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​នឹង​មាន​ភាព​ឯករាជ្យ។

​លោក ប្រ៊ែដ អាដាម ថ្លែង​ថា ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ពិតជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​វែក​មុខ​រក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​មែន​នោះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​មាន​ភាព​ឯករាជ្យ ហើយ​ដើម្បី​ឯករាជ្យ​ទៅ​បាន លុះ​ណា​តែ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត​នេះ។

យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​សង្ស័យ​ថា ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពេល​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ដែរ​នោះ ក៏​បាន​ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បញ្ជាក់​ច្បាស់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ថា រាល់​ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​ទៅ​លើ​សមាជិកសភា​មក​ពី​គណបក្ស​ណា​មួយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ជំនួយ​របស់​ពួកគេ​ផ្ដល់​ឲ្យ​កម្ពុជា។

​នេះ​គឺ​ជា​លើក​ទី​២ ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចាប់​ពី​មាន​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា មក។ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​លើក​ទី​២​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចុះ​ធ្វើ​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​កំពុង​សម្រាក​ព្យាបាល​មុខ​របួស​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ។

​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ ពួកគេ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​មន្ទីរ​រដ្ឋសភា។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​មាន​ដូចជា របាំង​ដែក​ដែល​សមត្ថកិច្ច​តែង​ដាក់​រាំង​នៅ​មុខ​មន្ទីរ​រដ្ឋសភា​នៅ​ពេល​មាន​កិច្ចប្រជុំ​ម្តងៗ ត្រូវ​បាន​ដក​ចេញ ម៉ាស៊ីន​ស្កែន (Scan) ចូល​សភា​មិន​ដំណើរ​ការ ចំណែក​ចំនួន​សន្តិសុខ​ក្នុង​រដ្ឋសភា​ក៏​ថយ​ចុះ។

តំណាងរាស្ត្រ​ទាំង​ពីរ​អះអាង​ថា នៅ​មុន​ពេល​ចាកចេញ​ពី​មន្ទីរ​រដ្ឋសភា រថយន្ត​របស់​ពួក​លោក​មិន​ត្រូវ​បាន​សន្តិសុខ​អនុញ្ញាត​ឲ្យ​ចេញ​តាម​ច្រក​ខាង​ជើង​ដែល​ធ្លាប់​ចេញ​កន្លង​មក​នោះ​ទេ តែ​ឲ្យ​ចេញ​តាម​ច្រក​ទ្វារ​ធំ​ទៅ​វិញ។ ពួកគេ​ថា ក្រោយ​ពី​រថយន្ត​ធ្វើ​ដំណើរ​ចាក​ចេញពី​សភា​បន្តិច ស្រាប់​តែ​មាន​ហ្វូង​មនុស្ស​មក​ស្ទាក់​រថយន្ត ហើយ​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ​តែម្ដង។

​ការ​អះអាង​ពី​ភាព​មិន​ប្រក្រតី​របស់​លោក ញ៉យ ចំរើន និង​លោក គង់ សភា នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក សុន ឆ័យ ដែល​ពេល​នោះ ក៏​មាន​វត្តមាន​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ផង​ដែរ។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សង្ស័យ​ថា ព្រឹត្តិការណ៍​នេះ​ហាក់​មាន​ការ​រៀបចំ​ទុក​ជា​មុន។

ចំពោះ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ប៉ុន្តែ​លោក​សុំ​មិន​បកស្រាយ​នោះ​ទេ ដោយ​លោក​ថ្លែង​ថា លោក​ហត់នឿយ និង​ចង់​សម្រាក។

មួយ​ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ហិង្សា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ និង​ស៊ើបអង្កេត។ យ៉ាង​ណា​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ណា​ម្នាក់​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​ពី​ការវិវត្តន៍​នៃ​ការងារ​ស៊ើបអង្កេត​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ថ្លែង​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ពួកគេ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន នៅ​ពេល​ពួកគេ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។