តើ​មាន​អត្ថប្រយោជន៍​ល្អ​អ្វីខ្លះ​កាលណា​ឈប់​ញ៉ាំ​នំប៉័ង​?

តើ​មាន​អត្ថប្រយោជន៍​ល្អ​អ្វីខ្លះ​កាលណា​ឈប់​ញ៉ាំ​នំប៉័ង​?

​នំប៉័ង​គឺជា​អាហារ​ដែល​មនុស្ស​យើង​ញ៉ាំ​ច្រើនជាងគេ ហើយ​ក៏​គឺជា​អាហារ​ដែល​មិន​ជា​ល្អ​សម្រាប់​សុខភាព​ប៉ុន្មាន​ផងដែរ​។ នៅ​កម្ពុជា​យើង នំប៉័ង​ភាគច្រើនៗ​ជា​ប្រភេទ​ដែល​គេ​ហៅថា​ជា​នំ      ប៉័ង​ស ដែល​ធ្វើឡើង​ពី​ម្សៅ​មី ឬ​ម្សៅ​ស្រូវ​សាលី​។ នៅ​ស្រុក​គេៗ​មាន​នំប៉័ង​ខ្មៅ ដែល​ឡើង​ធ្វើ​ពី​ធញ្ញជាតិ​ផ្សេង​ពី​ស្រូវ​សាលី ដូចជា​seigle និង épautre ជាដើម ដែល​មាន​គុណភាព​ល្អ​ជា​ង​នំប៉័ង​ស​។​

​នំប៉័ង​សមានជាតិ​អាមីដុង​ប្រហែលជា​៨៥% គឺ​សម្បូរ​ទៅ​ដោយ​គ្លុយស៊ីត ដែល​អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង បង្ក​ទៅជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​បាន​។ ការ​ដែល​សម្បូរ​ទៅ​ដោយ​គ្លុយ   ស៊ីត​នេះ​ក៏​ធ្វើឱ្យ​គេ​ចេះ​តែ​ចង់​ញ៉ាំ​នំប៉័ង​ទៀត​ផង​ដែរ​។ នំប៉័ង​ស​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​អំបិល​ផងដែរ ដែល​មាន​ផលប៉ះពាល់​ជា​ខ្លាំង​ចំពោះ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​។ រឿង​ដែល​មិន​ល្អ​មួយ​ទៀត​នោះ​គឺ​ស្រូវ​សាលី​សម្បូរ​ទៅ​ដោយ​ជាតិ​gluten ដែលជា​មូលហេតុ​នៃ​ជំងឺ​ជាច្រើន​។​
​ដូច្នេះ បើកាលណា​អ្នក​ឈប់​ញ៉ាំ​នំប៉័ង​ស នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​៣​យ៉ាង គឺ​៖
 

១- ស្រក​ទម្ងន់​ក្នុងពេល​តែ​ប៉ុន្មាន​សប្តាហ៍​
នំប៉័ង​ស​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ ដែល​ទប់​ឱ្យ​ទឹក​ដក់​ស្ថិតនៅក្នុង​ជាលិកា​របស់​សរីរាង្គ​ផ្សេងៗ​។ កាលណា​គេ​ឈប់​ញ៉ាំ​នំប៉័ង​នេះ ជាតិ​ស្ករ​នឹង​ថយចុះ ហើយ​ទឹក​ក៏​ថយចុះ​ដែរ​។​
 

២- មាន​ការរំលាយ​អាហារ​ល្អ ដែល​ធ្វើឱ្យ​ថាមពល​កើនឡើង​
នំប៉័ង​ស​មិនសូវ​មាន​វីតាមីន និង​ជាតិ​រ៉ែ​ទេ ជាពិសេស​គឺ​គ្មាន​ជាតិ​សរសៃ​សោះ​។ ដូច្នេះ​ហើយ​ការឈប់​ញ៉ាំ​នំប៉័ង​នេះ​អាច​ជួយ​ធ្វើឱ្យ​ការរំលាយ​អាហារ​ប្រសើរ​ឡើង​វិញ ហើយ​ថាមពល​រាងកាយ​ក៏​កើន​ឡើង​វិញ​ដែរ​។​
 

៣- មិនសូវ​ឃ្លាន​ពេក​
ដូច​បាន​និយាយ​ពី​ខាងលើ​រួចមកហើយ ថា​នំប៉័ង​ស​នេះ​ធ្វើឱ្យ​អ្នក​ញ៉ាំ​ចេះតែ​ចង់​ញ៉ាំ​វា​ថែម​ទៀត ដូចជា​ឃ្លាន​មិនចេះចប់​។ កាលណា​យើង​ឈប់​ញ៉ាំ​វា យើង​ក៏​មិនសូវ​ឃ្លាន​តទៅ​ទៀត​ដែរ​។​

​បើសិនជា​អាច​មាន​បាន​ដូច​នៅ​ស្រុក​គេ អ្នក​អាច​ញ៉ាំ​នំប៉័ង​ដែល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​គ្រប់​មុខ​បាន​ដែល​សម្បូរ​ទៅ​ដោយ​សរសៃ​និង​ជាតិ​រ៉ែ ឬ​នំប៉័ង​ដែល​ធ្វើ​ពី épautre ដែល​សម្បូរ​ទៅដោយ​ម៉ាញេស្យូម ផូស្វ័​រ និង​កាល់ស្យូម​៕
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។