សង្គម​ស៊ីវិល៖ ច្បាប់​បោះឆ្នោត​ថ្មី​ដែល​សភា​ទើប​អនុម័ត​មាន​ភាព​ចម្រូងចម្រាស

អង្គការ​មិន​មែន​រដ្ឋាភិបាល​ខក​ចិត្ត​ចំពោះ​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី ដែល​ទើប​ត្រូវ​រដ្ឋសភា​សម្រេច​បោះ​ឆ្នោត​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា។ ការ​អនុម័ត​នោះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​កិច្ច​ប្រជុំ​សភា​ដែល​មាន​តែ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ថ្លែង​ថា ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី​នេះ មាន​ភាព​ចម្រូងចម្រាស​ច្រើន។ លោក​ថា ការ​អនុម័ត​ច្បាប់​នេះ ជា​សញ្ញា​អវិជ្ជមាន​មួយ​ជុំវិញ​ការ​ធានា​ភាព​សេរី និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក​បន្ថែម​ថា ការ​អនុម័ត​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី ដែល​គ្មាន​ការ​ជជែក​ពិភាក្សា​ជាមួយ​គ្រប់​តំណាង​គណបក្ស​ដែល​គ្រោង​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ គឺ​គ្មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​គណបក្ស​នយោបាយ​ដែល​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា៖ «ច្បាប់​ហ្នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត​ដែរ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ ដែល​មិន​មាន​ការ​ពិភាក្សា​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ព្រោះ​មាន​គណបក្ស​ច្រើន​ណាស់​ដែល​គេ​ចង់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ហើយ​យើង​ត្រូវ​យក​ទៅ​ជជែក​ជាមួយ​គេ។ តែ​គេ​ធ្វើ (Rule for gains) ហ្នឹង ធ្វើ​ច្បាប់​សម្រាប់​ឈ្នះ​តែ​ម្នាក់​ឯង​ហ្នឹង។ ច្បាប់​ហ្នឹង​បង្កើត​អាក្រក់ អវិជ្ជមាន។ នីតិវិធី​ច្បាប់​ចាស់ វា​គ្រាន់​ជាង​ច្បាប់​ចាស់​ទៀត។ យើង​ទៅ​ធ្វើ​អាក្រក់ សម្រាប់​លេង​ខ្លួន​ឯង»

​ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទើប​អនុម័ត​នេះ​ផ្ដល់​រយៈពេល ១៤​ថ្ងៃ​សម្រាប់​ឃោសនា ហើយ​គណបក្ស​នយោបាយ​មិន​អាច​ឃោសនា​ឆ្លង​ពី​ឃុំ​មួយ​ទៅ​ឃុំ​បាន​ទេ។ ក៏ប៉ុន្តែ សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត អឺរ៉ា (ERA)  ធ្លាប់​ផ្តល់​អនុសាសន៍​ថា ច្បាប់​នេះ​គួរ​ទុក​រយៈពេល ១៥​ថ្ងៃ​ដដែល ហើយ​មិន​គួរ​កំណត់​វិសាលភាព​នៃ​ការ​ហែ​ក្បួន​ឃោសនា​នោះ​ទេ ពោល​គឺ​អាច​ឲ្យ​គណបក្ស​នយោបាយ​ឃោសនា​ឆ្លង​កាត់​ពី​ឃុំ-​សង្កាត់​មួយ​ទៅ​មួយ​បាន។

ច្បាប់​ថ្មី​ត្រូវ​បាន​សមាជិកសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៦៧​​រូប បោះឆ្នោត​គាំទ្រ ខណៈ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ណា​ម្នាក់​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា។ តំណាងរាស្ត្រ​ទាំង ៥៥​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​ប្រជុំ​ដក​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី​១​សភា​ជាតិ។

លោក​បណ្ឌិត មាស នី យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​រារាំង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ថ្មី​នេះ។ លោក​កត់សម្គាល់​ថា មាន​ព្រឹត្តិការណ៍​កើត​ឡើង​បន្តបន្ទាប់​គ្នា ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការ​វាយ​អ្នក​តំណាងរាស្ត្រ និង​ការ​ដក​តំណែង​លោក កឹម សុខា ជាដើម។

លោក មាស នី បន្ត​ថា ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ចូលរួម​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «កាល​ណា​មាន​ប្រជុំ​ធំៗ​របស់​សភា មិន​សូវ​បាន​ដឹង​របៀបវារៈ​មុន។ តាម​ខ្ញុំ​ដឹង ការ​ប្រជុំ​ទម្លាក់​លោក កឹម សុខា ហ្នឹង ក៏​ស្ទើរ​តែ ២៤​ម៉ោង​មុន សភា​មិន​ទាន់​ដឹង​ថា មាន​របៀបវារៈ​អី​ផង»

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។