សង្រ្គាមស៊ីរី៖ ​ស្របពេល​ដែល​ការ​ចរចា​ជាប់​គាំង ​អាមេរិក​បញ្ជូន​កម្លាំង​ពិសេស​ទៅ​ស៊ីរី

សង្រ្គាម​នៅ​ស៊ីរី​ នៅ​តែ​ជា​ចំណុច​ក្តៅ​បំផុត​ នៃ​នយោបាយ​ការបរទេស​អន្តរជាតិ ​ ព្រោះ​វា​បាន​ធ្វើឲ្យ​ តំបន់​ដើម​បូព៌ា​ទាំងមូល​ រង្គោះរង្គើរ។ កិច្ច​ចរចា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​វីយែន​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​បិទ​បញ្ចប់​ទៅ​ ដោយ​មិន​បាន​លទ្ធផល​អ្វី ​ដោយសារ​តែ​ភាគី​ទាំង​អស់​និយាយ​មិន​ចុះ​សម្រុង​គ្នា ​ទាក់ទិន​នឹង​អនាគត ​របស់​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន ​លោក បាស្ហា អាល់អាសាដ។ ស្រប​ពេល​គ្នា​នេះ​ សហរដ្ឋ​អាមេរិក ​ទើប​បាន​ប្រកាស​ផងដែរ ​ ថា​នឹង​បញ្ជូន ​កម្លាំង​ពិសេស ​ទៅ​ស៊ីរី​ ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ​ដែល​នេះ​គឺ​ជា​ ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ របស់​អាមេរិក​ ព្រោះ​កន្លង​មក ​លោក​អូបាម៉ា ​បាន​និយាយ​ហើយ​ និយាយ​ទៀត​ថា ​ អាមេរិក ​មិន​បញ្ជូន​ទ័ព​ថ្មើរជើង ​ទៅ​ស៊ីរី​ជា​ដាច់ខាត។