ល្បី​ថា កែវ សីហា បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ ឌី​ជេ ហេ​រ៉ូ​

Sanofi

​នាង កែវ សីហា ជា​ម្ចាស់​ជ័យលាភី​លេខ ១ នៃ​កម្មវិធី​«​ពេជ្រ​កំពុង​ច្នៃ​»​របស់​ស្ថានីយទូរទស្សន៍​អាស៊ី អាគ្នេយ៍ ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្រី​ស្អាត​មួយរូប​ដែលមាន​រូប​សម្រស់​ស្រស់​ផូរផង់ ។ បច្ចុប្បន្ន​នាង​ជា​ពិធី​ការិនី​ដ៏​លេចធ្លោ​មួយរូប​នៅក្នុង​ស្ថានីយទូរទស្សន៍​មួយ​នេះ ដោយ​នាង​កាន់​កម្មវិធី​ជាច្រើន​កំពុងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​រូប​សម្ផស្ស និង ទេពកោសល្យ ក្នុង​អាជីព​ជា​ពិធី​ការិនី​របស់​នាង ។

អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ​គឺ​ការ​លេច​ធ្លាយ​ព័ត៌មាន​ថា នាង និង ឌី​ជេ ហេ​រ៉ូ បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​បន្ទាប់ពី​អ្នក​ទាំងពីរ​បានធ្វើ​ពិធីករ​ពិធី​ការិនី​នៅក្នុង​កម្មវិធី​តន្ត្រី «​ខា​រ៉ា​បាវ​» នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ។​ បន្ទាប់ពី​បានទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ ពី​កម្មវិធី «​ពេជ្រ​កំពុង​ច្នៃ​» កាលពី​ឆ្នាំ ២០១១ ផ្នែក បង្ហាញ​ម៉ូដ​រួចមក កែវ សីហា ហាក់​មានការ​មមាញឹក​ជាមួយ​អាជីព​សិល្បៈ​យ៉ាងខ្លាំង ព្រោះ​នាង​ត្រូវបាន​អ្នក​កាន់​កម្មវិធី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ផ្តល់​ទំនុកចិត្ត​លើ​នាង និង ឱ្យ​នាង​ក្តោប​ក្តាប់​កម្មវិធី​រហូតដល់​ទៅ ៥ ក្នុងពេល​បច្ចុប្បន្ននេះ ។

ជួប​ជាមួយ «​ប្រជាប្រិយ​» កាលពីពេល​ថ្មីៗ​នេះ កែវ សីហា បាន​ប្រាប់ថា បច្ចុប្បន្ន​នាង​ក្តោប​ក្តាប់​កម្មវិធី​ចំនួន ៥ របស់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​មានដូចជា​កម្មវិធី «​តន្ត្រី​ខា​រ៉ា​បាវ​» «Anchor Fun Zone» «​វិថី​សុខភាព​» និង កម្មវិធី «​ប្រាសាទបុរាណ​ខ្មែរ បេតិកភណ្ឌ​មាស​» ជាដើម ។ ជាមួយគ្នានេះ​នាង​ក៏មាន​បំណង​នឹង ចេញមុខ​ឱ្យបាន​ពេញទំហឹង​នៅក្នុង​ខ្សែភាពយន្ត ក៏ដូចជា​ចម្រៀង​ខារ៉ាអូខេ​ដូច​តារា​មួយចំនួន​ផងដែរ ។​កន្លងមក​ក៏​ធ្លាប់មាន​ផលិតកម្ម​ផលិត​ខ្សែភាពយន្ត​បាន​ហៅ​នាង​ទៅ​ថត​ផងដែរ ប៉ុន្តែ​នាង​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការចេញ​ថត​ឱ្យ​ផលិតកម្ម​ទាំងនោះ​ឡើយ ព្រោះ​នាង​ត្រូវ​កាន់​កម្មវិធី​រហូតដល់​ទៅ ៥ កម្មវិធី​ឯណោះ ។​

​ជុំវិញ​បញ្ហា​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់ កែវ សីហា ត្រូវបាន​នាង​បញ្ជាក់​ឱ្យដឹងថា នេះ​ជា​រូបរាង​ដែល​អំណោយផល​ពី​ធម្មជាតិ ពោលគឺ​មិនមាន​កែកុន​អ្វី​ទាំងអស់ ហើយ​នាង​ក៏​មិនមាន​គម្រោង​ថា​នឹង​កែកុន​បន្ថែមទៀត​នោះដែរ ព្រោះ​រូប​សម្រស់​ប៉ុណ្ណេះ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​នាង ។ នាង​ប្រាប់ថា «​ខ្ញុំ​មាន​វិធី​ថែ​សម្រស់ ផ្ទាល់ខ្លួន ដូចជា​ហាត់ប្រាណ និង បរិភោគ​បន្លែ​ផ្លែឈើ​ឱ្យបាន​គ្រប់គ្រាន់​ជាដើម​» ។​ ស្រប​ពេលដែល​ការងារ​សិល្បៈ​កំពុង​តែមាន​យីអ៊ុន ក៏មាន​ប្រភពព័ត៌មាន​ពី​អ្នក​ជិតដិត​បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថា ពិធី​ការិនី​សាច់​សខ្ចី វ័យ​ជាង ២០ ឆ្នាំ រូបនេះ និង ឌី​ជេ ហេ​រ៉ូ បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​ហើយ ។​

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ កែវ សីហា បាន​ឆ្លើយ​ទាំង​ផ្ទុះសំណើច​ផង​ថា «​អត់​ទេ​បង ! ខ្ញុំ និង គាត់ មិនមាន​ទំនាក់ទំនង​ស្នេហា​អី​ផង​ហ្នឹង ខ្ញុំ​ចាត់ទុក​គាត់​ដូចជា​បងប្រុស​ម្នាក់ ។ ដោយសារតែ ឌី​ជេ ហេ​រ៉ូ ចូលចិត្ត​លេងសើច​ជាមួយ​នាង​ខ្ញុំ​ច្រើន ទើប​ធ្វើ​ឱ្យគេ​យល់ច្រឡំ ។ កន្លងមក​ក៏​ធ្លាប់មាន ទស្សនិកជន​ជាច្រើន​តែងតែ​សួរនាំ​ពី​ទំនាក់ទំនង​រវាង​ខ្ញុំ និង គាត់ (​ឌី​ជេ ហេ​រ៉ូ​) ដែរ ប៉ុន្តែ​ខ្ញុំ​ចាត់ទុក​គាត់​ដូច បងប្រុស​ម្នាក់​តែប៉ុណ្ណោះ​» ។​ ​គួរ​រំឭក​ផងដែរ​ថា ឌី​ជេ ហេ​រ៉ូ គឺជា​ពិធីករ​ដែល​បានទទួល​ការនិយម​ចូលចិត្ត​ពី​សំណាក់​ទស្សនិកជន​ក៏​ព្រោះតែ​រូបលោក​ជា​មនុស្ស​ពូកែ​កំប្លែង​ចេះ​បង្កើត​បរិយាកាស​ល្អៗ​នៅក្នុង​កម្មវិធី​ដែល​ធ្វើឱ្យ​ទស្សនិកជន មាន​ភាពសប្បាយ​រីករាយ និង ញញឹម​គ្រប់ពេល​នៅពេល​ដែលមាន​វត្តមាន​លោក​នៅក្នុង​កម្មវិធី ។

កម្មវិធី​ដែល​ត្រូវបាន​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំងជាងគេ​នោះ​គឺ​កម្មវិធី «​តន្ត្រី​អាស៊ីអាគ្នេយ៍​» ។
​ក្រោយពី​បដិសេធ​ព័ត៌មាន​ស្នេហ៍​ជាមួយ ឌី​ជេ ហេ​រ៉ូ ពូកែ​វោហារ​រួចមក កែវ សីហា បានបញ្ជាក់​បន្ថែម ថា នាង​មិនទាន់​គិតគូរ​ពី​រឿង​ស្នេហា​នោះទេ បើទោះបី​ជាមាន​បុរសៗ​តាម​សុំ​ស្នេហ៍​នាង​ច្រើនយ៉ាង​ណាក៏ដោយ ព្រោះ​ពេលនេះ​នាង​កំពុងតែ​មានការ​មមាញឹក​ជាមួយ​ការងារ​ខ្លាំង ។ មួយវិញទៀត​នាង​ក៏​ចង់​រកប្រាក់​ឱ្យបាន​ច្រើន​សិន​ទាន់​នៅមាន​ឱកាស​ណាមួយ​អាយុ​របស់​នាង​ក៏​នៅ​តិច គឺ​នៅមាន​ពេលវេលា​ច្រើន សម្រាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បន្តទៀត ។​

កែវ សីហា តារា​សម្តី​ផ្អែម​ម្នាក់នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​នឹង​ហក់​ចូលក្នុង​វិស័យ​ភាពយន្ត​ភ្លាម​ប្រសិនបើ​នាង​ស្បើយ​ពី​ការងារ​ជា​ពិធី​ការិនី​ហើយ​នោះ ព្រោះ​ក្រៅពី​ការដើរ​ម៉ូដ និង ជា​ពិធី​ការិនី​នាង​ក៏មាន​ចំណង់​ចំណូលចិត្ត​ទៅលើ​ការសម្តែង​ផងដែរ ៕ សយ ស៊ីណា​


Related