អំពើ​ឃោរឃៅ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ចំបក់ លើ​អ្នកសារព័ត៌មាន និង​របួសធ្ងន់​ពលរ​ដ្ឋ : មេ​រង​ប៉ូលិស​ជាតិ ឲ្យ​មេ​ប៉ូលិស​ខេត្ត ស៊ើបអង្កេត​

បន្ទាយមានជ័យ: ករណី​មាន​អំពើហិង្សា​ឃោរឃៅ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ចំបក់​លើ​អ្នកសារព័ត៌មាន​មកពី ៤ អង្គភាព សារព័ត៌មាន ទូ​ទស្សន៍ និង​បង្ក​របួសធ្ងន់​ពលរដ្ឋ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ជា​មេបញ្ជាការ​នគរបាល​ទិស​ភូមិភាគ​៤ និង​៥ បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុងនាម​ជា​មេ​នគរបាល​មូលដ្ឋាន​ថ្នាក់​ខេត្ត ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រក​ការពិត និង​អនុវត្ត​តាមច្បាប់​។​
 
​សូម​រំលឹកថា អំពើហិង្សា​ឃោរឃៅ​លើ​អ្នកសារព័ត៌មាន តែមាន​ពលរដ្ឋ​រងរ​បួស​ធ្ងន់​ម្នាក់​នោះ កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ចំបក់ ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
 
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​ថា លោក​មានការ​សោកស្តាយ​ចំពោះ​ឧប្បត្តិហេតុ​នោះ ហើយ​សុំ​ឲ្យ​រក​ការពិត​ឲ្យ​ឃើញ និង​ត្រូវ​អនុវត្តន៍​តាមច្បាប់​។​
 
​លោក មានការ​សោកស្តាយ​ចំពោះ​ការប៉ះទង្គិច​គ្នា ការមិន​សម្របសម្រួល​គ្នា​នោះ​។​
 
​អគ្គ​ស្នងការរង​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បញ្ជាក់ថា "​លោកស្នងការ និង​កម្លាំង ត្រូវ​ធ្វើការ​រឿងនេះ​ឲ្យ​បាន​ឆាប់ និង​ម៉ត​ចត់​បំផុត ដើម្បី​ឲ្យ​គ្រប់ភាគី​ទទួលយកបាន​"​។​
    
​សូមបញ្ជាក់ថា អ្នកយក​ព័​ត៌​មា​ន‌​ប្រចាំខេត្ត​បន្ទាយមានជ័យ ៤ រូប គឺ​១-​លោក​ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហ្ស​ង​មាស​។ ២-​លោក​កែវ វុទ្ធី ភ្នាក់ងារ​ទូរទស្សន៍​ក​ង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​។ ៣-​លោក​ប៊ុន សំណាង ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​CTN និង​លោក​នី​ម វណ្ណា ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បានធ្វើ​ដំណើរ​តាម​រថយន្ត​លោក​កែវ វុទ្ធី ទៅយក​ព័ត៌មាន​នៅ​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​គ្រប់គ្រង​របស់​ប៉ុស្តិ៍នគរបាល​ព្រំដែន​ចំបក់ ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ កាលពី​វេលា​ខាងលើ ដោយសារតែ​រយៈពេល​កន្លងមក ធ្លាប់​លិចឮ​មាន​ព័ត៌មាន​ថា ទីនោះ​មាន​ចេញ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ទំនិញរត់ពន្ធ ទំនិញ​ខុសច្បាប់​ចេញចូល​តាំង​ពីមុនមក​និង​ពេលនេះ​។ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ទៅ​លើក​នេះ អ្នក​សា​រេ​ព័ត៌មាន​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ប្រុស ហៅ​ម៉ាប់​
​ដែល​ត្រូវ​ចោទថា​ជា មនុស្ស​របស់លោក​អនុ​សេនីយ៍​សេន​សៃ មេ​ប៉ុស្តិ៍​ព្រំដែន​ចំបក់​នៃ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៨១៥ ធ្វើ​សកម្មភាព​ទាំង​កម្រោល ហិង្សា​ឃោរឃៅ គឺ​យក​កាំបិត​ខ្វែវ​ដេញ​កាប់​សំដៅលើ​លោក​ផូ ប៊ុនថន មុនគេ​។​
 
​បុរស​អត់​ពាក់អាវ តែ​ស្លៀកខោ​ដូច​ខោ​ទាហាន និង​កាយវិការ​ដូច​ស្រវឹង​នោះ បាន​ចាប់យក​ម៉ាស៊ីន​ថត​វីដេអូ​របស់លោក​ផូ ប៊ុនថន ទៅ​បោក​ចោល​ខ្ទេច ហើយ​គំរាម​សម្លាប់​អ្នកសារព័ត៌មាន ប្រសិនបើ​នៅតែ​ហ៊ាន​ទៅយក​ព័ត៌មាន និង​និយាយ​អាក្រក់​ពី​ច្រក​ចំបក់ ឃុំ​បឹងបេង​ទៀត ហើយ​គេ​ក៏​យក​អំបែង​ដប​ឆូត​ឲ្យ​ខូច​សុស​លើ​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​(​បា​ឡែ​ន​)​បស់​លោក​កែវ វុទ្ធី ផងដែរ​។​
 
​រឿងអាស្រូវ គឺ​នៅ​ទីនោះ​ធ្លាប់មាន​ចេញ​-​ចូល​ទំនិញគេចពន្ធ ខុសច្បាប់ និង​ច្រក​នាំ​ពលករ​ខ្មែរ​ខុសច្បាប់​ចេញទៅ​ប្រទេស​ថៃ​។​
 
​លោក​ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហ​ង្ស​មាស បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ​ប្រុស​ហៅ​ម៉ាប់​នោះ មាន​ធ្វើ​សកម្មភាព​សាហាវយង់ឃ្នង ព្រៃផ្សៃ លើ​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​វិជ្ជាជីវៈ​ខ្លួន​។​

​អ្នកសារព័ត៌មាន​សំណូមពរ ជូន​លោក​អគ្គស្នងការ​នរគ​បាល​ជាតិ លោក​អគ្គ​ស្នងការរង​ទិស​ភូមិភាគ​៤ និង​៥ (​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ​) ក្រសួងមហាផ្ទៃ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នរគ​បាល​ខេត្តបន្ទាយមានជ័យ មេត្តាជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពួកខ្លួន​។​
 
​ក្រោយមក បុរស​ដែល​ដូច​ស្រ​វឺ​ង​ស្រា និង​បែក​ថ្នាំញៀន​នោះ បាន​ជិះ​កង់​ហើយ​ដួល​យ៉ាងខ្លាំង​ទៅបុក​នឹង​វត្ថុ​រឹង​ស្រួច បណ្តាល​ឲ្យ​របួស​យ៉ាងតិច ៣ កន្លែង គឺ​ត្រង់​ទ្រូង មុខ ខ្នង និង​ក្បាល​។ មាន​របួស​ដូច្នេះ បុរស​ដែល​ចោទថា ជា​មនុស្ស​ជំនិត​នឹង​លោក​សេន សៃ មេ​ប៉ុស្តិ៍នគរបាល​ព្រំដែន​ចំបក់ បាន​ចោទ​លោក​ផូ ប៊ុនថន និង​លោក​កែវ វុទ្ធី ជា​អ្នកសារព័ត៌មាន​ថា បាន​វាយ​ខ្លួន​ឲ្យ​របួស​ធ្ងន់ធ្ងរ​។​
 
​បន្ទាប់មក លោក​សេន  សៃ មេ​ប៉ុស្តិ៍​បាន​ចោទប្រកាន់ថា អ្នកសារព័ត៌មាន​បាន​វាយ​បង្ក​របួសស្នាម លើ​ពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ក្រោយ​ប៉ុស្តិ៍​របស់ខ្លួន ពុំមែន​មនុស្ស​របស់ខ្លួន ឬ​សមត្ថកិច្ច​អ្នកបង្ក​ទេ​។​
 
​តែ​លោក​សេន សៃ បដិសេធថា បុរស​ឈ្មោះ​ប្រុស នោះ មិនមែនជា​កម្លាំង​ប៉ូលិស ឬ​កងទ័ព ហើយក៏​មិនមែនជា​មនុស្ស​របស់ខ្លួន​ដែរ​។​
 
​លោក​សេន សៃ និយាយថា នៅ​ប៉ុស្តិ៍​របស់ខ្លួន​ពុំមាន​បទល្មើស​ទៀត​ទេ ហើយ​លោក​ក៏​អត់​បាន​ឲ្យ​បុរស​ម្នាក់​នោះ​បង្ក​ហិង្សារ ឃោរឃៅ​លើ​អ្នកសារព័ត៌មាន​ដែរ​។​
 
​អ្នកសារព័ត៌មាន​ចាត់ទុក​អំពើ​រប​ស់បុរ​ស​ជា​មនុស្ស​របស់លោក​សេន សៃ​នោះ​ថា ត្រូវ​លោក​សេន  សៃ រៀបចំ​ទុកជាមុន ដើម្បី​វាយប្រហារ​លើ​អ្នកកាសែត ព្រោះ​ជាច្រើនលើក​សារ​មកហើយ ខ្លួន (​លោក​សេន សៃ​) បាន​ខឹង គុំ​គួ​ន​នឹង​អ្នកសារព័ត៌មាន​ជាច្រើន​ក្រុម បាន​យក​ព័ត៌មាន​រឿងអាស្រូវ នៅ​ប៉ុស្តិ៍​ព្រំដែន​ចំបក់ ដែល​លួច​ចេញ​ពលករ​ឆ្លងដែន​ខុសច្បាប់ ការនាំ​ទំនិញ​ខុសច្បាប់ រត់ពន្ធ​ពី​ថៃ​ចូល​កម្ពុជា​។​
 
​លោក​ស៊ុំ ច័ន្ទ​គារ អ្នក​ស​ម្រ​ម​សម្រួល​អង្គការសិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ និយាយថា ជនបង្ក​បំផ្លាញ​ម៉ាស៊ីន​ថត​វីដេអូ​ទូរទស្សន៍​ហង្ស​មាស ហើយ​គំរាម​សម្លាប់​អ្នកកាសែត​នោះ បាន​ប្រើ​ល្បិចកល​ដោយ​បង្ក​របួសស្នាម​ខ្លួនឯង ហើយ​ចង់​ទម្លាក់កំហុស​លើ​អ្នក​ភ្នាក់ងារ​ទូរទស្សន៍ ដែល​ហ៊ាន​ទៅយក​ព័ត៌មាន​រឿងអាស្រូវ​នៅ​ប៉ុស្តិ៍ប៉ូលីស​ព្រំដែន​ចំបក់​នោះ​ទៀត​។​
 
​សូម​រំលឹកថា កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៥ កន្លងមក លោកស្នងការ​បាន​ឆ្លើយតប​ការរិះគន់​របស់​សារព័ត៌មាន ហើយ​បាន​បញជូន​កម្លាំងចម្រុះ សម្ងាត់​ចុះបង្ក្រាប​បាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​មួយចំនួន នៅ​ច្រក​ចំបក់ និង​ច្រករបៀង​ក្បែរ​នោះ តែ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ប៉ុន្តែ​លោកស្នងការ​អាត់ ខែម នៅ​ពុំទាន់​សម្រេច​ធ្វើ​ពិន័យ ឬ​ចាត់ការ​យ៉ាងណា​ចំពោះ​លោក​សាន់ សៃ មេ​ប៉ុស្តិ៍​ព្រំដែន​ចំបក់​នោះ យ៉ាងណា​នៅឡើយ​។​
    
​កាលពីដើមឆ្នាំ​២០១៥ លោក​កែវ វុទ្ធី ភ្នាក់ងារ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៥ និង​អ្នកសារព័ត៌មាន​ម្នាក់ទៀត បាន​ចុះ​ទៅយក​ព័​ត័​មាននៅ​ច្រករបៀង ក្នុង​បន្ទាយ​ទន្សាយ​អើត ភូមិ​បន្ទាយ​ទី​២ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ពាក់ព័ន្ធ​រឿងអាស្រូវ​នាំ​ឈើ​គ្រញូង និង​ទំនិញរត់ពន្ធ​ឆ្លងដែន ហើយ​ត្រូវ​លោក​អ៊ុក ដា​រ៉ា​ន់  នាយ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ប្រចាំ​ព្រំដែន​ស្រុក​ម៉ាឡៃ ឃាត់​រថយន្ត​និង​ដកហូត​កាមេរ៉ា​ម្តង​ដែរ​។ រឿង​នោះបាន​ប្តឹងផ្តល់​ទៅ​តុលាការ​៕ 

អំពើ​ឃោរឃៅ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ចំបក់ លើ​អ្នកសារព័ត៌មាន និង​របួសធ្ងន់​ពលរ​ដ្ឋ : មេ​រង​ប៉ូលិស​ជាតិ ឲ្យ​មេ​ប៉ូលិស​ខេត្ត ស៊ើបអង្កេត​

​ប៉ុស្តិ៍​ព្រំដែន​ចំបក់​។ បុរស​ឈ្មោះ​ប្រុស ហៅ​ម៉ាប់ ដែលថា ដេញ​កាប់​លោក​ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហ​ង្ស​មាស និង​បោក​កាមេរ៉ា​ចោល​ខ្ទេច តែ​ក្រោយមក បែរជា​របួសធ្ងន់ និង​ចោទ​ទម្លាក់​លើ​អ្នកកាសែត (​រូប​:​សហការី​)

 

អំពើ​ឃោរឃៅ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ចំបក់ លើ​អ្នកសារព័ត៌មាន និង​របួសធ្ងន់​ពលរ​ដ្ឋ : មេ​រង​ប៉ូលិស​ជាតិ ឲ្យ​មេ​ប៉ូលិស​ខេត្ត ស៊ើបអង្កេត​

​រថយន្ត​កាមរី​(​បា​ឡែ​ន​)​លោក​កែវ វុទ្ធី ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវគេ​ឆូត​អំបែង​កែវ (​រូប​:​សហការី​)