ប្រពន្ធ​ដេញ​ចេញពីផ្ទះ​ច្រើនលើក តើ​ខ្ញុំ​គួរ​ប្តឹង​លែងលះ ឬទេ ?

Sanofi

​ញាតិមិត្ត​បាន​ផ្តល់យោបល់​ថា វិធី​ល្អ​បំផុត​សម្រាប់​ខ្ញុំ​គឺ​លែងលះ បន្ទាប់ពី​ប្រពន្ធ​បាន​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ពីរលើក ក៏ប៉ុន្តែ​ក្រោយពី​លែងលះ អ្នក​ដែល​រង​ការប៉ះទង្គិច​អាក្រក់​ជាងគេ គឺ​កូនៗ​របស់ខ្ញុំ ។​ឆ្នាំនេះ​ខ្ញុំបាទ​មាន​អាយុ ៣២ ឆ្នាំ ចំណែក​ប្រពន្ធ​មាន​អាយុ​តិចជាង​ខ្ញុំ ៥ ឆ្នាំ ។ ខ្ញុំ​កើតមក​ជា​កូន​អ្នក​ស្រុកស្រែ​នៅ​ខេត្តកំពង់ស្ពឺ រីឯ​ប្រពន្ធ​ខ្ញុំ​ជា​កូន​អ្នក ផ្សារ​នៅ​ភ្នំពេញ ។ ទំនាក់ទំនង​ស្នេហា​របស់ខ្ញុំ និង នាង​កាលពី ៦ ឆ្នាំមុន គឺ អាច​ចាត់ទុកថា​’​អង្ករ​ក្លាយជា​បាយ​” ដូច្នេះ​ឪពុកម្តាយ​របស់​នាង​ក៏​សម្រេច​ទិញ ផ្ទះមួយ​ខ្នង​ឱ្យ​ពួកយើង​មុនពេល​រៀបការ ។ ក្រោយពី​រៀបការ​មាសប្រាក់​ដែល ខ្ញុំ​រកបាន រួមទាំង​ប្រាក់ខែ​ជាង ៥០០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ក៏​ខ្ញុំ​មិនដែល ដក​មួយ​រៀល​លុយ​ខ្មែរ​ដែរ ។ ពេល​មាន​ផ្ទៃពោះ​ជាង ៣ ខែ ប្រពន្ធ​ខ្ញុំ​សុំ​ឈប់ ធ្វើការ ។ ពេល​ប្រពន្ធ​ឆ្លងទន្លេ ម្តាយ​ខ្ញុំ​ក៏​ឡើង​ពី​ខេត្ត​មកជួយ​មើលថែ តែ​មិន បាន ៣ ខែ​ផង ម្តាយក្មេក និង កូនប្រសា​ស្រី​មាន​បញ្ហា​នឹង​គ្នា ម្តាយ​ខ្ញុំ​បង្ខំចិត្ត វេច​បង្វេច​ទៅ​ស្រុក​ទាំង​ទឹកភ្នែក ។ ពេលនោះ​ខ្ញុំ​គិតថា ប្រហែល​អ្នក​ទាំងពីរ មិនទាន់​យល់ចិត្ត​គ្នា ម្យ៉ាង​ម្តាយ​ខ្ញុំ​ក៏​ប្រាប់ថា​គ្មាន​រឿង​អ្វី​ធំដុំ​នោះដែរ ដូច្នេះ​ខ្ញុំ​ក៏ មិនបាន​សួរដេញដោល​ឡើយ។

​កូនស្រី​ច្បង​របស់ខ្ញុំ​មាន​អាយុ​ជាង​កន្លះ​ឆ្នាំ ស្រាប់តែ​ថ្ងៃមួយ​ប្រពន្ធ​ខ្ញុំ ចំអក​’​ស្មានថា​ប៉ា​កូន​ឯង​អស្ចារ្យ​ណាស់ ដឹងអី​សូម្បីតែ​គ្រួសារ​តូច​មួយ​ក៏​ចិញ្ចឹម​មិន ចង់​រស់ !” ។ ឮ​សម្តី​នេះ​ខ្ញុំ​ខឹង​ខ្លាំងណាស់ ទើប​លើក​រឿង​ប្រាក់ខែ និង អ្វីៗ​ដែល ខ្ញុំ​បាន​រក ។ នាង​បែរជា​ច្រឡោតខឹង ហើយ​ថា ‘​បើ​ប៉ា​ម៉ាក់​ខ្ញុំ​មិន​ទិញ​ផ្ទះ​នេះ​ទេ ប្រហែល​ពេលនេះ​លោក​ឯង​ក៏​គ្មាន​កន្លែង​ជ្រក​ស្រួល​បែបនេះ​ដែរ​” ។ ឈ្លោះ គ្នា​មិនបាន ១៥ នាទី​ផង នាង​ក៏​ប្រមូល​ខោអាវ​ខ្ញុំ​បោះ​ទៅលើ​ឥដ្ឋ បណ្តេញ ខ្ញុំ​ចេញពីផ្ទះ ។ ខឹង​ខ្លាំងពេក​ខ្ញុំ​ក៏​យក​ខោអាវ​ចេញពីផ្ទះ ។ បញ្ហា​នេះ​ក៏​លេចឮ ដល់​ឪពុកម្តាយ​នាង ពួកគាត់​ក៏​មកជួយ​ផ្សះផ្សា ។ ក្រោយពី​នាង​ចូលធ្វើការ​បាន ៦-៧ ខែ គ្រួសារ​យើង​មាន​បញ្ហា​ម្តងទៀត ពេលនោះ​នាង​បោះពាក្យ ‘​សមត្ថ​-​ភាព​បង​ឯង​រក​បានតែ​ប្រាក់ខែ​ប៉ុណ្ណឹង​ទេ​អី ពេលណា​ទើប​មានកូន​ឡាន​កញ្ចាស់ ជិះ​នឹង​គេ ?” ។ ជម្លោះ​ក៏​ចាប់ផ្តើម​ទាំង​មិនទាន់បាន​បាយល្ងាច ហើយ​នាង​ក៏ បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ​ទៀត ថែមទាំង​ពោល​ពាក្យ​’​កុំ​មកវិញ​ឱ្យសោះ !” ។
​ពេលនោះ​ខ្ញុំ​ចាប់ផ្តើម​គិតដល់​រឿង​លែងលះ ចំណែក​ញាតិមិត្ត​របស់​ខ្ញុំ ក៏មាន​យោបល់​ដូច​គំនិត​ខ្ញុំ ។ រយៈពេល​ថ្មីៗ​នេះ ឪពុកម្តាយ​នាង​ហៅ​ឱ្យ​ខ្ញុំ ត្រឡប់​ទៅវិញ ខ្ញុំ​បាន​ប្រាប់​ពួកគាត់​អំពី​ការ​លែងលះ តែ​ពួកគាត់​មិន​យល់ស្រប ដោយ​ប្រាប់ថា​ពួកគាត់​នឹង​ជួយ​ផ្សះផ្សា ។ ពេលនេះ​ខ្ញុំ​នៅតែ​រារែក មិនដឹង ថា​គួរ​វិល​ទៅ​ជួបជុំ​គ្រួសារ ឬ លែងលះ ព្រោះ​ម្យ៉ាង​អាណិតកូន ម្យ៉ាង​គិតថា ប្រពន្ធ​នៅតែ​មិន​កែ​ចរិត ។ សូម​មេត្តាជួយ​ផ្តល់យោបល់​ដល់​ខ្ញុំ​ផង ។​

​ស្តាប់​ការរៀបរាប់​របស់លោក​ហាក់ដូចជា​បញ្ហា​ទាំងអស់​កើតឡើង ដោយសារតែ​ប្រពន្ធ​របស់លោក ។ ប្តី​ប្រពន្ធ​ដែល​មិនចេះ​យល់ចិត្ត​គ្នា មិន អត់ឱន​ឱ្យ​គ្នា មិនចេះ​សម្របសម្រួល​គ្នា គឺ​ប្រាកដជា​ពិបាក​នឹង​រស់នៅ​ជាមួយ គ្នា​ដោយ​សុខសាន្ត បើ​ទោះ​អ្នក​ទាំងពីរ​មានកូន​ជា​ចំណង​ក៏ដោយ ។​
​និយាយ​ពី​ប្រពន្ធ​របស់លោក​’​ប្រជាប្រិយ​”​គិតថា តាំងពីដើម​មក​នាង ប្រហែល​មិនបាន​ស្រឡាញ់​លោក​ស្មោះ​នោះទេ តែ​នាង​សម្លឹង​លើ​សមត្ថភាព និង ប្រាក់ខែ​របស់លោក ដោយ​សង្ឃឹមថា​លោក​អាច​រកប្រាក់​បាន​ច្រើន ។ ម្យ៉ាងទៀត​នាង​គឺជា​ស្ត្រី​អាត្មានិយម ជា​ស្ត្រី​មើលងាយ​ប្តី ។ ស្ត្រី​ដែល​ហ៊ាន ដេញ​ប្តី​ចេញពីផ្ទះ​ម្តង​ជា​ពីរដង គឺ​ចាត់ទុកជា​ប្រពន្ធ​ចិត្តអាក្រក់ ព្រោះ​បើ ទោះជា​អ្នក​ទាំងពីរ​មិនអាច​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បាន នាង​គួរតែ​ទៅ សុំ​អន្តរាគមន៍​ពី​ឪពុកម្តាយ​ទាំងសងខាង ដែល​ពួកគាត់​មាន​បទពិសោធ​ច្រើន ក្នុង​ជីវិត ហើយ​អាច​នឹងមាន​ដំណោះស្រាយ​ល្អ​ជួយ​ដល់​អ្នក​ទាំងពីរ ។​

​ទាក់ទិន​នឹង​បញ្ហា​រកប្រាក់​បច្ចុប្បន្ន​នៅ​ភ្នំពេញ ប្រាក់ខែ​ជាង ៥០០ ដុល្លារ ថ្វីបើ​មិន​ច្រើន ប៉ុន្តែ​ក៏​អាចជួយ​ឱ្យ​គ្រួសារ​តូច​មួយ​សន្សំ​ប្រាក់​តាម​វិធី​’​តក់ៗ ពេញ​បំពង់​” ។ ម្យ៉ាងទៀត​ប្រសិនបើ​អ្នក​ទាំងពីរ​ធ្វើការ​ទាំងអស់គ្នា​ប្រាក់ សន្សំ​ក៏​នឹង​កើនឡើង​ដែរ ។ គ្រួសារ​តូច​របស់​អ្នក​ទាំងពីរ​ប្រាកដជា​មិនត្រូវ ចំណាយ​ច្រើន​ប៉ុន្មាន​ទេ ករណី​កូនបៅ​ទឹកដោះគោ គេ​នឹង​ចាយ​អស់ ប្រហែល ១១០ ដុល្លារ​ក្នុង​មួយខែ ( ខោ​ទឹកនោម ១៥ ដុល្លារ + សុខភាព ១០ ដុល្លារ + ទឹកដោះគោ ៧០ ដុល្លារ + ចំណី និង របស់​លេង ១៥ ដុល្លារ ) ។ ចំណែក​ចំណាយ​ផ្សេងទៀត​ប្រចាំខែ គឺ​ថ្លៃ​ទឹក​-​ភ្លើង​ប្រហែល ៣០ ដុល្លារ ថ្លៃ​អាហារ​របស់​អ្នក​ទាំងពីរ​ប្រហែល ២០០ ដុល្លារ ថ្លៃ​សាំង​ប្រហែល ៤០ ដុល្លារ ថ្លៃ​សុខភាព​ប្រហែល ១០ ដុល្លារ និង ចំណាយ​ផ្សេងៗ​ប្រហែល ១០ ដុល្លារ សរុប​ប្រហែល ២៩០ ដុល្លារ ក្នុង​មួយខែ ។ ដូច្នេះ​ប្រាក់​ចំណាយ ទាំងអស់​ប្រហែល ៤០០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ។ ក្រោយពី​ទូទាត់​ប្រាក់ ខែ​ជាង ៥០០ ដុល្លារ របស់លោក​នៅសល់​ជាង ១០០ ដុល្លារ ហើយ​បើ​បូក ទាំង​ប្រាក់ខែ​ប្រពន្ធ​លោក ( តិច​បំផុត​ក៏ ១៥០ ដុល្លារ ) ទៀត​នោះ គ្រួសារ​លោក នឹង​អាច​សន្សំ​បាន​ប្រហែល ៣.០០០ ដុល្លារ ក្នុង​មួយឆ្នាំ ។ ខ្ទង់​ប្រាក់​នេះ​អាច ឱ្យ​គ្រួសារ​លោក​ទិញ​សម្ភារ​ប្រើប្រាស់ រួមទាំង​កូន​រថយន្ត​មួយគ្រឿង​ផងដែរ បើ​សន្សំ​ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ ។ តាម​ការវិភាគ រឿង​ប្រាក់កាស​ដូចជា​មិន មាន​បញ្ហា​ធំដុំ​នោះទេ ឬមួយ​ប្រពន្ធ​លោក​មាន​បញ្ហា​ផ្សេង ?

និយាយ​អំពី​លោក​វិញ​’​ប្រជាប្រិយ​”​ជឿថា លោក​ជា​បុរស​ស្រឡាញ់ គ្រួសារ តែ​ជា​បុរស​ទន់ខ្សោយ​ក្នុងការ​គ្រប់គ្រង​គ្រួសារ បណ្តាលឱ្យ​ប្រពន្ធ បានដៃ​ធ្វើ​អ្វី​តាមចិត្ត ។ យោបល់​របស់​’​ប្រជាប្រិយ​” ពេលនេះ​លោក​គួរតែ ដាក់ពាក្យ​ប្តឹង​លែងលះ​ទៅ​សាលាឃុំ​-​សង្កាត់ ដើម្បី​ជាការ​ព្រមាន​ភរិយា ព្រោះថា​ការអន្តរាគមន៍​ពី​ឪពុកម្តាយ​មិនអាច​ធ្វើឱ្យ​នាង​ប្រែគំនិត​ទេ ។ ក្រុម មន្ត្រី​នៅ​ឃុំ​-​សង្កាត់​នឹង​ប្រើពេល​យូរ និង គ្រប់​មធ្យោបាយ​ក្នុងការ​ផ្សះផ្សា មុន នឹង​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ ។ ទោះបី​ឡើងដល់​តុលាការ អ្នក​ទាំងពីរ ក៏​នៅតែ​ទទួល​ការផ្សះផ្សា​ច្រើនលើក​មុននឹង​ឈានដល់​ការសម្រេច​ឱ្យ​លែង លះ ដូច្នេះ​នេះ​ជា​វិធី​ល្អ​មួយ​អាច​នឹង​កែប្រែ​ចរិត​ប្រពន្ធ​លោក ។ លើសពី នេះ​លោក​ក៏​គួរស្វែងយល់​បន្ថែម​ដើម្បី​ឱ្យដឹងថា ក្រៅពី​បញ្ហា​ប្រាក់កាស តើ ភរិយា​របស់លោក​នៅមាន​បញ្ហា​ផ្សេង​ដែរ​ឬ​អត់ ?
​សូម​ជូនពរ​លោក និង គ្រួសារ មាន​សុភមង្គល !


Related