អេហ្ស៊ីប៖ យន្តហោះ​រុស្ស៊ី​ធ្លាក់​ជាមួយ​មនុស្ស​ ២២៤​នាក់​នៅ​លើ​នោះ

អេហ្ស៊ីប៖ យន្តហោះ​រុស្ស៊ី​ធ្លាក់​ជាមួយ​មនុស្ស​ ២២៤​នាក់​នៅ​លើ​នោះ

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​នៅ​តុ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហោះហើរ​ Kogalymavia នៅ​ព្រលាន​យន្តហោះ​ Pulkovo ក្នុង​ក្រុង​ St.Petersburg នា​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥។

លោក Sharif Ismail នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជាក់​ពីការ​ធ្លាក់​យន្ត ហោះ​ដឹក​អ្នក​ដំណើរមួយគ្រឿង​របស់​រុស្ស៊ី​ ដែល​ដឹក​មនុស្ស២២៤​នាក់​នៅ​លើ​នោះ ពេល​ហោះមិន​បាន​ដល់កន្លះ​ម៉ោង​ផង​ បន្ទាប់​ពី​យន្តហោះ​នោះ​បាន​ចាក​ចេញ​ពី​ទី​ក្រុង​លំហែ​កាយ Sharm El-Sheikh នៃ​ប្រទេស​អេហ្ស៊ីប។

ក្រុម​មន្រ្តី​អេហ្ស៊ីប​និយាយ​ថា យន្តហោះ​ម៉ាក្ស Airbus A-321ជើង​ហោះ​ហើរ​លេខ Kogalymavia 9268 ជា​ប្រភេទ​យន្តហោះ​ដឹក​អ្នក​ដំណើរ ​ដែល​បាន​ដឹក​អ្នក​ដំណើរ​២១៧​នាក់​ រួមមាន​កូន​ក្មេង​១៧​នាក់ ​ជាមួយអ្នក​បើកបរ០៧​នាក់។ ទី​កន្លែង​ធ្លាក់​

យន្តហោះ​នោះ​បាន​ត្រូវ​គេ​រក​ឃើញ​ ហើយ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ។​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ថា​តើ​មាន​មនុស្ស​នៅ​រស់​រាន​មាន​ជីវិត​ដែរ​ឬ​ទេ។

ការិយាល័យ​របស់​នាយករដ្ឋ​មន្រ្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​មាន​គម្រោង​បើក​កិច្ច​ប្រជុំ​គ្រា​អាសន្នមួយ​ ជាមួយ​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ និងមន្រ្តី​សន្តិសុខ ​ខណៈ​ដែល​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​លើ​ទំព័រ Facebook ថា ​ខ្លួន​កំពុង​ឃ្លាំ​មើល​ស្ថានភាព​។

យន្តហោះ​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី ដោយ​បានហោះ​ចេញ​នៅ​ម៉ោង៥និង៥១នាទី​ព្រឹក​ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ដាច់​ការ​ទាក់​ទង​ជាមួយ​ទី​កន្លែង​ត្រួតត្រា​ចរាចរណ៍​ដែន​អាកាស​មិន​ដល់កន្លះ​ម៉ោង​ក្រោយ​មក។​ សេចក្តី​រាយការណ៍​ដែល​មាន​ការ​បញ្ជាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​បើកបរ​បានផ្តល់​សញ្ញា​ពី​បញ្ហា​របស់​យន្តហោះ​នោះ។

មូលហេតុ​នៃ​ការ​ធ្លាក់​នោះ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ ​ក៏​ប៉ុន្តែ​ពួក​អាជ្ញាធរ​បាន​និយាយ​ថា យន្តហោះ​នោះ​មិន​ត្រូវ​បាន​គេ​បាញ់​ទម្លាក់​ទេ។

កាសែត Al-Ahram ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋ​អេហ្ស៊ីប​បាន​រាយការណ៍​ថា ​រថយន្ត​សង្គ្រោះ​បន្ទាន់​យ៉ាង​ហោច​ណាស់​១៥​គ្រឿង​ដែរ ​កំពុងបើក​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Al-Hassana នៃ​ឧបទ្វីប​ស៊ី​ណៃ (Sinai) ​ហើយ​គេ បាន​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​នៅ​ទី​នោះ៕