សម្ភាស ព្រាប កុល៖ បាតុកម្ម​ថ្ងៃ​២៦តុលា ជា​ឈុត​ឆាក​នយោបាយ

បាតុកម្មកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដែលមានបាតុករភាគច្រើន មាននិន្នាការគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​នោះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា ចាត់ទុកថា ជាបាតុកម្មមួយ ដែលរៀបចំឡើង តាមបែប «ឈុត​ឆាក​នយោបាយ ឆ្លើយ​ឆ្លង​គ្នា ទៅនឹង​បាតុកម្ម​នៅ​ក្រៅ​ប្រទេស»។
សម្ភាស ព្រាប កុល៖ បាតុកម្ម​ថ្ងៃ​២៦តុលា ជា​ឈុត​ឆាក​នយោបាយ
បាតុកម្មរបស់ក្រុមយុវជន ដែលដឹកនាំដោយ «សម្ព័ន្ធសេនានាគ» នៅមុខរដ្ឋសភា។ (រូបថត monoROOM.info/ S. Tith)

បើគ្រាន់តែជាបាតុកម្ម ដែលធ្វើឡើង ដើម្បីតបទៅនឹងបាតុកម្ម ក្រោមការបញ្ជារបស់មេដឹកនាំនោះ តើអ្វីទៅ​ជា​និយមន័យពិតប្រាកដ នៃឆន្ទៈពលរដ្ឋ និងបាតុកម្ម តាមបែបលិទ្ធិប្រជាធិបតេយ្យនោះ?

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានហៅ​បាតុកម្ម​នេះថា ជាបញ្ហា«នយោបាយ»។ ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  លោក ព្រាប កុល បានពន្យល់ថា បាតុកម្មនេះកើតមានឡើង បន្ទាប់ពីមានបាតុកម្មប្រឆាំង នឹងលោកនាយករដ្ឋមន្រ្តី ក្នុង​ដំណើរបំពេញការងារ នៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង។

សំនួរសួរថា ហេតុអ្វីបានជាមានបាតុកម្មនៅភ្នំពេញ ទម្លាក់លោកកឹម សុខា? ជាចម្លើយមកវិញ ប្រធាន​អង្គការ​តម្លាភាព បានយល់ឃើញថា បញ្ហាទាំងនេះ បណ្តាលមកពីការ«ថ្នាំងថ្នាក់»ចិត្ត រវាងអ្នកនយោបាយ និងភាព​មិន​ចុះសម្រុងគ្នា( ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សទាំងពីរ)។ លោកបានចាត់ទុកថា បាតុកម្មនេះត្រូវបាន​រៀបចំ​ឡើង ឬកើតឡើង ក្រោមឥទ្ធិពលមួយថ្មីទៀត ដើម្បីជាការឆ្លើយតប ទៅនឹងបាតុកម្មនៅទីក្រុងញូយ៉ក និងរដ្ឋធានីប៉ារីស ដែលប្រឆាំងលោក ហ៊ុន សែន នៅពេលលោក ទៅធ្វើទស្សនកិច្ចនៅទីនោះ។

លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀថា៖ «ការរៀបចំនេះ វាឆ្លងឥទ្ធិពលពីហ្នឹងមក។ ខ្ញុំគិតថា ជាឈុតឆាក​នយោបាយ ជាទម្រង់នយោបាយ ដែលអ្នកនយោបាយគាត់រៀបចំ នៅក្នុងហ្នឹង។»

ចំពោះបញ្ហាដែលបានចោទសួរថា តើបាតុកម្មនេះ ពិតជាមានឥទ្ធិពល ក្នុងការទម្លាក់លោក កឹម សុខា ឬទេ? មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានថ្លែងថា ទាំងនេះក៏ស្ថិតនៅក្នុងរប និងស្ថានការនយោបាយ ក្នុង​ថ្ងៃ​ខាងមុខថា តើមានការសម្របសម្រួលគ្នា ឬមានដំណោះស្រាយនយោបាយ យ៉ាងដូចម្ដេច។ លោកបាន​រៀប​រាប់ថា ការទម្លាក់ ឬគាំទ្រ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា ព្រោះលោក កឹម សុខា ក៏ត្រូវបាន​បោះ​ឆ្នោត​គាំទ្រ ដោយគណបក្សប្រជាជនកម្ពុជាដែរ។

លោក ព្រាប កុល បានឲ្យដឹងបន្ថែមថា៖ «ការទម្កាក់ឯកឧត្តម កឹម សុខា ឬអត់ ជាការសម្រេចរបស់​គណបក្ស​ប្រជាជន ព្រោះគណបក្សប្រជាជន ជាអ្នកបោះឆ្នោតគាំទ្រ ឯកឧត្ត កឹម សុខា ជាអនុប្រធានទីមួយរដ្ឋសភា។ ហើយសម្លេង នៃការបោះឆ្នោតគាំទ្រហ្នឹង ទាល់តែគណបក្សប្រជាជន បានអាចធ្វើបាន (អញ្ចឹង៌ ដកវិញ ទាល់​តែគណបក្សប្រជាជនដែរ ទើបអាចធ្វើបាន។»

លោកបានសម្ដែង នូវការគាំទ្រការធ្វើបាតុកម្ម ឬសម្តែងមតិដោយអហិង្សា ដោយវាជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចមានចែង ក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ តែសម្រាប់បាតុកម្ម កាលពីថ្ងៃទី២៦ ខែតុលានេះវិញ លោកព្រាប កុល បាន​បង្ហាញការមើលឃើញ របស់លោកថា ពិតជាឈុតឆាកមួយ ដែលត្រូវបានរៀបចំឡើង ប្រឆាំងនឹង​បាតុកម្ម​នៅ​ក្រៅប្រទេសនោះឯង។

សំនួសួរថា តើការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យមានការចាប់ខ្លួន ជនដៃដល់ វាយ​តំណាង​រាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ មកផ្តន្ទាទោសតាមច្បាប់នោះ មានប្រសិទ្ធិភាពដល់់កម្រិតណា? ករណីនេះ ត្រូវបានលោកពន្យល់ថា ឲ្យរង់ចាំមើលពេលវេលា ទៅមុខបន្តិចទៀត ទើបអាច​ធ្វើការ​សន្និដ្ឋាន​បាន។

យ៉ាងណា ចំពោះសេចក្តីថ្លែងការណ៍ និងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានលោក ព្រាប កុល ចាត់ទុកថាជាការត្រឹមត្រូវ។ តែលោកបានធ្វើការសង្កត់ធ្ងន់ថា បើសិនជារដ្ឋាភិបាលកម្ពុជា មិន​អាច​ស្វែងរកជនល្មើសពិតប្រាកដ មកធ្វើការផ្តន្ទាទោសបានទេ វានឹងអាចបន្ថែម នូវ«នីទណ្ឌភាពថ្មី»មួយទៀត ដែល«ធ្ងន់ធ្ងរ»ជាងមុន គឺភាពអនាធិបតេយ្យ នៃការវាយតប់ ទៅលើអ្នកតំណាងរាស្រ្ត ដែលត្រូវការពារដោយ​មានអភ័យឯកសិទ្ធិសភា ខណៈពេលកំពុងចេញ ពីបំពេញការរងារ នៅរដ្ឋសភានោះ។

នាយកអង្គការតម្លាភាពកម្ពុជា បានពន្យល់បន្តថា៖ «បើសិនជាតំណាងរាស្រ្ត ត្រូវបានគេចាប់វាយតាម​អំពើ​ចិត្ត អូសពីលើឡាន មកវាយទាត់ធាក់ នៅលើផ្លូវយ៉ាងដូច្នេះ តើវាទៅជាប្រទេសស្អីហើយ? យើងគិតថា បញ្ហា​សន្តិសុខ បញ្ហាស្ថេរភាព វានៅមានចំណុច គួរឲ្យព្រួយបារម្ភច្រើន ដោយសារតែយើង អាចនឹងកើតមាន​ករណី​អញ្ចឹង បើទោះបីជាឧប្បត្តិហេតុក្តី (ឬ)ជាការរៀបចំទុកក្តី យើងគិតថា បញ្ហាមិនគួរកើតមាន ហើយបើ​កើតមាន​ហើយ មិនមានអ្នកទទួលខុសត្រូវ មិនមានអ្នកទទួលទោសទៀត វាជានីទណ្ឌភាពថ្មីមួយទៀត សម្រាប់​ប្រទេស​កម្ពុជា ដែលកំពុងមាននីទណ្ឌភាពច្រើនករណីស្រាប់ផង។»៕