ចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន​៤៥​នាក់​នៅ​គ្រឹ​ស្ថាន ដំណឹង​ល្អ​អន្តរជាតិ​

ភ្នំពេញ: ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន​៤៥​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​កម្លាំង​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន យកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាមច្បាប់​។​

​ការចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ទាំង​៤៥​នាក់ បានធ្វើ​ឡើង​ក្នុង​ទីតាំង​ដែលមាន​ឈ្មោះ ថា ការងារ​គ្រឹ​ស្ថាន​ដំណឹង​ល្អ​អន្តរជាតិ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​ប៉ូលិស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​អយ្យ សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​ជនជាតិ​នី​ហ្សេ​រី​យ៉ា ទាំង​៤៥​នាក់​នេះ បានធ្វើការ​ប្រមូលផ្តុំ​គ្នា​ជំនុំ​គ្នា​អំពី​សាសនា​។ ខណៈពេលដែល​កំពុងតែ​ប្រមូល​ផ្តុំគ្នា ត្រូវបាន​សមត្ថកិច្ច​ឡោម​ព័ន្ធ​ទីតាំង និង​ពិនិត្យ​ឯកសារ​របស់​ពួកគេ រួច​បញ្ជូនមក​សាកសួ​រ​បន្ថែម​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​
​នៅពេល​សមត្ថកិច្ច​ចុះទៅ​គឺ​ពួកគេ​បានធ្វើការ​ប្រកែក​ជាមួយ​សមត្ថកិច្ច​អំពី​ការចាប់​ឃាត់ខ្លួន​នេះ ដោយមាន​អ្នកខ្លះ​មិន​ចង់​ឡាន​លើ​រថយន្ត​របស់​សមត្ថ​កិច្ច​នោះទេ​។​

​សូមជម្រាបថា ជនអន្តោប្រវេសន៍​ខុសច្បាប់ ៣៧២៧ នាក់ (​ស្រី ៦៨៣​នាក់​) មាន ៤៦​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ៣២៨៧​នាក់ (​ស្រី ៦៥១​នាក់​) ត្រូវបាន​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៤ និង​ក្នុង​រយៈពេល​៩​ខែ ក្នុង​២០១៥​នេះ​។​

​យោ​តាម​របាយការណ៍​ដែល​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៤ ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា សរុប​មាន​ចំនួន​១៣០៧​នាក់ (​ស្រី ២៧៧​នាក់​) មាន​២៤​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​១០៥៩​នាក់ (​ស្រី ២៤៥​នាក់​) ។​

​ចំណែក​នៅ​ឆ្នាំ​២០១៥ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា ចំនួន​២៤២០ នាក់ (​ស្រី ៤០៦​នាក់​) មាន​៤៦​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ២២២៨​នាក់ (​ស្រី ៤០៦​នាក់​)​។​

​ស្ថិតិ​ជនបទ​បទេស​ដែល​បាន​ឃាត់ខ្លួន និង​បាន​បណ្តេញចេញ​ដោយ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់​ថ្ងៃ​ទ​៣០ ខែកញ្ញា ឆ្នាំ​២០១៥ សរុប មាន​ចំនួន​១៩៦៦​នាក់ (​ស្រី ៣០៤​នាក់​) មាន ៤៦​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ១៨០៣​នាក់ (​ស្រី ៣០៧​នាក់​)​។​

​ចំណែក​ស្ថិតិ​ជនបរទេស​ដែល​បាន​ឃាត់ខ្លួន បណ្តេញចេញ​តាម​បណ្តា​ខេត្ត រាជធានី តាម ច្រកទ្វា​ព្រំដែន​អន្តរជាតិ គិតពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៥ សរុប ៤៥៤ នាក់ (​ស្រី ១០២​នាក់​) មាន ២​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ៤២៥​នាក់ (​ស្រី ៩៩​នាក់​)៕​