ព្រឹកនេះ ​អាជ្ញាធរធ្វើ​ពិធីតភ្ជាប់តួស្ពាន​អាកាសតិចណូ​និងគ្រោងបើកឲ្យប្រើបា្រស់​បណ្តោះអាសន្ន​នៅថ្ងៃទី២១វិច្ឆិកា

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើ​យឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាននាទីមុនថា ​អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ ​លោក ប៉ា សុជាតិ​-​វង្ស​ បានអញ្ជើញជា​អធិបតី​ក្នុងពិធីតភ្ជាប់តួ​ស្ពានអាកាសតិចណូ ​នៅព្រឹកថ្ងៃទី០១ ​វិច្ឆិកា​ ២០១៥នេះ ។

ស្ពានអាកាសតិចណូ​ ត្រូវ​បានសម្ពោធ​បើកការដ្ឋាន​សាងសង់កាលពី​ព្រឹកថ្ងៃទី០៩ ​កញ្ញា ២០១៤ ​ក្រោមអធិបតីភាពសម្តេចតេជោ ​​ហ៊ុន សែន ។ ​ ​ស្ពាននេះ​រត់តាមបណ្តោយ​មហាវិថី​​សហព័ន្ឋរុស្ស៊ី ​​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី ​គីម អ៊ីលស៊ុង ​និង​ មហាវិថី ម៉ៅ សេទុង​ ​មានបណ្តោយ៣៨២ម៉ែត្រ​ ,​ ទទឹង ១៥,៨ម៉ែត្រ ​ផ្លូវរត់ក្រោមដីមានប្រវែង ​៣៥៦ម៉ែត្រ​​ និង ​ទទឹងពី៦ទៅ៨ម៉ែត្រ ។

ស្ពានអាកាសតិចណូ​ដែលជាស្ពានអាកាសទី៤នៅរាជធានីភ្នំពេញ​ សាងសង់ដោយក្រុមហ៊ុន​វិនិយោគទុន​អាណិកជនកម្ពុជា​​ ( OCIC )​ ​ ត្រួតពិនិត្យ​បច្ចេកទេស​ដោយមន្ទីរ​សាធារណការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​ ​រយៈពេលសាងសង់១៦ខែ ​​ដោយតាមគម្រោង​នឹង​​បញ្ចប់ការ​សាង​សង់​នៅថ្ងៃទី០៩​ ​មករា ២០១៦​ ​និង ចំណាយថវិកា​សាង​សង់ ​​១៤.៥០២.៤៧៦ដុល្លារ ​​បានមកពីគម្រោងវិនិយោគនានា​របស់ក្រុមហ៊ុន OCIC​  ប៉ុន្តែដោយសារការខិតខំ​ប្រឹងប្រែងសាងសង់ទាំងថ្ងៃទំាងយប់ ​ស្ពាននេះនឹងរួចរាល់​មុន​ផែនការកំណត់។

បើតាមលោកអភិបាល​រាជធានីភ្នំពេញ ​ស្ពានអាកាសតិចណូនេះ ​មិនទាន់អាចបញ្ចៀសការកក​ស្ទះចរាចរណ៍ទំាងស្រុងនោះទេ​ ហើយថានៅពេលខាង​មុខ​សាលារាជធានី​ភ្នំពេញ​​នឹងសាងសង់ផ្លូវមួយខ្សែ​ទៀតនៅក្បែរនោះ ។

សម្តេច​តេជោ​​​នាយក​រដ្ឋមន្រ្តី​កាលពីពេលថ្មីៗនេះ​ ​បានមានប្រសាសន៍​ស្ពាន​អាកាសតិចណូនឹង​ត្រូវ​​បើកឲ្យដំណើរ​ការ​បណ្តោះអាសន្ន​​នៅថ្ងៃទី២១ វិច្ឆិកានេះ ​ដើម្បីសម្រួល​ចរាចរណ៍​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក (ផ្អាកនៅរាជធានីភ្នំពេញវិញហើយ)​ ​​និងទទួលលោកនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីមីទ្រី​ ម៉េដវ៉េឌីវ​​ Dmitry Medvedev​ ដែលនឹងមក​ទស្សនកិច្ចផ្លូវការ​​នៅថ្ងៃទី២៣-២៤​វិច្ឆិកា ។

បើតាម​លោកប៉ា ​សុជាតិវង្ស​ ​តាមគម្រោងស្ពាននេះ​នឹង​ត្រូវសម្ពោធដាក់ឲ្យដំណើរ​ការប្រើប្រាស់​ជាផ្លូវការក្រោម​អធិបតីភាពសម្តេចតេជោ ​​ហ៊ុន សែន នៅខែធ្នូ ២០១៥ ៕