ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​ម៉ូតូ​ សុំជិះ​សាក​យក​ទៅ​បាត់

រាជ​ធានីភ្នំពេញ ៖​ ជន​សង្ស័យ​ម្នាក់ប្រើ​ល្បិចធ្វើ​ជា​​ទិញ​ម៉ូតូ​ សុំ​ជិះ​សាក​ជិះ​យកទៅ​បាត់​តែ​ម្តង​បន្សល់​បក្សពួក​ម្នាក់​ត្រូវ​ម្ចាស់​ម៉ូតូ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​​​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាលពី​ម៉ោង​៩ និង៣០​នាទី​យប់ ​ថ្ងៃ​ទី៣១ ​តុលា​ ២០១៥ នៅ​ចំ​ណុ​ចភូមិ​គល់ ​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​អាន សុភាព​ ភេទ​ប្រុស​ អាយុ​38​ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​ភូមិ​លេខ​5​ ឃុំ​ស្វាយ​ប្រ​ទា​ ស្រុក​ស្អាង ​ខេត្តកណ្តាល​។ ចំណែក​បក្សពួក​ម្នាក់​ដែល​យក​ម៉ូតូជិះ​គេ​ច​ខ្លួន​ឈ្មោះ​កែវ ​សុវណ្ណ​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​42​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​6​ ខណ្ឌឫស្សីកែវ​ និង​មានស្រុក​កំណើត​ភូមិ​ត្រពាំង​ស្គន់ ​ឃុំ​ជ្រេះ​ ស្រុក​មេ​សាង ​ខេត្តព្រៃវែង​។ ដោយ​ឡែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ស្រូ​យ​ថា​រិ​ន ភេទ​ប្រុស ​អាយុ​32​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប ​ស្នាក់​នៅ​ភូមិ​សាមគី​ ស​ង្កា​ត់​ឫស្សី​កែវ ​ខណ្ឌឫស្សីកែវ​។

ប្រភព​ពី​ដើមបណ្តឹង​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​កើតហេតុ​ខ្លួន​បាន​ដឹក​ជនសង្ស័យ​២​នាក់​ពី​ផ្សារ​ចាស់​ឱ្យ​ឌុ​បម​ក​ចំណុច​ខាងលើ​គោលបំណង​មក​រក​ទិញ​ម៉ូតូ​គេ ​ក្រោយ​ពី​មើល​មិន​ត្រូវរ៉ូវ​គ្នា​ក៍​ចេញ​មក​វិញ​ហើយ​ជនសង្ស័យ​បាន​សុំ​ទិញ​ម៉ូតូ​របស់​ខ្លួន​វិញ​ម៉ាក​ហុង​ដា​ឌ្រីមសេ​125 ពណ៌​ខ្មៅ​ ស៊េរី​2005​ ពាក់​ស្លាក​លេច​កំពង់ចាម​1F-0571​ ។ ​ខ្លួន​បាន​និយាយ​ថា​ លក់​ក្នុង​តម្លៃ​850$(​ប្រាំបី​រយ​ហាសិប​ដុល្លា​រ)​ក្រោយ​ពី​និយាយ​ហើយ​ជនសង្ស័យ​ឱ្យឈ្មោះ​អាន ​សុភាព ជិះ​សាក​រួច​បាន​ត្រឡប់​មក​វិញ​ក្រោយមក​ជនសង្ស័យ​ឈ្មោះ​កែវ សុវណ្ណ​រិ​ទ្ធ សុំ​ជិះ​សាក​ម្ត​ងក៍​ទៅ​បាត់​រហូត​តែ​ម្តង​។

ប្រភព​បាន​ប្រាប់​ទៀត​ថា ​ក្រោយ​ពី​មិនឃើញ​ជនសង្ស័យ​ត្រឡប់​មក​វិញ​គាត់​ក៍​សង្ស័យ​ថា​ ចាញ់បោក​ជន​ខាង​លើក៍​ឃាត់ខ្លួន​ឈ្មោះ​អាន​ សុភាព ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ប្រាប់​ថា​គាត់​ទើបតែ​ស្គាល់ឈ្មោះ​សុវណ្ណ​រិ​ទ្ធ​ បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​គាត់​ប្រាប់​ថា​ មក​ធ្វើការ​ជាមួយ​ខ្លួន​ តែ​មិន​នឹក​ស្មានថា ​ចាញ់បោក​បុរស​ខាងលើ​សោះ​។

ទោះ​ជា​យ៉ាងណា​ក៍ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿងបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំ​ណែ​កម្នាក់​ទៀត​ដែល​យក​ម៉ូតូ​គេ​ច​ខ្លួន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពេល​ក្រោយ​៕