មិនគួរឲ្យជឿ! រកឃើញ សត្វខ្យង សម្ងំរស់នៅក្នុងជង្គង់ ក្មេងប្រុសម្នាក់ (មានវីដេអូ)

អាមេរិក៖ ជាធម្មតា យើងធ្លាប់តែលឺថា មានពពួកបរាសិត មួយចំនួន រស់នៅក្នុងខ្លួនប្រាណរបស់មនុស្ស ។ ប៉ុន្តែឥឡូវ សូម្បីតែពពួកសប្បិសត្វ ក៏អាចរស់នៅក្នុងរាងកាយមនុស្សបានដែរ ។ តួយ៉ាង ដូចជាករណីក្មេងប្រុសម្នាក់នេះយ៉ាងអញ្ចឹង ត្រូវបានសត្វខ្យងកំហូចតូចមួយក្បាល ចូលទៅសម្ងំរស់នៅក្នុងក្បាលជង្គង់របស់គាត់ទៅវិញ ។

មិនគួរឲ្យជឿ! រកឃើញ សត្វខ្យង សម្ងំរស់នៅក្នុងជង្គង់ ក្មេងប្រុសម្នាក់ (មានវីដេអូ)

អ្នកស្រី Rachel Franklin ដែលត្រូវជាម្តាយ បានដឹងថា កូនប្រុសអាយុ៧ឆ្នាំរបស់គាត់ ឈ្មោះ Paul បានរលាត់ក្បាលជង្គង់ នៅលើឆ្នេរខ្សាច់ ក្នុងតំបន់ Orange County រដ្ឋកាលីហ្វញ៉ា ហើយបន្ទាប់មក មុខរបួសក៏បានហើមឡើង រហូតដល់មានទំហំពិនផ្លែក្រូច។

បន្ទាប់មក គ្រូពេទ្យបានជំរាបអ្នកស្រីថា កុំឲ្យប៉ះពាល់ ឬច្របាច់មុខរបួសឡើយ ខ្លាចក្រែងលោស្នាមរបួស រើឡើងវិញ ។ ប៉ុន្តែ នៅពេលដែលមុខរបួសចាប់ផ្តើមស្រាកស្រាន ស្រាប់តែឡើងពណ៌ខ្មៅទៅវិញ។ ដូច្នេះ អ្នកស្រីក៏បានចាប់ផ្តើមច្របាច់មុខរបួសនោះ ហើយបន្ទាប់មក ក៏មានការភ្ញាក់ផ្អើលតែម្តង នៅពេលឃើញ វត្ថុរាងមូលចំឡែកម្យ៉ាង ចេញពីក្នុងរបូសនោះ។

កាលពីថ្ងៃព្រហស្បហ៍កន្លងទៅនេះ នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា «​Monsters Inside Me” អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំនឹកស្មានតែវា ជាដុំថ្មតូចប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលខ្ញុំពិនិត្យមើលទៅ វាមិនមែនជាដុំថ្មនោះទេ ។ ផ្ទុយទៅវិញ បន្ទាប់ពីខ្ញុំបានត្រឡប់វាមើល ខ្ញុំបានឃើញថា វាមានស្នាមគួចៗ ទើបខ្ញុំដឹងជាសត្វខ្យងមួយក្បាល»។

គួរបញ្ជាក់ផងដែរថា សត្វខ្យងដែលនៅក្នុងជង្គង់របស់ ក្មេងប្រុស Paul មានឈ្មោះពិតប្រាកដថា Littorina Scutulata ដែលជាប្រភេទខ្យងសមុទ្រ រស់នៅក្នុងតំបន់លំនាច ស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងកើត ពីរដ្ឋ Alaska ទៅដល់តំបន់ Baja រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ ហើយបើផ្អែកទៅតាម អ្នកជីវៈវិទ្យា លោក Dan Riskin និងដែលជាអ្នកសម្របសម្រួល កម្មវិធី “Monsters Inside Me” បាននិយាយថា ប្រភេទខ្យងនេះ អាចសម្របខ្លួន នៅក្នុងបរិយាកាសផ្សេងៗគ្នា រួមទាំងខ្លួនមនុស្សផងដែរ ៕

សូមទស្សនាវីដេអូ ខាងក្រោម៖ 

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត