ម៉ូតូ​បុក​ជាមួយរ៉ឺម៉កម៉ូតូ​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ស្រាល​៣​នាក់

​រាជ​ធានីភ្នំពេញ ៖ ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​​បណ្តាល​ឱ្យ​​បុរស​៣​នាក់​ រង​របួសធ្ងន់​និង​ស្រាល​ កាលពី​ម៉ោង​៨​​និង៣០​​នាទី​យប់​ថ្ងៃ​ទី​៣១​ តុលា​ ​២០១៥ នៅ​​លើ​ផ្លូវជាតិ​លេខ​៤ ខាងកើត​បញ្ជរ​បង់ប្រាក់​កំ​បូល ​ស្ថិត​នៅ​​ភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​សាក្សី​នៅ​កន្លែង​បាន​និយាយ​ថា​ មុន​ពេល​​កើតហេតុ​ ​គេ​ឃើញ​​​ម៉ូតូ​មួយ​គ្រឿង​ ​ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ​1D-7452 ឌុ​ប​គ្នា​២​នាក់​​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​បើឆ្លងផ្លូវ​ ខ​ណៈមក​ដល់​ចំណុច​​កើត​ហេតុ​ក៍​ទៅ​បុក​គ្នា​ជាមួយ​​រ៉ឺម៉ក​ម៉ូតូ​​​ដែល​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​បណ្តាលឱ្យ​​រង​របួសធ្ងន់​ និង​ស្រាល​ទាំង​៣​នាក់​តែ​ម្តង ​។

​មន្ត្រី​​សមត្ថកិច្ច​ បាន​​ឱ្យ​ដឹង​ថា​ អ្នក​រង​របួសធ្ងន់ជា​អ្នក​បើក​​រ៉ឺម៉ក​ម៉ូតូ​​​ឈ្មោះ​ ហៃ ថៃ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។
​ចំណែក​អ្នក​បើក​ម៉ូតូ​ ឈ្មោះ​ ជឹ​ម ផល អាយុ​២៦​​ឆ្នាំ​ ​ជា​​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ព្រៃ​រកា​ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ​និង​អ្នក​រួម​ដំណើរ​ឈ្មោះ ​សួរ នាង ភេទ​ប្រុស​ អាយុ​២២​​ឆ្នាំ​ ​ជា​​កម្មករ​រោងចក្រ​​​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ចក ​ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ​​​ទាំង២​​នាក់​រង​របួស​​​​​​ស្រាល​​ ។

​ក្រោយ​កើតហេតុ​ អ្នក​រង​របួសធ្ងន់​ ត្រូវ​​​រថយន្ត​សង្គ្រោះ​ដឹក​​យក​ទៅ​គ្លីនិក​ឯកជន​គឹ​មសុង រីឯ​អ្នក​រង​របួសស្រាល​ ត្រូវ​បាន​បងប្អូន​នាំ​​យក​តៅ​លាង​របួស​នៅ​ជិត​កន្លែង​កើតហេតុ​ ​។ ចំណែក​ម៉ូតូ​និង​​រ៉ឺម៉កម៉ូតូ​ ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់​​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕