​រថយន្ត​​ប៉ា​ហ្សឺ​រ៉ូ​បែក​កង់​ក្រឡាប់​៣​ត្រឡប់បោក​ផ្ទប់​នឹង​ផ្ទះ​អ្នក​ភូមិ​ សំណាង​ល្អគ្មាន​អ្នក​គ្រោះ​ថ្នាក់

ខេត្តសៀមរាប ៖ តា-យាយ២​នាក់​ប្តី​ប្រពន្ធបើករថយន្ត​ប៉ាហ្សឺ​រ៉ូមួយ​គ្រឿងចុះ​ទួលដើម្បី​រក​ម្លប់​អង្គុយ​លេង​ស្រាប់​តែបែក​កង់​ក្រោយក្រឡាប់​៣ត្រឡប់​ធ្លាក់​ពី​លើ​ថ្នល់​ទៅ​បោក​ផ្ទប់​នឹង​ផ្ទះ​អ្នក​ភូមិ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​អស់មួយ​ចំហៀង​ តែ​មិន​បណ្តាល​​មនុស្ស​​ណា​ម្នាក់រង​គ្រោះ​ថ្នាក់​ទេ​។

​ហេតុ​ការ​ណ៍គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១២​ និង​៤០​នាទីថ្ងៃ​ត្រង់ ថ្ងៃ​ទី២៩ ​តុលា ​២០១៥ ចំងាយ​ពី​ស្ពាន​ត្នោត​៥០​ម៉ែត្រ លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ចំរេះ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ​។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​​ឃើញ​មាន​រថយន្តមួយ​គ្រឿង​ម៉ាកប៉ា​ហ្សឺ​រ៉ូ ពណ៌​ទឹក​ប៊ិ​ច លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ឆ ៨៧៣ ភព​២ បាន​បើកបរ​ពី​ទិស​ខាងកើត​ឆ្ពោះ​មក​ទិស​ខាងលិច ​ដោយ​បើក​សំដៅចុះ​ស្នាមភ្លោះ​យ៉ាង​ជ្រៅ លុះ​មក​ដល់​ទួលប្រឡោះដើម​ស្វាយរថយន្ត​បានបុក​​ដីបណ្តាល​ឱ្យ​ក្រឡាប់​៣​ត្រឡប់ផ្ទប់​នឹង​ផ្ទះ​របស់​អ្នកស្រី ម៉ៅ ឃៀ អាយុ៤៣ឆ្នាំ រស់នៅ​ភូមិ​ឃុំ ខាងលើ​រង​ការ​​បាក់​ខូចខាត​មួយ​ចំហៀង​ផ្ទះ ចំណែក​តា យាយ ពី​រនាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់​រថ​យន្ត​បាន​នាំ​គ្នា​លូនចេញពី​ក្រោម​រថ​យន្ត​ ក្រោយមក​អ្នក​ភូមិបាន​នាំ​គ្នា​រត់​មក​ជួយ​មិន​តិចជាង​៥០​នាក់ទេ ​បាន​យក​ខ្សែ​ចង​រថ​យន្ត​ ​ហើយ​ទាញឱ្យ​រថយន្ត​ឈរ​ឡើង​វិញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ តុលា​​​ថា ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​​​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុឃើញ​យាយ តា​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ពុំ​មាន​រង​របួស​ទេ ចំណែក​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

ប្រភព​បាន​បន្ត​ថា  ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​​​ លោកតាឈ្មោះ អែម ស៊ី​ថា​ន និង​លោកយាយ​ឈ្មោះ យាយ ដោយ ញឹ​ម អាយុ​៧៣​ឆ្នាំ រស់នៅ​ស្រុក​ឧត្តុ​ង ខេត្តកណ្តាល​​ ​។ លោក​តា​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ជិះកូន​ឡាន​​មក​ជាមួយ​កូនប្រុស​របស់​គាត់ ដើម្បី​ចូលរួម​ខួបកំណើត​ចៅ​នៅខេត្តសៀមរាប ស្ថិត​នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប លុះ​មក​ដល់​កណ្តាលផ្លូវ កូនប្រុស​របស់​គាត់​ឈឺ​ពុំ​អាច​ធ្វើ​ដំណើ​រ​មក​ជាមួយ​បាន ទើប​លោកតាឱ្យ​ចុះ​ទៅ​ដេកពេទ្យ ដោយ​មិនបាច់​ឱ្យមក​ជាមួយ ក្រោយមក​លោកតា អែម ស៊ី​ថា​ន បាន​បើក​មក​ខេត្តសៀមរាប​ដោយ​ខ្លួនឯង លុះ​មក​ដល់​ចំណុច​កើតហេតុស្រាប់តែ​រថយន្តបែក​កង់​ក្រោយ​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង​។

បច្ចុប្បន្ន​រថយន្ត​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​យក​ទៅ​ជួសជុល​ខ្លួនឯង ព្រោះ​សមត្ថកិច្ច​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ដោយ​ខ្លួនឯង គ្មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ​៕ ​