ស្ត្រី​មេ​តុងទីន​ម្នាក់ ជំពាក់​ប្រាក់​គេ​៥​ម៉ឺន​ដុល្លារ​ត្រូវ​តុលាការ​ខេត្តរតនគិរី​ចេញ​ដីកា​រឹបអូស​ដីធ្លី និង​ផ្ទះសម្បែង​សងបំណុល

​ខេត្តរតនគិរី​៖ ស្ត្រី​មេ​តុងទីន​ម្នាក់ ត្រូវ​តុលាការ​ខេត្តរតនគិរី​សម្រេច​រុះរើ​លំនៅដ្ឋាន​រឹបអូស​យក​ដី ប្រគល់​ឲ្យ​បុរស​ម្នាក់​ឈ្មោះ លី សុវណ្ណារ៉ា ដោយ​អនុវត្ត​ទៅតាម​សា​ដីកា​សម្រេច​បង្គាប់​ថ្លៃ​ទិញ​អចលនវត្ថុ​ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ។ លោក​សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ចុះ​រឹបអូស និង​ធ្វើ​ការរុះរើ​លំនៅដ្ឋាន​ស្ត្រី​មេ​តុងទីន ដែលមាន​ប័ណ្ណ​សំគាល់ សិទ្ធ​កាន់កាប់​អចលនវត្ថុ​លេខ រ​.​គ 004593 មាន​ទីតាំង​តាម​ដងផ្លូវ​ថ្នល់​កៅស៊ូ ខាងជើង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ប្រេង​យើង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។ ប្រតិ​ប​ត្ត​ការណ៍​ចុះ​រឹបអូស និង​រុះរើ​លំនៅដ្ឋាន​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​។

បើតាម​ការ​អោយដឹងពី​ម្ចាស់​លំនៅដ្ឋាន​ដែលជា​មេ​តុងទីន​នោះ​មានឈ្មោះ​ទូច ណៃ​អេង ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ ជា​ស្ត្រី​មេម៉ាយ មាន​ប្តី​ឈ្មោះ អ៊ុន សា​រិ​ត្យ បាន​លែងលះគ្នា ។ លោកស្រី​បាន​រៀបរាប់​ទាំង​ហូរ​ទឹកភ្នែក​ថា សព្វថ្ងៃ​លោកស្រី​រស់នៅ​ចិញ្ចឹម​កូន​៣​នាក់​ស្ថិតក្នុង​ជីវភាព​ក្រលំបាក​តោក​យ៉ា​ផុត​មុខ​ផុត​ក្រោយ​។ ការទទួល​ទាន សព្វថ្ងៃ​គឺ​អាស្រ័យ​ផល​ទៅលើ​លំនៅដ្ឋាន​មួយកន្លែង​នេះ ដែលមាន​ក្បាល​ដីឡូត៍​ទំហំ​១៥​ម៉ែត្រ គុណ​នឹង ៣៧​ម៉ែត្រ និង​ប្រកប មុខរបរ​លក់ដូរ​ឥ​វ៉ាន់​កំ​ប៉េ​ក​កំប៉ុក​មុខផ្ទះ ហើយ​បាន​រំលែក​ដី​ជួល​ទៅអោយ​ជាង​ម៉ូតូ ដើម្បី​បាន​ចំណូល​បន្ថែម​ចិញ្ចឹមជីវិត​កូន​ទាំង​៣​នាក់ ឲ្យ​បាន​រៀនសូត្រ​នឹង​គេ​។ តែ​អកុសល​សាលក្រម​និតិ​វិធី​រដ្ឋប្បវេណី ស្តីពី​ការអនុវត្ត​ដោយ​បង្ខំ​លេខ​០២ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១២ នៃ​សាលាដំបូង​ខេត្តរតនគិរី​បានសម្រេច​ប្រគល់ ចលនវត្ថុ​ទាំងនេះ​អោយទៅ​អ្នកមាន​ទ្រព្យធន​ស័ក្តិយស​ម្នាក់​ឈ្មោះ​លី សុវណ្ណារ៉ា យ៉ាង​អយុត្តិធម៌​បំផុត​។

​ស្ត្រី​មេ​តុង​ទី​បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ លោកស្រី​បាន​ធ្លាប់​សុំ​អង្វរ​ម្ចាស់បំណុល គឺ​លី សុវណ្ណារ៉ា ដែល​លោកស្រី​ជំពាក់​ប្រាក់​សរុប​ចំនួន ៥​ម៉ឺន​ដុល្លារ ក្នុងអំឡុងពេល​លេង​តុងទីន ដោយ​សុំ​បង់ប្រាក់​ការប្រាក់​ក្នុង​មួយខែ​ចំនួន​៣០០​ដុល្លារ ប៉ុន្តែ​ម្ចាស់បំណុល​មិន​ព្រម ថែមទាំង​ប្តឹង​គាត់​ទៅ​តុលាការ​ឲ្យ​ចេញ​ដីការ​ក្សា​ការពារ​លំនៅដ្ឋាន និង​ដីធ្លី​របស់គាត់ រហូត​រឹបអូស ដែល​បច្ចុប្បន្ននេះ​រូបគាត់​នឹង​កូនៗ​គ្មាន​ជម្រក និង​ទីពឹង​ទៀត​ទេ​។

​ដោយឡែក​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ បុរស​ម្នាក់​ឈ្មោះ មាស សុភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​ជាង​ជួសជុល និង​កែច្នៃ​គ្រឿងយន្ត ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានផ្ទះ​ជាប់​ព្រំ​គ្នា ត្រូវ​បាត់បង់​ដី ចំនួន​៥​ម៉ែត្រ បណ្តោយ​៣៧​ម៉ែត្រ ផងដែរ ដោយសារ​ការអនុវត្ត​ដីកា​រឹបអូស​ដី​រប​ស់មេ​តុង​ទី​ខាងលើនេះ​។ លោក មាស សុភាព បានបញ្ជាក់​ឲ្យ​ដឹងថា លោក​បាន​ទិញ​ដី​ទទឹង​៥​ម៉ែត្រ បណ្តោយ​៣៧​ម៉ែត្រ ពី​លោកស្រី​ទូច ណៃ​អេង (​មេ​តុងទីន​) កាលពី​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០០៩ មកម្ល៉េះ ដោយមាន​លិខិត​ផ្ទេរ​សិទ្ធ​កាន់កាប់​ត្រឹមត្រូវ មាន​បោះត្រា​ពី​លោក​ចៅសង្កាត់​ញាណ តៃ​ស៊ី ចៅសង្កាត់ ឡា​បាន​សៀក ។ ហើយ​លោក​មាស សុភាព ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដែរ ក៏ប៉ុន្តែ​ខាង​សាលាដំបូង​ខេត្ត​គ្មាន​ដំណោះស្រាយ​ជូន​គាត់​ឡើយ​៕ លី វ​ណ្ណៈ

KA-01-11-2015-01 KA-01-11-2015-02 KA-01-11-2015-03 KA-01-11-2015-04​ ​