នគរបាល​ព្រហ្មទណ្ឌ ព្រះ​នាម​ទិវា​១១២ បាញ់​សម្លាប់​ខ្លួន​ខឹង​ប្រពន្ធ​ហាម​មិន​ឲ្យ​ទៅ​ផឹកស៊ី​បន្ត

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រះ​នាម​ទិវា​១១២ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ខណៈ​ដែល​មន្ត្រី​នគរបាល​រូប​នោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រឿង​មិន​ឲ្យ​ផឹកស៊ី​បន្ត​នៅ​ខារ៉ាអូខេ បន្ទាប់​ពី​ចេញពី​ស៊ី​ការ​មិត្តភក្តិ ទើប​ខឹង​ដក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​រថយន្ត គ្រា​ដែល​ជន​រង​គ្រោះ​ជិះ​រថយន្ត​ជាមួយ​ប្រពន្ធ ។

ករណី​បាញ់​សម្លាប់​ខ្លួនឯង​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣១ តុលា ២០១៥ នៅ​ចំណុច​ក្រោយ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ឈ្មោះ​ចាន់ ផល្លា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ក្រុង ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ប្រពន្ធ​បាន​ជិះ​រថយន្ត​ជាមួយ​គ្នា ពេល​នោះ​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ជន​រង​គ្រោះ​រឿង​មិន​ផឹកស្រា រហូត​ដល់​ជន​ង​គ្រោះ​ខឹង​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​K59 បាញ់​ក្បាល​របស់​ខ្លួន​មួយ​គ្រាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​ជីវិត ។ នៅ​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ នេះ ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។