អ្នក​ស្រុក​នៅ​អាហ្វហ្គានីស្ថាន​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម

អ្នក​ស្រុក​នៅ​អាហ្វហ្គានីស្ថាន​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម

កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ម្នាក់​ឈរ​នៅ​កន្លែង​ឆែកឆេរ​ នៅ​ក្នុង​ស្រុក​ Achin ភាគ​ខាង​កើត​នៃ​ខេត្ត Nangarhar កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

ពលរដ្ឋ​នៅ​មូលដ្ឋាន​រាប់រយ​នាក់​នៅ​ក្នុង​ខេត្ត Nangarhar នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បះបោរ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

លោក Haji Ghalib អភិបាល​ស្រុក​ Achin ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA ថា «មាន​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន​ប្រមាណ​៦០០នាក់​បាន​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម»។

កាល​ពី​ពេល​ថ្មីៗ​នេះ​គេ​បាន​ឃើញ​កំណើន​វត្តមាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ នៅក្នុង​ស្រុក Achin ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។​

លោក Ghalib បាន​និយាយ​ថា «ដំបូង​ឡើយ​មាន​យុទ្ធជន​រដ្ឋ​ឥស្លាម​ប្រមាណ​១.៥០០​នាក់ ក៏​ប៉ុន្តែ​ភាគច្រើន​នៃ​សមាជិក​ខ្លួន​បាន​ស្លាប់​ ឬ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​យើង»។

កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ មាន​កំណើន​ការ​បះបោរ​ដោយ​ពួក​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​ពិសេស​នៅ​ក្នុង​ខេត្ត Nangarhar ដែល​នៅ​ទីនោះ​ពួក​យុទ្ធជន​រដ្ឋឥស្លាម​បាន​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​ប្រឆាំង​នឹង​កន្លែង​ឆែកឆេរ​របស់​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។

គេ​រាយការណ៍​មក​ថា ​ការ​បះបោរ​នេះ​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​របស់​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន និង​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​ដើម្បី​កម្ចាត់​ពួក​រដ្ឋ​ឥស្លាម​ចេញ​ពី​ស្រុក Achin៕