សមាជិកសភា CPP នៅ​តែ​ទុក​តំណែង​អនុប្រធាន​ទី១ឲ្យ​ CNRP

ភ្នំពេញ៖ បើទោះបីជាគណបក្សប្រឆាំង មិនបញ្ជូនបេក្ខភាពថ្មីមកជំនួសតំណែង អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា ក៏ដោយ ក៏សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា (CPP) ទាំង៦៨សម្លេង នៅតែរក្សាតំណែងអនុប្រធានទី១ នៃរដ្ឋសភាទុកឲ្យ CNRP ដដែល គឺមិនរំលោភកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ឆ្នាំ២០១៤នោះទេ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អ្នកនាំពាក្យ CPP លោក សុខ ឥសាន បានឲ្យដឹងថា ក្នុងកិច្ចព្រមព្រៀងនយោបាយថ្ងៃ២២កក្កដា អាសនៈមួយកន្លែងឋានៈជាអនុប្រធានទី១រដ្ឋសភា ជាកូតារបស់គណបក្សសង្គ្រោះជាតិ ហើយកន្លងមកសមាជិកសភា គណបក្សប្រជាជនកម្ពុជាក៏បានប្រគល់ឲ្យគណបក្សសង្គ្រោះជាតិរួចហើយដែរ។

លោកថា “ក្រោយពីដកឯកឧត្តម កឹម សុខា តាមការបោះឆ្នោតអនុម័តរបស់រដ្ឋសភាកាលពីថ្ងៃទី៣០មកនេះ (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥) គឺថាជាលទ្ធភាពឲ្យគណបក្សសង្គ្រោះជាតិដាក់បេក្ខភាពថ្មីមកជំនួស បើសិន CNRP មិនមានដាក់បេក្ខភាពមកជំនួសទេ កៅអីថ្មីរបស់អនុប្រធានសភាទី១នេះ ត្រូវទុកឲ្យនៅទំនេរ ពីព្រោះនឹងជាកូតារបស់គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនមិនលូកដៃចូលក្នុងបញ្ហានេះទេ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែល បានបញ្ជាក់ថា CPP មិនជំរុញឲ្យគណបក្សសង្គ្រោះជាតិបញ្ជូនបេក្ខភាពថ្មីច្រើនអីនោះទេ ព្រោះថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើលិខិតជូនទៅថ្នាក់ដឹកនាំ CNRP ជាផ្លូវការរួចហើយបើគាត់ដាក់ជារឿងរបស់គាត់ បើមិនដាក់ក៏ជារឿងរបស់គាត់។ បើសិនជាគណបក្សសង្គ្រោះជាតិដាក់មក គឺតំណាងរាស្ត្រទាំងអស់នឹងពិនិត្យលើលក្ខណៈសម្បត្តិបេក្ខភាពថ្មី ថាតើសមរម្យនឹងទទួលបានឋានៈ តួនាទីអនុប្រធានទី១រដ្ឋសភាទេ បើសមរម្យនឹងបោះឆ្នោតគាំទ្រ តែបើមិនសមរម្យទេក៏អាចបោះឆ្នោតមិនទុកចិត្តដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភាកាលពីថ្ងៃទី៣០ ខែតុលានោះ នៅថ្ងៃដដែលនោះដែរ សម្តេចប្រធានរដ្ឋសភាក៏បានធ្វើលិខិតជូនទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឲ្យបញ្ជូនបេក្ខភាពថ្មីមកជំនួសតំណែងនេះ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ក៏បានឆ្លើយតបភ្លាមៗថា មិនបញ្ជូនបេក្ខភាពថ្មីទេ។ ទោះបីកំដៅនយោបាយនៅថ្ងៃទី៣០តុលានោះ បានក្តៅឡើងៗយ៉ាងណាក្តី ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានសន្យាថា នៅតែបន្តវប្បធម៌សន្ទនាជាដដែល៕

សមាជិកសភា CPP នៅ​តែ​ទុក​តំណែង​អនុប្រធាន​ទី១ឲ្យ​ CNRP