CNRP អះអាង​ដដែល​ថា​នឹង​មិន​​បញ្ជូន​​បេក្ខភាព​ជំនួស​តំណែង​លោក​កឹម សុខា

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានថ្លែងបញ្ជាក់ជាថ្មីពីគោលជំហរ របស់បក្សថា មិនបេក្ខភាពណាម្នាក់ទៅជំនួស តំណែងអនុប្រធានទី១នៃរដ្ឋសភារបស់លោក កឹម សុខាឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ចំពោះករណី លោក កឹម សុខា បើយោងតាមកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សទាំងពីរ គឺគណបក្សសង្រ្គោះជាតិ ជាអ្នកទទួលតំណែងអនុប្រធានទី១នៃរដ្ឋសភា ហើយគណបក្សរបស់លោក ក៏មិនបញ្ជូនកូតាពីគណបក្សទៅជំនួស លោក កឹម សុខាដែរ។

លោកបន្តថា “មិនមានមូលហេតុណាមួយត្រូវបោះឆ្នោតទំលាក់ថ្នាក់ដឹកនាំរដ្ឋសភា មានតែរដ្ឋធម្មនុញ្ញបានចែងពីការជ្រើសតាំង ហើយមូលហេតុទាំងអស់នោះហើយដែលយើងយល់ថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ និងរំលោភទៅលើកិច្ចព្រមព្រៀងទៅទៀត ពីព្រោះធម្មតា ពេលដែលប្រគល់ទៅឲ្យគណបក្សណាមួយចាត់តាំងលើបេក្ខជនរបស់ខ្លួនទៅ គឺគណបក្សជាអ្នកសម្រេច។ ដូច្នេះគួរផ្តល់សិទ្ធិឲ្យគណបក្សសង្រ្គោះជាតិហ្នឹងមានការសម្រេចដោយខ្លួនឯង”។

លោកថា បើទោះបីជាបញ្ហាកំដៅនយោបាយរវាងគណបក្សទាំងពីរឡើងជាខ្លាំងយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំតំណាងរាស្រ្តមតិភាគច្រើន និងមតិភាគតិចនៃរដ្ឋសភា នៅតែបន្តជួបគ្នាដដែល ប៉ុន្តែមិនទាន់កំណត់ពេលណាច្បាស់លាស់នៅឡើយទេ៕

CNRP អះអាង​ដដែល​ថា​នឹង​មិន​​បញ្ជូន​​បេក្ខភាព​ជំនួស​តំណែង​លោក​កឹម សុខា