ទីផ្សារ​អចលនទ្រព្យ​វៀតណាម​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល

ប្រទេស​វៀតណាម ៖ សមាគម​វិស័យ​អចលនទ្រព្យ​វៀតណាម​ឱ្យ​ដឹង​ថា ទីផ្សារ​អចល​ទ្រព្យ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ស្តារ​ឡើង​វិញ និង​ធានា​ឱ្យ​បាន​នូវ​លំនឹង​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ។ តួលេខ​របស់​សមាគម​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល ប៉ុន្តែ​មានការ​ថមថយ​នៃ​ទីផ្សារ​អចលនទ្រព្យ​ជាមួយនឹង​តួលេខ​ខ្ពស់​ពី​ប្រតិបត្តិការ​លក់​-​ទិញ​ស្តុក​តម្លៃ​ទាប​ប្រកបដោយ​ជោគជ័យ ជា​ពិសេស​ក្នុង​ទីក្រុង​ធំ​ៗ ដូច​ជា ហាណូយ និង​ហូ​ជី​មិ​ញ ។

ស្ថិតិ​បង្ហាញ​ទៀត​ថា កាលពី​ចុងខែ​កញ្ញា​ស្តុក​តម្កល់​បាន​ធ្លាក់​ចុះ​ស្ទើរតែ​៥៩,៤​ប៊ី​លាន​ដុ​ង ស្មើនឹង​២,៦៤​ប៊ី​លាន​ដុល្លារ គឺ​ធ្លាក់​ចុះ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​តួលេខ​ដែល​បាន​បង្ហាញ​ក្នុង​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ។ ស្តុក​អចលនទ្រព្យ​បច្ចុប្បន្ន រួម​បញ្ចូល​ទាំង​ផ្ទះល្វែង​ចំនួន​១១.៣៨០​ខ្នង គិត​ជា​ទឹកប្រាក់​ចំនួន​១៧,៤​ពាន់​ពាន់​លាន​ដុ​ង ស្មើនឹង​៧៣៣,៣​លាន​ដុល្លារ ។ ផ្ទះ​ចំនួន​៨.៥៤២​ខ្នង​តម្លៃ​១៤,៦​ប៊ី​លាន​ដុ​ង ស្មើនឹង​៦៤៨,៨៩​លាន​ដុល្លារ និង​មាន​ទំហំ​ដី​ប្រមាណ​ជា​៧​លាន​ម៉ែត្រការ៉េ មាន​តម្លៃ​២២​ប៊ី​លាន​ដុ​ង ស្មើនឹង​៩៧៧,៧​លាន​ដុល្លារ ។

ប្រហែលជា​ប្រតិបត្តិការ​លក់​-​ទិញ​ចំនួន​៥.៣០០​ខ្នង​នឹង​ទទួល​ជោគជ័យ ហើយ​ត្រូវ​បាន​កត់​ត្រាទុក​កាលពី​អំឡុង​ពេល​៩​ខែ​ក្នុង​ទីក្រុង​ហាណូយ ។ ប្រតិបត្តិ​នេះ​បាន​កើនឡើង​៧០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ទីផ្សារ​ភាគ​ខាងត្បូង​បាន​បង្ហាញ​ពី​ប្រតិបត្តិការ​ទិញ​-​ដូរ​ទទួល​បាន​ជោគជ័យ​ចំនួន​៥.៣០០​ខ្នង តាំងពី​ដើមខែ​ដំបូង​ក្នុងឆ្នាំនេះ ដែល​តួលេខ​នេះ​កើនឡើង​ពីរ​ដង​កាលពី​ឆ្នាំ​មុន ។

សមាគម​បន្ត​ថា ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ គឺជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ចំនួន​កើនឡើង​ក្នុង​ប្រតិបត្តិការ​ក្រុមហ៊ុន​ថ្មី​ក្នុង​វិស័យ​វិនិយោគ​អចលនទ្រព្យ និង​មុខ​ជំនួញ ។ ស្ថិតិ​របស់​សមាគម​បង្ហាញ​ថា ការ​កើនឡើង​៧៨% ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​អចលនទ្រព្យ​នេះ បាន​ចាប់ផ្តើម​ឡើង​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជាមួយនឹង​ការ​ធ្លាក់​ចុះ​ចំនួន​៣០% និង​៧,២% ក្នុង​ចំនួន​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រំសាយ ឬ​បញ្ឈប់​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​បន្តបន្ទាប់​គ្នា ។ ជាមួយ​គ្នា​នេះ​ដែរ លំហូរ​នៃ​ការ​កើនឡើង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស FDI ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ ។

សមាគម​ឱ្យ​ដឹង​ទៀត​ថា ការ​ផ្គត់ផ្គង់​ផ្ទះល្វែង​ដែល​មាន​តម្លៃ​ថ្លៃ​នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ជា​ពិសេស តំបន់​ទីក្រុង​ធំ​ៗ​តែ​ម្តង ។ ផ្ទះល្វែង​មាន​តម្លៃ​ថ្លៃ​ៗ​ស្ទើរតែ​១​ភាគ​៣ នៃ​ចំនួន​ផ្ទះល្វែង​សរុប​ត្រូវ​បាន​គេ​ដាក់​លក់​រហូត​មក​ដល់​ឆ្នាំ​នេះ ។ ជាមួយនឹង​ប្រតិបត្តិការ​ជោគជ័យ​មាន​ចំនួន​២២% នៃប្រតិបត្តិ​ការ​សរុប​កើនឡើង​៦% ក្នុង​ឆ្នាំ​២០១៣ និង​កើនឡើង​១៨% កាលពី​ឆ្នាំ​មុន ។

សមាគម​បាន​ព្យាករណ៍​ទុក​ថា ផ្ទះល្វែង​ដែល​មាន​តម្លៃ​ថ្លៃ​ចំនួន​៤.៣០០​ខ្នង​នឹង​ត្រូវ​បាន​លក់​ជា​សាធារណៈ​ក្នុង​ទីផ្សារ​ហាណូយ រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ។ វា​នឹង​មានការ​កើនឡើង​បន្តិចបន្តួច​ក្នុង​តម្លៃ​អចលនទ្រព្យ ដែល​ជំរុញ​ដល់​ការ​ងើបឡើង​វិញ​នូវ​ទីផ្សារ​សរុប និង​តម្រូវការ​កើនឡើង ជា​ពិសេស​តម្រូវការ​ពី​ជនបរទេស​សម្រាប់​ការ​រស់នៅ​ក្នុងផ្ទះ​ល្វែង​តម្លៃ​ថ្លៃ  ៕