កុមារី​ ដែលមាន​ទេពកោសល្យ​ផ្នែក​គូ​គំនូរ នាង​បាន​ចូលរៀន​ហើយ​

ភ្នំពេញ: ​ទីបំផុត​ ស្រី​ណុ​ច កុមារី​ដែលមាន​ទេពកោសល្យ​ផ្នែក​គូ​គំនូរ នាង​បាន​ចូលរៀន​ក្នុង​សាលា​អន្តរជាតិ​មួយ ដូច​ការសន្យា​របស់​អា​ជ្ញា​ធរជាតិ​​អប្សរា​ហើយ​។​

​ស្រី​ណុ​ច គឺជា​កុមារី​ម្នាក់​មាន​ទេពកោសល្យ​ពី​កំណើត​ផ្នែក​គូ​គំនូរ ដែល​នាង​ចេះ​គូ​រូប​ផ្សេងៗ​ដ៏​ស្រស់ស្អាត​ទាំង​មិនបាន​ចូលរៀន​ផ្នែក​គំនូរ​នេះ​សោះឡើយ ជាពិសេស​នាង​ទើប​តែមាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ​។ ស្រី​ណុ​ច ​ត្រូវបាន​មហាជន​ស្គាល់មុខ ​និង​សមត្ថភាព​តាមរយៈ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ កន្លងមក​ថ្មីៗ​នេះ ហើយ ថ្នាក់ដឹកនាំ​អាជ្ញាធរ​អប្សរា រួម​និង​សប្បុរសជន​មួយចំនួនទៀត​ក៏​ធ្លាប់បាន​យក​អំណោយ​មួយចំនួនធំ​ប្រគល់ជូន​ស្រី​ណុ​ច​និង​ក្រុមគ្រួសារ​។

​កន្លងមក លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរជាតិ​​អប្សរា បាន​សន្យាថា ​នឹង​ជួយ​ស្រី​ណុ​ច​អោយបាន​ចូលរៀន​ថ្នាក់​ចំណេះដឹង​ទូទៅ ចំណេះដឹង​ភាសា​អង់គ្លេស និង​ថ្នាក់​ជំនាញ​ផ្សេងៗ​ទៀត​។ រហូតមកដល់​ថ្ងៃនេះ ស្រី​ណុ​ច​ពិតជា​មានសំណាង​បានមក​ចូលរៀន​ក្នុង​សាលា​អន្តរជាតិ​មួយ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​ប្រាកដ​។​

​លោក សុខ សង្វារ បាន​បញ្ជាក់ថា សាលា​អន្តរជាតិ ហ្គោ គ្លូ​ប៊​ល បាន​ឯកភាព​ផ្តល់​អាហារូបករណ៍​ដល់​ស្រី​ណុ​ច សម្រាប់​ថ្នាក់​សិក្សា​ពេញ​ម៉ោង ទាំង​ចំណេះដឹង​ទូទៅ​និង​ភាសាបរទេស រហូតដល់​ចប់​ថ្នាក់​ទី​១២ បូករួម​នឹង​ការផ្តល់​សំលៀកបំពាក់ សម្ភា​រះ​សិក្សា និង​អាហារ​ថ្ងៃត្រង់​។ ស្រី​ណុ​ច នឹងមាន​អនាគត​ល្អប្រសើរ​បើសិនជា​ប្អូន​ព្យាយាម​រៀនសូត្រ​រហូត​ចប់​កម្មវិធីសិក្សា​នៅ​សាលា​នេះ ព្រោះ សាលា​អន្តរជាតិ ហ្គោ​គ្លូ​ប៊​ល គឺជា​សាលា​កម្រិតស្តង់ដារ​អន្តរជាតិ​មួយ​ដែលមាន​លោកគ្រូ អ្នកគ្រូ ជាតិ​និង​អន្តរជាតិ​មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ច្រើន​ឆ្នាំ​និង​រៀបចំ​កម្មវិធីសិក្សា​ស្របតាម​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ស្របតាម​ទៅតាម​កម្មវិធី​របស់​ច​ក្រ​ភព​អង់គ្លេស​។​

លើសពីនេះ សាលា​ក៏បាន​ទទួល​លោកឪពុក​របស់​ស្រី​ណុ​ច​អោយចូល​បម្រើ​ការងារ​ផងដែរ ដោយ​ទទួលបាន​ប្រាក់ខែ​សមរម្យ​និង​ដើម្បី​ងាយស្រួល​ជូន​ស្រី​ណុ​ចមក​រៀន​ជា​រៀងរាល់ថ្ងៃ​៕​

កុមារី​ ដែលមាន​ទេពកោសល្យ​ផ្នែក​គូ​គំនូរ នាង​បាន​ចូលរៀន​ហើយ​

កុមារី​ ដែលមាន​ទេពកោសល្យ​ផ្នែក​គូ​គំនូរ នាង​បាន​ចូលរៀន​ហើយ​

កុមារី​ ដែលមាន​ទេពកោសល្យ​ផ្នែក​គូ​គំនូរ នាង​បាន​ចូលរៀន​ហើយ​