សម្តេច​ហ៊ុនសែន ពន្យល់​ពី​ការសម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ រីឯ​ថវិកា សម្រាប់​ការរៀបចំ​បុណ្យអុំទូក ត្រូវ​យកទៅ​ទិញ​ប្រេង សម្រាប់​បូមទឹក​សង្គ្រោះ​ស្រូវ​

ខេត្តកំពត: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​ដល់​គ្រួសារ​យោធិន​ពិការ ៣១៧ កោះស្លា និង​ថ្ងៃ​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា ២០១៥-២០១៦ នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។ ក្នុង​ពិធី​នោះ សម្តេច​ហ៊ុនសែន បាន​ពន្យល់​ពី​ការសម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ រីឯ​ថវិកា សម្រាប់​ការរៀបចំ​ពិធីបុណ្យ​អុំទូក ត្រូវបាន​សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្វែ​យកទៅ​ទិញ​ប្រេង សម្រាប់​បូមទឹក សង្គ្រោះ​ស្រូវ ដោយសារតែ​យើង​កំពុង​ជួប​គ្រោះរាំងស្ងួត​។​

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ សម្តេចហ៊ុនសែន បានចេញសារាចរ ណែនាំ ផ្អាកពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ មូលហេតុ ដោយ​សារតែទឹកមានកម្រិតទាប។ ម្យ៉ាងទៀត ប្រទេសកម្ពុជាយើង កំពុងជួបប្រទះ​នឹង​គ្រោះ​រាំងស្ងួត។

សម្តេចហ៊ុនសែន បានលើកឡើងថា នៅមុខព្រះបរមរាជវាំង ធម្មតា យើងអាច​អុំទូកបាន ក្នុងពេលទឹកមានកម្រិតចន្លោះពី ៧ ទៅ ៨ ម៉ែត្រ។ តែសព្វថ្ងៃ ទឹកនៅ​មុខព្រះបរមរាជវាំង មានកម្ពស់ត្រឹមតែជាង ៥ ម៉ែត្រ ហើយបន្ត​ស្រក់​ រហូតដល់​ថ្ងៃអុំទូក ទឹកអាចកម្ពស់ត្រឹមតែជាង ៤ ម៉ែត្រ​។

សម្តេចហ៊ុនសែន ក៏បានបន្តថា នៅតាមតំបន់មាត់ទន្លេក៏ខ្វះទឹក សម្រាប់ធ្វើស្រែ។ រីឯការ​រៀបចំពិធីបុណ្យអុំទូក នៅទីក្រុងភ្នំពេញ គឺត្រូវការរៀបចំច្រើន មិនមែននៅតែ​ភ្នំពេញទេ។ តាមបណ្តាខេត្តក៏ត្រូវរវល់​រៀបចំ។

សម្តេចក៏បានបន្តថា យើងផ្អាកតែនៅរាជធានីភ្នំពេញទេ។ តាមបណ្តាខេត្តរៀបចំពិធី​បុណ្យអុំទូក អកអំបុក ជាធម្មតា​។ រីឯថ្ងៃឈប់សម្រាកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤វិច្ឆិកា គឺនៅរក្សាទុក​ដដែល ដូចការកំណត់​ក្នុងប្រតិ​ទិន​ថ្ងៃ​ឈប់​​សម្រាក​​​បុណ្យ​ជាតិ​។

សម្តេចហ៊ុនសែន ក៏បានប្រកាសថា កាលពីឆ្នាំ២០១១ យើងមិនបានរៀបចំពិធី​បុណ្យ​អុំទូក ដោយសារតែទឹកធំ នៅភ្នំពេញ ទឹកមានកម្ពស់​ជាង ៩ ម៉ែត្រ ហើយតាម​បណ្តា​ខេត្ត​មួយ​ចំនួន ក៏ត្រូវទឹកជន់លិច​ ដែលមិនអាច​មកចូល​រួមបុណ្យអុំទូកបាន។ នៅឆ្នាំ​២០១៣ ក៏​ដូច​គ្នា ទឹក​ធំ យើង​ក៏មិន​អាច​រៀបចំពិធី​បុណ្យ​អុំទូកបាន​។ ដល់ឆ្នាំ២០១៥​នេះ ទឹកតូច មិ​ន​អា​ច​អុំ​ទូក​បាន។​

សម្តេចហ៊ុនសែន ក៏បានប្រកាស​ឲ្យក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បង្វែ​ថវិកា​សម្រាប់​រៀបចំព្រះរាជពិធីបុណ្យអុំទូក ទៅចាត់​ចែង​ទិញប្រេង ដោយសហការជាមួយ​នឹង​ក្រសួង​​​ធន​ធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបូមទឹក​សង្គ្រោះ​សន្ទូង ស្រូវ ដែល​កំពុង​ខ្វះ​ទឹក នា​ពេល​នេះ​​៕