បណ្តាល័យដំបូងបង្អស់ សម្រាប់ខេត្តកំពង់ស្ពឺ ត្រូវបាន លោក ហ៊ុន ម៉ានី បញ្ចុះបឋមសិលាសាងសង់

កំពង់ស្ពឺ៖ ការដ្ឋានសាងសង់ បណ្ណាល័យខេត្តកំពង់ស្ពឺ ដែលជាបណ្ណាល័យដំបូងបង្អស់សម្រាប់ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ រួមដោយ លោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា, លោក អ៊ូ សំអ៊ួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយដោយមន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្តកំពង់ស្ពឺ លោកគ្រូអ្នកគ្រូ សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស។

អគារបណ្ណាល័យខេត្តកំពង់ស្ពឺ ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំ នៅកម្ពុជា និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងអាជីវករខេត្តកំពង់ស្ពឺ មានទីតាំងនៅក្នុងសាលាបឋមសិក្សាសន្តិភាព ក្រុងច្បារមន ស្ថិតលើផ្ទៃដីទំហំ ៤៦គុណ៦០ម៉ែត្រ និងមានទំហំអគារ ១៦ម៉ែត្រ គុណ៣០ម៉ែត្រ និងចែកចេញជាពីរជាន់ មានសាលអានសម្រាប់១៥០នាក់ សាលកំព្យូទ័រ និងបន្ទប់ជាច្រើនទៀត ដែលអាចប្រើប្រាស់សម្រាប់ គោលបំណងជាច្រើន រួមទាំងជាទីតាំងបណ្តុះបណ្តាល ជាគុណប្រយោជន៌ផ្ទាល់ ដល់សិស្សានុសិស្ស យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី មានប្រសាសន៌ថា បណ្ណាល័យខេត្តកំពង់ស្ពឺ គឺសម្រាប់អនាគតរបស់សិស្សានុសិស្ស សម្រាប់ប្រជាជនទាំងអស់គ្នា និងសម្រាប់ខេត្តកំពង់ស្ពឺទាំងមូល អំឡុងពេលដែលបច្ចុប្បន្ននេះ ស្ថានភាពជីវភាព និងការសិក្សាអប់រំ នៅជំវិញខេត្តកំពង់ស្ពឺកំពុងមានការផ្លាស់ប្តូរវិវឌ្ឍកាន់តែប្រសើរឡើង ដែលនេះតែងតែ ជាចក្ខុវិស័យវែងឆ្ងាយ និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា៕

បណ្តាល័យដំបូងបង្អស់ សម្រាប់ខេត្តកំពង់ស្ពឺ ត្រូវបាន លោក ហ៊ុន ម៉ានី បញ្ចុះបឋមសិលាសាងសង់

បណ្តាល័យដំបូងបង្អស់ សម្រាប់ខេត្តកំពង់ស្ពឺ ត្រូវបាន លោក ហ៊ុន ម៉ានី បញ្ចុះបឋមសិលាសាងសង់