សម្តេច​ហ៊ុនសែន ដាក់បទបញ្ជា​ឲ្យ​លុបបំបាត់​ល្បែង​កន្ទុយលេខ នៅ​តំបន់​តេ​ជោ​អភិវឌ្ឍន៍ នៅ​តាកែន​កោះស្លា ក្នុង​ខេត្តកំពត​

ខេត្តកំពត: នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត អមដោយ​លោក លោកស្រី​ជា​សមាជិកសភា សមាជិក​រាជរដ្ឋាភិបាល​ជាច្រើនរូប បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​យុទ្ធជន​ពិការ នៅ​មជ្ឈមណ្ឌល តា​កែន​កោះស្លា ក្នុង​ខេត្តកំពត​។ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ដាក់​បទញ្ជា​ឲ្យ​លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត ចាត់វិធានការ​លុបបំបាត់​ល្បែង​កន្ទុយលេខ លេខឆ្នោត នៅ​ផ្សារ​តេ​ជោ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​នោះ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ករណី​ចាក់​ឆ្នោត និង​បន​ល្បែង​កន្ទុយលេខ នៅ​ផ្សារ​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​តា​កែន​កោះស្លា ៣១៧ នៅ​ស្រុក​ឈូក ខេត្តកំពត ត្រូវតែ​លុបបំបាត់​។ សម្តេច​ហ៊ុន​សេន បាន​គូសបញ្ជាក់ថា "​រឿង​កន្ទុយលេខ និង​អា​រឿង​លេងល្បែង លេងបៀ លេង​អី​។ ខ្ញុំ​សូម​ជម្រាប ខ្ញុំ​នេះ មានការ​ខ្មាស់អៀន ត្រង់ មន្ត្រី​មួយចំនួន ដែល​លេងល្បែង និង​មនុស្ស​មួយចំនួន ដែល​ខ្ញុំ​ធ្លាប់​រាប់អាន លេងល្បែង ខ្ញុំ​មិនអាច​ទាក់ទង​បន្តទៅទៀត​បានទេ​។ សូម​ផ្ញើ​សារ​ពីនេះ ទៅ​តែម្តង​។ ព្រោះ​ខ្ញុំ​ខ្មាស់អៀន​។ ខ្មាស់អៀន ត្រង់​ថា គាត់​តិចៗ មករក​លុយ​ពី​យើង ដល់​យកលុយ​ពី​យើង ចូល​ល្បែង​។ អីចឹង​ទេ ខ្ញុំ​វា​ខ្មាស់អៀន​។ ខ្ញុំ​ត្រូវការ​លុយ​របស់ខ្ញុំ ត្រូវការ​ឧបត្ថម្ភ​យុទ្ធជន​ពិការ ត្រូវការ​ឧបត្ថម្ភ​អ្នកក្រីក្រ​។ ហេតុ​អី​បានជា​យើង​ត្រូវ​ឲ្យ​គេ​បោក​? យកទៅ​ចូល​លេងល្បែង​។ អីចឹង ខ្ញុំ​សុំទោស​។ ផ្ញើ​សារ​គឺថា មិនមែន​គ្រាន់តែ​អ្នក​នៅ​នេះ​ទេ​។ អ្នក​ទូទៅ នៅ​ទូទាំងប្រទេស បើ​ចង់​ទទួល​ការ​រាប់អាន​ស្មោះស្ម័គ្រ​ពី​ខ្ញុំ គឺ​សូមមេត្តា​បញ្ឈប់​អា​រឿង​ល្បែង​"​។​

​សម្តេច​ហ៊ុនសែន បានបញ្ជាក់​បន្ថែមថា "​អីចឹង​ទេ អ្នក​ទាំងអស់គ្នា បញ្ចប់ទៅ​រឿង​កាត់​យល់​សុ​បិ​ន្ត ហើយ​ព្រលឹម​ឡើង ចាក់​កន្ទុយលេខ​។ បញ្ឈប់​ទៅ​...​។ អត់​មាន​ផលប្រយោជន៍​ទេ ប្រឹងប្រែង​ធ្វើការ​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​ទាំងអស់ មិន​ផ្តល់​គំរូ​អាក្រក់​ដល់​កូន ដល់​ចៅ​នោះទេ ហើយ​ត្រូវ​បោសសំអាត អា​មេ​ឆ្នោត និង​បន​ល្បែង​នៅក្នុង​ផ្សារ ឲ្យ​ចេញ​ឆ្ងាយ​ពី​ទីនេះ​។ ខូ​យ ឃុន​ហួរ អភិបាលខេត្ត មើល៎ៗ​។ តំបន់​នេះ មិនមែនជា​បន្ទាយ​ទាហាន​ទេ​។ នេះ​គ្រាន់តែ​ជា​អតីតយុទ្ធជន​ពិការ​ទេ​។ មិនមែនជា​បន្ទាយ​ទាហាន ដែល​យើង​គ្មាន​សិទ្ធិមក​ត្រួតពិនិត្យ​នោះទេ​។ នៅក្រោម​អាជ្ញាធរ មើល៎ៗ​"៕