គជប ចាប់ផ្តើម​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥​វិច្ឆិកា​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានចាប់ផ្តើម​ធ្វើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង តាមបែប​បច្ចេកវិទ្យា​ទំនើប ដោយ​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ៤៣ ភូមិ ក្នុង ២៥ ឃុំ​សង្កាត់ ដោយ​មួយ​ខេត្ត​រាជធានី គជប កំណត់​យក​មួយ​ឃុំ ឬមួយ​សង្កាត់​។ ការិយាល័យ​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​សាកល្បង គឺ​ស្ថិតនៅ​សាលាឃុំ​សង្កាត់​។ នៅ​ភ្នំពេញ គជប​អនុវត្ត​ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​។​

​នា​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​នេះ ថ្នាក់ដឹកនាំ​គជប ដឹកនាំ​ដោយ​លោក​ស៊ិ​ក​ប៊ុន​ហុក និង​លោក​គួ​យ​ប៊ុន​រឿន បាន​ចុះទៅ​ពិធី​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គជប បាន​ថ្លែងថា ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាក​ល្បង ដោយ​ប្រើ​កុំ​ព្យួ​ទ័​រ មាន​ទាំង​ថតរូប និង​ស្នាម​មេដៃ​អ្នកបោះឆ្នោត​ផង​នោះ គឺ​គជប មាន​គោលដៅ​ក្នុងការ​ទប់ស្កាត់​អ្នក​បន្លំ​ចុះឈ្មោះ​ច្រើនដង ហើយ​យើង​ចង់​រៀបចំ​បញ្ជី​បោះឆ្នោត​មួយ មាន​តម្លាភាព និង​មាន​គុណភាព ព្រមទាំង​មាន​សុវត្ថិភាព​។​

​បន្ទាប់ពី​គជប រៀបចំ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​នេះ​រួម គជប​នឹង​រៀបចំ​ការចុះឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ធ្វើបញ្ជី​បោះឆ្នោត​ថ្មី នា​ឆ្នាំ​២០១៦​។ ការធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី សម្រាប់​ត្រៀម​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨៕​