ចោរ​អាជីព​ធ្លាប់​ជាប់គុក​៤​លើក​ ​​ចេញ​មកវិញ​លួច​ទៀត ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ឲ្យ​​​​ដេក​គុ​ក​វិញ

ខេត្តកំពង់ចាម​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ នេះសមត្ថកិច្ចបាន​បញ្ជូន​ជនសង្ស័យ​​​សកម្ម​ខាងកាច់​សោ​.ក​ម៉ូតូ​ម្នាក់​ឈ្មោះ ហេង សុភាព ហៅ​ផល​ ហៅ​សិទ្ធ អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​ស្រុកសាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលធ្លាប់​ជាប់​ពន្ធនាគារ​៤​លើកហើយ​ទៅ​កាន់​សាលាដំបូង​ខេត្តដើម្បី​ឲ្យ​ដេក​នៅ​កន្លែង​ដើម​វិញ ​​ពី​បទ​ចោរកម្ម​លួច​ម៉ូតូនៅ​កន្លែង​តាំង​ពិ​ព័រណ៌កម្ពុជា-ថៃ​ ស្ថិត​នៅ​មាត់ទន្លេ​មេគ​ង្គ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​កំពង់ចាមប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៩​ តុលា​ កន្លង​ទៅ​ ជនសង្ស័យឈ្មោះ​សិទ្ធ បាន​បន្លំ​ដើរ​ចូល​ទៅ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​កន្លែង​តាំង​ពិ​ព័រណ៌​ខាងលើ ដោយ​បាន​ចូល​ទៅ​កាច់​សោ​.កម៉ូតូ​ម៉ាកឌ្រីម C 125 ស៊េរី​២០១៤ តែ​មិន​បាន​សំរេច​ឡើយ​ត្រូវ​បាន​​ក្រុមអ្នក​ផ្ញើរ​ម៉ូតូ​ឃើញ​ទាន់​​ចាប់​មក​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ដែរ ។

មន្ត្រី​នគរបាល​ក្រុង​កំពង់ចាម​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​វត្ថុ​តាង​នៅ​លើ​ខ្លួនជន​សង្ស័យ​គេ​ឃើញ​មាន​ឧ​បករណ៍​កាច់​សោ​.ក​ម៉ូតូ​ចំនួន​៤ កូនសោ៥ ត្រូវ​បាន​បញ្ជូន​មក​កាន់អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាមដើម្បី​សួរនាំ​។    

​នៅចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យបាន​ឆ្លើយ​ថា រូបគេ​​​ត្រូវបាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ខេត្តនៅ​ថ្ងៃ​ទី​២៨ សីហា ២០១៥ ហើយ​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តចំនួន​៤​លើក ​ក្នុង​នោះ​លើក​ទី​១នៅ​មុន​ឆ្នាំ​២០០២  ជាប់​ពន្ធនាគារ​ខេត្ត​២​ខែ លើក​ទី​២​លួច​ម៉ូតូ​នៅ​ស្រុក​កំពង់សៀម ឆ្នាំ២០០២ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ខេត្តមិន​បាន​ចាប់​អារ​ម្ម​ណ៍ជាប់​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ លើក​ទី​៣ លួច​ម៉ូតូ​នៅ​ក្រុង​កំពង់ចាម ជាប់​ពន្ធនាគារ​ខេត្ត​៤​ខែ លើក​ទី​៤លួច​ម៉ូតូ​ម៉ាក​ស្តូ​​ពី​នៅ​ក្នុង​សាធារណការ​ខេត្ត ​ថ្ងៃ​ទី​៣០ សីហា  ២០១៤ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ខេត្ត ហើយ​លើក​នេះ​ទៀត​ជាលើក​ទី​៥​ហើយ​លួច​មិន​បាន​សំរេច៕