អគ្គិភ័យដែល​​​​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​​​​នៅ​ក្រុង​កំពង់​ឆ្នាំង​មុន​នេះ​​​​​ ១​ខ្នង​ឆេះ​​​អស់​១០០% ​១​ខ្នង​​ឆេះ​អស់​៥០%

ខេត្ត​កំពង់​ឆ្នាំ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន បានឱ្យ​ដឹង​​បន្ត​ទៀត​ថា ​​អគ្គិភ័យ​​ដែល​​​លេប​ត្របាក់​លំនៅ​ឋាន​របស់​ពលរដ្ឋ កាល​ពី​វេលា​ម៉ោង​១២និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​១​ វិច្ឆិកា ​​ផ្ទះ​ពលរដ្ឋ​​១​ខ្នង​​ត្រូវ​​ឆេះ​​អស់ហ្មត់ ​និង​១​ខ្នង​ទៀត​​ឆេះ​​អស់​៥០​ភាគរយ ស្ថិត​ភូមិ​ផ្សារ​លើ​ ក្រុង​ផ្សារ​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ​​​ ។

ប្រភព​ព័ត៌មាន​​​ ​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង​នោះ​​ ​​​​​​​​ទំហំ​៧ម៉ែត្រ​គុណ​១០ម៉ែត្រ​ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ​​ជញ្ជាំង​ស្លឹក ​ដែល​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ ព្រុំ សុភី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ ចំណែក​​​​ផ្ទះ​១​ខ្នងទៀត ឆេះ​អស់​៥០​ភាគរយ ទំហំ​៧ម៉ែត្រ​គុណ​៨ម៉ែត្រ​ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ទេព សួង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ។

​ប្រភព​បន្ត​ថា ​អគ្គិភ័យ​​ខាង​លើនេះ បណ្តាល​មក​ពី​ការ​ទុស្សេខ្សែភ្លើង​​នៅ​​ផ្ទះ​​ព្រុំ​ សុភី ​​​បាន​រាល​ដាល​​ដល់​ផ្ទះ​មួយ​ខ្នង​ទៀត ​ហើ​យ​​រថយន្ត​​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​អន្តរា​គមន៍​ជួយ​បាញ់​ទឹក​ពន្លត់​​​​ទើប​រលត់​​​​​ មិន​បណ្តាល​ឱ្យ​រាលដាល​ដល់​​លំនៅ​ឋាន​អ្នក​ជិត​ខាង​​ផ្សេង​ទៀត​ឡើយ ។​

​​សម្ភារ​​​នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​ភ្លើង​​បំផ្លាញ​​ ​​រួម​មាន ប្រាក់​​ខ្មែរ​ចំនួន​២០ម៉ឺន​រៀល មាស​១ជី កង់​ចំនួន​៥​គ្រឿង ទូរស័ព្ទ​ដៃ​២គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​ ៕ ​