រថយន្ត​តូ​យ៉ូ​តា​១​បាំង​កន្លះកៀរ​​​រ៉ឺ​ម៉កម៉ូតូ​​ដឹក​កញ្ចក់​ធ្លាក់​​ផ្លូវ​ក្រឡាប់​ផ្ងា​រជើង របួស​ធ្ងន់​-ស្រាល​៤នាក់

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​បាន​រង​របួសធ្ងន់ និង​អ្នក​​រួម​ដំណើរ​៣នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​កៀររហូត​ធ្លាក់​ចុះ​ពីលើ​ផ្លូវ​កំពស់​ជាង​៧​ម៉ែត្រ​។

ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣១​ តុលា នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​១ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ​​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ពួក​គេ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​កញ្ចក់​ចេញពី​ម្តុំ​ផ្សារ​ព្រែក​ថ្មី​លើក្នុងស្រុក​លើក​ដែក​ ខេត្តកណ្តាល ដឹក​កញ្ចក់​យក​មក​ឱ្យម៉ូយ​នៅ​ម្តុំ​ក្រោយ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ក្នុង​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ប៉ុន្តែ​ពេល​ដែល​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គេ​បើក​ចុះ​ពីលើ​ស្ពាន​អ្នក​លឿងមក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​១គ្រឿង​ម៉ាក​តូ​យ៉ូ​តា​១​បាំង​កន្លះ ពណ៌​ស បើក​មក​ពីក្រោយ​ ហើយ​កៀរ​រ៉ឺ​ម៉ក​ពួក​គេ រហូត​​ពីធ្លាក់​ចុះ​ទៅ​ក្រោម​កំពស់​ជាង​៧​ម៉ែត្រ ក្រឡាប់​៤-៥​ត្រឡប់​ធ្លាក់​ទៅ​ក្រោម​ថ្នល់ ធ្វើ​ឱ្យមនុស្ស​៣​នាក់ដែល​ជិះ​នៅ​ខាងក្រោយ​ជាមួយ​កញ្ចក់ខ្ទាត​ចេញពី​រ៉ឺ​ម៉ក​របួសស្រាល ចំណែក​អ្នក​បើក​ត្រូវ​រ៉ឺ​ម៉ក​សង្កត់ពីលើ​របួសធ្ងន់​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា ក្រោយ​ពី​បើក​កៀរ​ម៉ូតូ​រ៉ឺ​ម៉ក​ជន​រង​គ្រោះ​ឱ្យធ្លាក់​ក្រឡាប់​ទៅ​ខាងក្រោម​ផ្លូវ​ភ្លាម រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​បើក​រត់គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​ភ្លាម ដោយ​គ្មាន​នរណា​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែក​សមត្ថកិច្ច​ក្រោយ​កើតហេតុ​ប្រមាណ​ជា​១០​នាទី​ទើប​មក​ដល់ បាន​ត្រឹមតែ​ឈរ​មើល​ជន​រង​គ្រោះនាំ​គ្នា​លើក​ទាញ​រ៉ឺ​ម៉ក និង​ប្រមូល​កញ្ចក់​ដែល​នៅ​ល្អ​ទុក​វិញ​ប៉ុណ្ណោះ​៕