រកឃើញ​ប្រអប់​ខ្មៅ ក្រោយ​ធ្លាក់​យន្តហោះ​រុស្ស៊ី និង​សាក​សព១២៩​នាក់ ត្រូវ​បាន​ក្រុមអ្នកជួយ​សង្គ្រោះ​កកាយ​ចេញ​ពីកន្លែង កើតហេតុ

កៃរ៉ូ៖ ក្រោយពីមានករណីធ្លាក់យន្តហោះរបស់រុស្ស៊ី ដែលបានដឹកអ្នកដំណើរជាង២០០នាក់ ហើយបានធ្លាក់នៅក្នុងក្រុងស៊ីណៃ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ មកដល់ពេលនេះបានរកឃើញ ប្រអប់ខ្មៅយន្តហោះ ហើយ រីឯក្រុមអ្នកជួយសង្គ្រោះក៏បានកកាយយកសាកសព ចេញបានចំនួន១២៩នាក់ហើយដែរ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅភាគខាងជើងក្រុងស៊ីណៃ ប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃម្សិលមិញ បានធ្វើឲ្យមានការភ្ញាក់ផ្អើរនៅទូទាំងពិភពលោក ព្រោះមានអ្នកដំណើរនៅលើយន្តហោះជាង២០០នាក់ រងគ្រោះថ្នាក់ ហើយក្នុងនោះភាគច្រើនជាជនជាតិរុស្ស៊ីតែម្តង ។

តាមការអះអាងពីក្រុមរដ្ឋឥស្លាម បានឲ្យដឹងថា ការធ្លាក់យន្តហោះនេះជាទង្វើរបស់ពួកគេ ដែលធ្វើឲ្យយន្តហោះជួបនូវគ្រោះថ្នាក់ធ្លាក់ តែអ្វីដែលគេបានសន្និដ្ឋាននោះ គឺវាក៏អាស្រ័យលើការផ្តល់ព័ត៌មានត្រឡប់ជាក់ ច្បាស់តាមរយៈប្រអប់ខ្មៅ ព្រោះថាពេលនេះ ប្រអប់ខ្មៅត្រូវបានគេរកឃើញហើយ ។

តាមការប្រកាសព័ត៌មានមួយចេញដោយក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប បានបញ្ជាក់ថា អ្នកដំណើរចំនួន២២៤នាក់ ដែលនៅក្នុងយន្តហោះបានធ្លាក់ នោះគឺបូករួមទាំងអ្នកបើកបរផងដែរ សុទ្ធសឹងជួបគ្រោះថ្នាក់ទាំងអស់គ្នា ។

តាមការអះអាងពីអ្នកជំនាញបានឲ្យដឹងថា "បើតាមមើលទៅ យន្តហោះបានបើកក្នុងដំណើរមួួយល្អ ដោយមានរយៈកម្ពស់ ខ្ពស់ត្រឹមត្រូវ មិនគួរនិងផ្តល់ឳកាសឲ្យសត្រូវណាមួយបាញ់ទម្លាក់បាននោះទេ" ។ ដូច្នេះ មូលហេតុនៃការបង្កឲ្យយន្តហោះ ធ្លាក់ "វាមិនទាន់ច្បាស់លាស់នោះទេ" ។

គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះជាប្រភេទយន្តហោះ Airbus A321 ដែលកម្រនឹងធ្លាក់ណាស់ តែលទ្ធផលនឹងស្តែងចេញនៅពេលប្រអប់ខ្មៅបានយកទៅវិភាគទិន្នន័យ ៕

រកឃើញ​ប្រអប់​ខ្មៅ ក្រោយ​ធ្លាក់​យន្តហោះ​រុស្ស៊ី និង​សាក​សព១២៩​នាក់ ត្រូវ​បាន​ក្រុមអ្នកជួយ​សង្គ្រោះ​កកាយ​ចេញ​ពីកន្លែង កើតហេតុ