ផ្លូវ​ក្រាល​កៅស៊ូ​ដែល​​រង​ការ​ខូចខាត​ជាង​២​គីឡូម៉ែត្រនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​ឡើង​វិញ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ​២០១៥​នេះ ផ្លូវ​ក្រាល​កៅស៊ូ​១ខ្សែ ប្រវែង​ជាង​២​គីឡូម៉ែត្រ ដែល​​​រង​ការ​ខូចខាត​ដូច​សំបុកមាន់ ដោយ​សារ​ទឹកភ្លៀង កាលពី​រដូវវស្សា​កន្លង​ទៅត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិនបញ្ជា​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​សារ​ជា​ថ្មី​ឡើង​វិញ​ហើយ ដែល​ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ខាងលើបាន​​​រង​ការ​ខូច​ខាតដោយសារ​ទឹកភ្លៀង​ដក់​កាលពី​រដូវវស្សា​កន្លង​ទៅ និង​អត់​មាន​ប្រព័ន្ធ​លូ​សងខាង​ផ្លូវបណ្តាល​ឱ្យ​ទឹក​ហូរ​ទៅ​ណា​មិន​រួចទើប​ទទួល​រង​ការ​ខូចខាត​បង្ក​ទៅ​ជា​ជង្ហុក​តូច-ធំ ដែល​បង្ក​ឱ្យ​មានការ​លំបាក​ក្នុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត លុះ​ក្រោយមក​ទើប​អាជ្ញាធរ​ខេត្តបាន​បញ្ជា​ឱ្យ​ខាង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​យក​គ្រឿង​ចក្រ​​ឈូស​ពង្រាប និង​ដឹក​ដី​ភ្នំ យក​ទៅ​ចាក់​ពីលើ​ឱ្យ​ខ្ពស់សាងសង់​សារ​ជា​ថ្មី​ឡើង​វិញ ។

ចំណែក​លោក ឌឹ​ន គឹ​ម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបានឱ្យ​ដឹង​ថា ផ្លូវថ្នល់​ក្រាល​កៅស៊ូ​១​ខ្សែ ដែល​មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​ទឹកភ្លៀង​កាលពី​រដូវវស្សា​កន្លង​ទៅ​នេះ ខាង​មន្ទីរ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនឱ្យ​ផ្តល់​ថវិកា​យក​មក​ធ្វើការ​ជួសជុល​សារ​ជា​ថ្មី​ឡើង​វិញ ។

លោក​បាន​បន្ត​ទៀត​ថា ការ​ជួសជុល​នេះខាង​មន្ទីរ​អត់​បាន​ធ្វើ​លូ​បង្ហូរទឹក​សងខាង​ផ្លូវ​នោះ​ឡើយទុក​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ចុះ​ដេញថ្លៃ​ជួសជុល ។ ចំណែក​ខាង​លោក​គ្រាន់តែ​ដឹក​ដី​ភ្នំ​ចាក់​ឱ្យ​ខ្ពស់ដើម្បី​ឱ្យ​ដក់​ទឹក រួច​ក្រាល​កៅស៊ូ​ប៉ុណ្ណោះជា​ការ​ស្រេច ។

លោក​បញ្ជាក់​ទៀត​ថា ការ​សាងសង់​ផ្លូវ​នេះ គឺ​ធ្វើ​ចាប់តាំងពី​ពេល​នេះរហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ ទើប​រួចរាល់​ជា​ស្ថាពរ ហើយ​ខាង​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ផ្លូវ​១​ខ្សែ​នេះទទួល​បាន​នូវ​គុណ​ភាពល្អ និង​បង្ក​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ផង​ដែរ ៕ ​