ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​២៦​ស្រះដែល​ធ្វើ​រំលោភ​ចូល​ដី​បឹង​ចាក់​ខ្លាញ់ អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់​ចាក់​ដី​លុប​វិញ

ខេត្ត​ព្រៃវែង ៖ សមត្ថកិច្ច​ចម្រុះ​១​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក ភុ​ន សម្ផស្ស អភិបាលរង​ស្រុក​ពាមរ​ក៍បាន​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​តាម​ស្រះចំនួន​១៨​គ្រួសារ​នៅភូមិ​បាទី ឃុំ​ពាមរ​ក៍ ស្រុក​ពាមរ​ក៍ ដែល​ពួក​គេ​បាន​ជីក​ស្រះ​ចិញ្ចឹម​ត្រី​រំលោភ​ចូល​ក្នុង​ដី​បឹង​ចាក់​ខ្លាញ់ ដែល​ជា​បឹង​ធម្មជាតិ​។

លោក ភុ​ន សម្ផស្ស អភិបាលរង​ស្រុក​ពាមរ​ក៍​បានឱ្យ​ដឹង​ថា ក្នុង​សកម្មភាព​ចុះ​មិន​ត្រឹមតែ​អប់រំ​ណែនាំ​ប៉ុណ្ណោះ​ទេ គឺ​អាជ្ញាធរ​ស្រុក​តម្រូវ​ឱ្យ​ម្ចាស់​ស្រះ​ទាំងអស់ត្រូវ​តែ​ចាក់​ដី​លុប​ស្រះ​ទាំងនោះ​វិញ ដោយ​ធ្វើ​កិច្ចសន្យា​ទុក​រយៈពេល​ឱ្យ​ចំនួន​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ​តុលា រហូត​ដល់​ថ្ងៃ​ទី​៦ ​វិច្ឆិកា ហើយ​បើ​ផុតកំណត់​ហើយ​ម្ចាស់​ស្រះ​ទាំងនោះ​នៅ​មិន​ព្រមលុប​ស្រះ​ទៀត អាជ្ញាធរ​ស្រុក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​ចាក់​ដី​លុប​ស្រះ​ទាំងនោះ​ចោល ហើយ​ធ្វើការ​​ពិន័យ​ម្ចាស់​ស្រះ​តែ​ម្តង​។

លោក ភុ​ន សម្ផស្ស បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ដែល​សមត្ថកិច្ច​ចំរុះ​ចុះ​មក​ចាប់បង្ខំ​ឱ្យម្ចាស់​ស្រះ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​លុប​ស្រះ​ដោយ​ខ្លួនឯង​នោះ គឺ​អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ជូនដំណឹង​ដល់​ម្ចាស់​ស្រះ​ទាំង​អស់នោះ ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ គឺ​ឱ្យ​លុប​ស្រះ​ដែល​ជីករំលោភ​ចូល​ដី​បឹង​ចាក់​ខ្លាញ់​នេះ​វិញ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ព្រម​ធ្វើ​តាម ទើប​អាជ្ញាធរ​សំរេចដឹកនាំ​កំលាំង​ជំនាញ​ចុះ​មក​ដល់​ផ្ទះ​របស់​ពួក​គាត់ និង​តម្រូវឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​លុបស្រះ​ដោយ​ខ្លួនឯង​តែ​ម្តង​៕