នគរ​បាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិ​​នី​ហ្សេ​រី​យ៉ា៤៥​នាក់​រស់នៅ​ខុសច្បាប់

រាជ​ធានីភ្នំពេញ ៖ កម្លាំង​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាននគរបាល​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃបាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​ស្នាក់​នៅរបស់​ជនបរទេស​មួយ​កន្លែងដោយ​បាន​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ាបាន​ចំនួន៤៥​នាក់ដែល​រក​ឃើញ​ថា ​ពួក​គេ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់លើស​ទិដ្ឋាការ លិខិតឆ្លងដែន​ក្លែងក្លាយ កោស​លប់ក្លែង​ត្រា​ចេញចូល​ប្រទេស​។

ការ​ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​នោះបាន​ធ្វើ​ឡើង​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​៣១​ តុលា  ​២០១៥ នៅចំណុច​ផ្ទះ​ជួលស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។       

មន្ត្រី​នគរបាល​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាននគរបាល​អន្តោប្រវេសន៍បាន​ឲ្យ​ដឹង​ថា ចំណុច​ផ្ទះ​ជួល​ខាងលើ​ គឺជា​កន្លែង​ស្នាក់​នៅ​​លួចលាក់​របស់ក្រុម​ជនជាតិ​ស្បែក​ខ្មៅនី​ហ្ស៊េ​រី​យ៉ា​ដោយ​ពួក​គេ​ឆ្លង​ដែន​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់លើស​ទិ​ដ្ឋា​ការ លិខិតឆ្លងដែន​ក្លែងក្លាយ​កោសលប់​កែ​ថ្ងៃខែ​ឆ្នាំ ឬ​សុពលភាព ក្នុង​លិខិតឆ្លងដែន និង​ក្លែង​ត្រា​ចេញចូល​ប្រទេស​ជាដើម​។

បន្ទាប់​ពី​ធ្វើការស្រាវជ្រាវ និង​ស៊ើបអង្កេត​ដឹង​ច្បាស់​ហើយ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យដោយ​មានការ​ឯកភាព​ពី​សំណាក់ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រងអម​អយ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ និង​បានឃាត់ខ្លួន​បាន​ចំនួន៤៥នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងអស់។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​បាន ជនបរទេស​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ទៅ​កាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដើម្បី​ត្រួតពិនិត្យ​សាកសួរ​តាម​ជំនាញ ហើយ​បើ​ឃើញ​ថា នរណា​ម្នាក់​មានឯកសារ​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​តាម​ច្បាប់ អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បន្ត​ទៀត​បាន​ប៉ុន្តែ​ប្រសិនបើ​ពិនិត្យ​ឃើញ​ថា គ្មាន​ឯកសារ​ត្រឹមត្រូវ​ទេ និង​អនុវត្ត​តាម​ច្បាប់​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​៕
       ​