ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋសភា​រឿង​អភិវឌ្ឍ​មាត់​ទន្លេ​ប៉ះពាល់​ពលរដ្ឋ

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​អន្តរាគមន៍​ពី​គណៈកម្មការ​ជំនាញ​រដ្ឋសភា រឿង​អាជ្ញាធរ​អភិវឌ្ឍ​មាត់​ទន្លេ​ប៉ះពាល់​ដល់​ពលរដ្ឋ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​មាត់​ទន្លេ​ផ្សារ​ក្រោម អនុវត្ត​ទៅ​តាម​ជំហាន​ជាក់លាក់ ហើយ​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ជំទាស់​នា​ពេល​នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង។

នៅ​ក្នុង​លិខិត​ចុះ​ហត្ថលេខា​រួម​គ្នា​របស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ចំនួន​បួន​រូប ដែល​ការិយាល័យ​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បញ្ជូន​ទៅ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា នោះ បាន​ស្នើ​ឲ្យ​គណៈកម្មការ​ចុះ​ស៊ើប​អង្កេត​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​អ្នក​ភូមិ​បណ្ដែត​ទឹក និង​ផ្ទះ​ជាច្រើន​ខ្នង​ទៀត​របស់​ប្រជាពលរដ្ឋ សង់​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​ផ្សារ​ក្រោម។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ គឺ​លោក កែវ ថៃ ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ថា រាល់​កិច្ច​ប្រជុំ​អនុម័ត​លើ​គម្រោង​អ្វី​មួយ​ដោយ​ក្រុម​ប្រឹក្សា​ខេត្ត ធ្វើ​ឡើង​យ៉ាង​តក់​ក្រហល់ និង​មិន​បាន​សិក្សា​ច្បាស់លាស់។ ជាក់ស្ដែង គម្រោង​អភិវឌ្ឍន៍​សួន​ច្បារ​ផ្សារ​ក្រោម​នេះ គ្មាន​ឯកសារ​បង្ហាញ​ពី​នីតិវិធី​វាយ​តម្លៃ​ផល​ប៉ះពាល់ ឬ​ផ្ដល់​សំណង ហើយ​ត្រូវ​ប្ដូរ​លំនៅឋាន​របស់​ពលរដ្ឋ​ទៅ​រស់នៅ​កន្លែង​ណា​ឲ្យ​បាន​សមរម្យ៖ «គេ​អត់​បាន​ឆ្លើយ​តប​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ឆ្លើយ​ជា​កញ្ចប់ៗ ហើយ​អា​កញ្ចប់ៗ​នោះ​មាន​អាថ៌កំបាំង​ច្រើន ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ព្រួយ​បារម្ភ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា បច្ចុប្បន្ន អាជ្ញាធរ​បាន​បញ្ចប់​ការ​អនុវត្ត​ជំហាន​ទី​២ ក្នុង​ចំណោម​គោលការណ៍​ចំនួន ៧​ជំហាន ដើម្បី​អនុវត្ត​បញ្ចប់​គម្រោង​ទាំង​មូល​ក្នុង​រយៈពេល ៥​ឆ្នាំ។ លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ប្រឆាំង​ផ្កាប់​មុខ​ដោយ​មិន​គិត​អំពី​ការ​អភិវឌ្ឍ និង​ផល​ប្រយោជន៍​រួម​របស់​ប្រជារាស្ត្រ​នោះ​ទេ៖ «ខ្ញុំ​មិន​ថា​គាត់​យល់​យ៉ាង​ម៉េច ប៉ុន្តែ​ផែនការ​គាត់​អនុម័ត​ឲ្យ​ខេត្ត​អនុវត្ដ គាត់​គួរ​ឈរ​លើ​គោលការណ៍​បម្រើ​រាស្ដ្រ។ ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ កុំ​ឲ្យ​ថា​ប្រឆាំង​ផ្កាប់​មុខ​ពេក ស្អី​ក៏​ស្អី​ក៏​ខុស»

លោក​បន្ថែម​ថា ជំហាន​ទី​១ ដែល​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​អំពី​គម្រោង​អភិវឌ្ឍន៍​នោះ អាជ្ញាធរ​ពាក់ព័ន្ធ បាន​រៀបចំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ក្នុង​ខេត្ត និង​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ផ្ទាល់ ដោយ​ចែក​លិខិត​ជូន​ដំណឹង​នេះ​ចំនួន ១​ពាន់​ច្បាប់​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពី ៤ ទៅ ៥​ដង​ទៀត​ផង។

យ៉ាង​ណា ពលរដ្ឋ និង​ជា​ម្ចាស់​ហាង​ជួសជុល​ទូរស័ព្ទ​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម គឺ​លោក សឿន បូរ៉ា ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ រូប​លោក និង​អ្នក​ក្បែរ​ខាង​ជាច្រើន​ទៀត មិន​ទាន់​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​នៅ​ឡើយ។ លោក​ថា ការ​ប្រជុំ​ផ្សព្វផ្សាយ​កន្លង​មក​នោះ ក៏​ពុំ​មាន​ភាព​ច្បាស់លាស់​ដែរ ហើយ​ពលរដ្ឋ​ដឹង​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ៖ «បើ​សិន​ជា​គេ​ដក​ឲ្យ​ទៅ​នៅ​ត្រង់​ណា​ផ្សេង ចេះ​តែ​បារម្ភ ព្រោះ​យើង​ត្រូវ​ចាប់​ផ្ដើម​សាជាថ្មី​ពី​ការ​រស់នៅ ទាំង​ការ​រក​ស៊ី​អ៊ីចឹង​ណា​បង»

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួន​ច្បារ កន្លែង​ហាត់​ប្រាណ និង​វេទិកា នៅ​អែប​មាត់​ទន្លេ​ផ្សារ​ក្រោម​ប្រវែង​ជិត ៣​គីឡូ​ម៉ែត្រ ចាប់​ពី​មុខ​វត្ត​លោក​យាយ​ទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ក្នុង​សង្កាត់​ផ្សារឆ្នាំង។ យ៉ាង​ណា អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់ ឬ​ប្រភព​ជំនួយ ដើម្បី​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​សោភ័ណភាព​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។