នាយករដ្ឋមន្ត្រី៖ ប្រាក់សោធននិវត្តន៍ មន្រ្តីរាជការ-កងកម្លាំង​ប្រដាប់អាវុធ នឹង​ឡើង​ទាបបំផុត​៤៨ម៉ឺនរៀល​ នៅ​ឆ្នាំ​២០១៨​ (មានសំឡេង)

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ប្រាក់សោធននិវត្តន៍ របស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ នឹងកើនជាបន្តបន្ទាប់ទាបបំផុត ៤៨ម៉ឺនរៀល នៅឆ្នាំ២០១៨ ខណៈដែលមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធមិនទាន់ចូលនិវត្តន៍ នឹងកើនដល់តិចបំផុត ១លានរៀលដែរ។

ការប្រកាសជាថ្មីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ យុទ្ធជនពិការ និងប្រជាពលរដ្ឋ នៅតំបន់តាកែនកោះស្លា ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណា កាត់បន្ថយគម្លាតប្រាក់សោធននិវត្តន៍ រវាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍មុនៗ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទើបនឹងចូលនិវត្តន៍ថ្មីៗ ធ្វើយ៉ាងណាកុំឱ្យមានគម្លាតពីគ្នាខ្លាំងផងដែរ។