ពិធី​ប្រណាំងទូក​​​ប្រ​ពៃ​ណី​ខ្នាត​អន្តរជាតិ​ និង​ទូក​បីសន្លឹក​ឆ្នាំ​២០១៥​នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង

ខេត្ត​ស្វាយ​រៀង ​៖​ កាល​ពីវេលា​ម៉ោង​៨​​ព្រឹក ​ថ្ងៃ​ទី​០១​ ​វិច្ឆិកា​ ២០១៥​​ មានការ​រៀបចំ​ប្រណាំង​ទូក.ង​ និង​ទូក​បីសន្លឹក​នៅ​ទន្លេ​វ៉ៃ​គោរដ្ឋបាល​ខេត្តស្វាយរៀង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ បណ្ដែត​ប្រ​ទើប ​សំពះ​ព្រះ​ខែ​។

​លោកជៀង​ អំ អភិបាលខេត្ត​បាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទូក.ង​ខ្នាត​អន្តរជាតិ​ និង​ក្ដា​របីសន្លឹក​ដាក់​ពាក្យ​ចូលរួម​ប្រណាំង​មាន​ទូក.ង​ខ្នាត​អន្តរជាតិ ​និង​ក្ដា​របី​សន្លឹង​តាម​បណ្ដា​ស្រុក​ទូ​ទាំង​ខេត្ត​ និង​ទូក.ង​ខ្នាត​អន្តរជាតិ​កងរាជអាវុធហត្ថ​ទូ​ទាំង​២៥​ខេត្ត​-ក្រុង​រួម​ទាំង​ទូក​ខាង​ភាគី​វៀតណាម​ផង​ដែរ​សរុប​ចំនួន​៥៣​គ្រឿង​ មាន​កីឡាករ​អ្នក​អុំ​ពេញ​សិទ្ធិ​សរុប​ចំនួន​៩៥៥​នាក់ ​អ្នក​អុំ​បម្រុង​ចំនួន​២៣៨​នាក់​។ ទូក.ង​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​សរុប៤៣​គ្រឿង ​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៩២៣​នាក់ ​អ្នក​អុំ​បម្រុង​ចំនួន​២២៦​នាក់​។

ទូក​ប្រភេទ​ទូក​ក្ដា​បីសន្លឹក​សរុប​១១​គ្រឿង ​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៣២​នាក់ ​អ្នក​អុំ​បម្រុង​ចំនួន​១២​នាក់​។ លោកស៊ុំ សុ​ជាតិ បាន​បន្ត​ថា សរុប​រួម​(​ក​+​ខ​+ គ​)​កីឡាករ​ទាំងអស់​ចំនួន​១.១៩៣​នាក់ ​ប្រតិភូ​ដឹកនាំ​ទូក​សរុប​២៣១​នាក់ ​និង​ចុងភៅ​សរុប​១១៧​នាក់​ ស្រី​២​នាក់​ផង​ដែរ​។

អញ្ជើញ​ជា​គណៈអធិបតី​ពី​លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន​ សំ​អន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច លោក​ជៀង​ អំ​ អភិបាលខេត្ត ​ព្រមទាំង ឯកឧត្តម ​លោក​ជំទាវ​ ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​។

សូម​បញ្ជាក់​ថា ​ការ​ប្រណាំង​ទូក.ង​ក្នុង​ខេត្តស្វាយរៀង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោកនាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​រួម​ទាំង​សប្បុរសជន​នានា​ទាំង​ក្នុង​​​​ និង​ក្រៅ​ខេត្ត​ផង​ដែរ​៕