ស្ត្រី​ម្នាក់​ដោយសារ​តែ​ភាព​ក្រីក្រ និង​អត់ឃ្លានបាន​រើស​ត្រី​ក្រពត​ដែល​គេ​ចោល​យក​ទៅ​ហូប​​ពុល​ស្លាប់​

ខេត្ត​កំពង់​ធំ​ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ ​តុលា ​២០១៥ ដោយសារ​តែ​ស្ត្រី​អភ័ព្វ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ហូប​​ត្រីក្រពត​​រួច។

បើ​តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និយាយ​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឆែម ញ៉ អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ថា​ន់ ទិន អាយុ​៤០ឆ្នាំ មានកូន​២​នាក់ កូនស្រី​ឈ្មោះ ឆែម កញ្ញា​ អាយុ​១៤ឆ្នាំ និង​កូនប្រុស​ឈ្មោះ ឆែម ទី​ន អាយុ​១០ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​សុទ្ធតែ​មាន​សតិ​មិនសូវ​គ្រប់ទឹក​នោះទេ ​ចំណែកឯ​កូនប្រុស​ស្រី​ទៀត​សោ​ធ​ន៍ក៏​មាន​សតិ​ដូច​ជា​ឪពុក​ម្តាយ​របស់​ពួក​គេ​ដែរ​។

​ពួក​គេ​មាន​ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​ខ្លាំង​ណាស់ រកតែ​អង្ករច្រក​ឆ្នាំង​ស្ទើ​រពុំ​បាន រក​ព្រឹក​ខ្វះ​ល្ងាច រស់នៅ​ក្នុង​ខ្ទម​ប្រក់​ស្លឹក​ត្នោត ជញ្ជាំង​បាំង​ស្លឹក ស្ថិត​ក្នុងភូមិ​កងមាស ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៍ ​។ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​​ដើរ​ស៊ីឈ្នួលដក​ព្រលឹត និង​បេះ​ត្រាវ​គៀត​លក់ បាន​ប្រទះ​ឃើញ​ត្រីក្រពត​ដែល​​គេ​ចាក់ចោល​​​​​ ​​ក៏​រើស​ត្រី​កំពត​នោះយក​មក​ប្រឡាក់​អាំង​ហូប​ជាមួយ​​​កូន​ៗ ធ្វើ​ឱ្យពុល​​​ស្លាប់​​ក្រោយ​ហូប​រួច​បាន​មួយ​សន្ទុះ ចំណែក​កូន​ទាំង​២​នាក់​ពួក​គេ​ហូប​តិច គ្រាន់តែ​ងឺ​ងើ​ៗ ដោយ​ឡែក​​ប្តី​របស់​ស្ត្រី​រង​គ្រោះ​​​ពុំ​បាន​ហូប ទើបមិន​ពុល។

​ដោយសារ​តែ​ឃើញ​គ្រួសារ​ស្ត្រី​រង​គ្រោះក្រីក្រ​ពេក​ទើប​ប្រជាពលរដ្ឋ គណៈកម្មការ និង​ព្រះសង្ឃ​សម្រេច​ធ្វើបុណ្យ​បង្គ្រប់កិច្ច​នៅ​ក្នុង​វត្ត​តែ​ម្តង​ទៅ​​។ ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ភថា​ អត់​ពី​ប្រពន្ធ និង​អត់​ពី​ម្តាយ​ទៅ​តើ​ឲ្យ​សង្ឃឹម​អ្វី បើ​ឪពុក​មាន​សតិ​មិន​គ្រប់​ធ្វើការ​អ្វី​មិនកើត ចំណែក​កូន​ក៏​មិនសូវ​គ្រប់​ដូច​គ្នា រស់​បាន​ដោយសារ​ម្តាយ​ក៏​មិនសូវ​គ្រប់​ដូច​គ្នា​ដែរ តែ​នៅ​គ្រាន់​ជា​ងប្តី​បន្តិច ចេះ​ដើរ​បេះបោច​ណេះណោះ​លក់​ ឥឡូវ​ត្រូវ​ស្លាប់​ទៅ​ទៀត ​?

​ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​សប្បុរស់ជន​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​អង្គការ​ផ្សេង​ៗ សូម​អាណិត​មេត្តា​ជួយ​ស្រោចស្រង់​ដល់​ក្រុម​គ្រួសារ​ខាងលើ​នេះ​ផង ជា​ពិសេស​ជួយ​យក​កូន​ៗ​ទាំង​២​នាក់​ដែល​ខ្សោយ​សតិ​ទៅ​បណ្តុះបណ្តាល​ក្រែង​​អាចក្លាយទៅជា​មនុស្ស​ល្អ​ដូច​គេ​ដូច​ឯង​នៅ​ថ្ងៃក្រោយ​៕