ពេជ្រ សីហា ចាញ់ ខណៈ សា​រឿ​ន ច័ន្ទ ឈ្នះ​ថៃ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍​ទី​៣១ តុលា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEV-TV) កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ពេជ្រ សីហា មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​នោះ​ទេ ។ ចំណែក សា​រឿ​ន ច័ន្ទ ដែល​មិនសូវ​ខ្លាំង និង​ល្បីឈ្មោះ​ឯណោះ​វិញ បែរជា​មាន​វាសនា​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​ទៅ​វិញ ។

មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ​នៅ​ពេល​កីឡាករ​ពេជ្រ សីហា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា គឺជា​គ្រាប់ពេជ្រ​ប្រចាំ​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ​បាន​ក្លាយជា​អ្នក​ចាញ់​ពិន្ទុ​កីឡាករ​ថ ៃ​Debanchong Fartex កាលពី​ថ្ងៃ​សៅរ៍​នោះ ។ បើ​ទោះជា​កីឡាករ​ថៃ គឺជា​ម្ចាស់​ខ្សែក្រវាត់ និង​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​បច្ចេកទេស​ប្រយុទ្ធ​របស់​គេ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​មានការ​រិះគន់​នៅ​ពេល​កីឡាករ​ពេជ្រ សីហា ហាក់​បាត់បង់​នូវ​ភាព​រហ័សរហួន ហើយ​យកឈ្នះ​មិន​បាន​។ ពេញ​រយៈពេល​៥​ទឹក បង្គោល​ក្រហម​ខាង​កម្ពុជា​សឹង​មិន​ប្រើ​ជើង​តែ​ម្ដង ដោយ​ប្រើ​តែ​ម៉ាត់ និង​កែង ដែល​បច្ចេកទេស​មួយ​នេះ គឺ​អ្នក​ណា​ក៏​មើលឃើញ​ថា ចាញ់​ប្រៀប​កីឡាករ​ថៃ ។ ទោះជា​មានឱកាស​ម៉ាត់​ត្រូវ​ចំ​ប្លង់ ប៉ុន្តែ​បើ​ធៀប​នឹង​កម្រិត​វាយ​ត្រូវ​របស់​កីឡាករ​ថៃ គឺ​គេ​ទទួល​បាន​ផ្លែផ្កា​ជាង ។ ក្នុង​ទឹក​ទី​២ កីឡាករ​ថៃ​វាយ​ឱ្យ​បង្គោល​ក្រហម​រយះ​ចិញ្ចើម ហើយ​ក្នុង​ទឹក​បន្តបន្ទាប់​កីឡាករ​ថៃ ក៏​បង្កើន​បាន​ល្អ​នូវ​កម្រិត​វាយលុក ។ អ្នក​ទស្សនា​ជា​ច្រើន​បាន​លើក​ឡើង​ថា ពេជ្រ សីហា ប្រកួត​មិនល្អ​ព្រោះតែ​ជើង​របស់​គេ​មិនសូវ​មានឱកាស​បាន​ប្រើ​ក្នុង​ពេល​ដែល​កីឡាករ​ថៃ​មាន​ភាព​រស់​រវើក​ទាំង​ដៃ និង​ជើង​ព្រម​គ្នា ។ ពេជ្រ សីហា មិន​បាន​ធ្វើការ​ឆ្លើយ​តប​ពី​ការ​ធ្លាក់ដៃ​នោះ​ទេ ប៉ុន្តែ​កីឡាករ​ដែល​ហែហម​គេ​បាន​អះអាង​ថា មក​ពី​គេ​មិន​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ញឹក​ទើប​មិនសូវ​បាន​ហ្វឹកហាត់​ជាប់លាប់ នាំ​ឱ្យ​ស្ទក់​ដៃជើង ។ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ និង​លោក​ញាន សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​ចំអក​ថា ពេជ្រ សីហា មក​ប្រកួត​ប្រដាល់​សាកល​ទើប​មិន​ប្រើ​ជើង​។ គូ​នេះ អ្នក​ទស្សនា​បានដឹង​តាំងពី​មុន​ប្រកាស​លទ្ធផល​ថា​កីឡាករ​ថៃ​នឹង​ឈ្នះ បើ​ទោះជា​ពេជ្រ សីហា ប្រឹង​ស៊ូ​ដល់​ចប់​ទឹក​ទី​៥ ។

ចំពោះ​កីឡាករ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​សម្រែក​រាជសីហ៍​វិញ បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ថ្ងៃ​នោះ ។ គេ​ប្រើ​ពេល​ត្រឹមតែ​៤​ទឹក​ប៉ុណ្ណោះ អាច​វាយ​កីឡាករ​ថៃ Sen Keng​ដែល​មក​ប្រកួត​ជំនួស Pha Ravy ឱ្យ​សន្លប់​លើ​រេញ​បាន ។ គូ​នេះ ការ​ប្រកួត​ដើម​ទី​មាន​ប្រៀប​ប្រហាក់ប្រហែល​គ្នា លុះដល់​ទឹក​ទី​៤ ទើប​កីឡាករ​កម្ពុជា​មាន​ប្រៀប​ឈ្នះ​ដាច់​ដោយសារ​តែ​មានឱកាស​វាយ​សម្រុក​ត្រូវ​កីឡាករ​ថៃ​ធ្វើ​ឱ្យ​គេ​បាត់បង់​ជំហរ ។ ទោះជា​កីឡាករ​ថៃ​មិន​ព្រម​បោះបង់​ការ​ប្រកួត​បន្ទាប់​ពី​ស៊យ​ភ្លាត់ស្នៀត ក៏​នៅ​ចុង​ទឹក​ទី​៤ កីឡាករ​សា​រឿ​ន ច័ន្ទ មានសំណាង​វ័ធ​ត្រូវ​សៀតផ្កា​ជា​ថ្មី​ម្ដងទៀត​បណ្ដាល​ឱ្យ​គេ​សន្លប់​ស្ដូក​តែ​ម្ដង ។

នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ កីឡាករ​ប៊ុ​ន សុធា មក​ពី​មជ្ឈមណ្ឌល​កីឡា​ខេមរភូមិន្ទ ឈ្នះ​ពិន្ទុ​កីឡាករ​ហ៊ា​ញ ខូច មក​ក្លិប​កងពលតូច​ឆត្រយោង​៩១១ និង​កីឡាករ​សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធិ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី វាយ​កីឡាករ​ឆាយ ម៉េ​ត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕