ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​3​ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា

រាជធានី​ភ្នំពេញ ៖ នៅ​សល់​ពេល​ប្រហែលជា​២​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​៣​នឹង​រៀបចំ​ធ្វើ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ីធី​អិន​ដែលប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា (​កម្ពុជា​-​ឡាវ​-​ថៃ​) ឡើង​ប្រកួត​ដណ្ដើមខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។

ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​២​ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​យប់​ថ្ងៃ​ទី​៣១ តុលា កន្លង​មកនេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ខ្មែរ ។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​៣​ជា​បន្ត​ទៀត ។

លោក​ម៉ា សេរី ប្រធាន​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​យប់​ទី​៣១ តុលា​កន្លង​មកនេះ​ថា សមាសភាព​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​៣​នេះ​មាន​ទាំងអស់​៨​រូប​ក្នុង​នោះកីឡាករ​កម្ពុជា​មាន​៤​រូប​គឺ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​, ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​, មិន សិលា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ។ ចំណែក​កីឡាករ​ឡាវ​មាន​២​រូប​គឺ អូ​រ៉ូ​នូ ចំប៉ា​សាក់ និង​យូ​ត​ឃុន​ផុ​ន ឯក​បាង​សាយ និង​កីឡាករ​ថៃ​ក៏​មាន​២​រូប​ដែរ​គឺ អុ​ី​ន​សាយ​ដែង ប៊ី​ង​ហ្វា​មយី​ម និង​ណា​តា​ផុ​ន កៃ​តា​វ៉​ន ។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ទី​១៤ វិច្ឆិកា ខាង​មុខ​នេះ​។ ចំពោះ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​២០​លាន​រៀល លេខ​២​ទទួល​បាន​១០​លាន​រៀល លេខ​៣​ទទួល​បាន​៦​លាន​រៀល និង​លេខ​៤​ទទួល​បាន​៣​លាន​រៀល ៕