កុមារីស្រី​ណុ​ច មាន​ទេ​ពកោសល្យផ្នែក​គូ​រគំនូរ​បាន​ទទួល​អាហារូបករណ៍​ពី​អាជ្ញាធរ​អប្សរា​​

ខេត្ត​សៀម​រាប ៖ កុមារី (​ស្រី​ណុ​ច​) ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​ផ្នែក​គូ​រគំនូរ​ទាំង​មិន​បាន​ចូល​រៀន​ផ្នែក​គំនូរ​នេះសោះ​ ​នៅ​ទីបំផុត​ត្រូវ​បាន​ផ្តល់​អាហារូបករណ៍​ឱ្យ​បាន​រៀនសូត្រ​នៅ​សាលាល្អ​មួយ​ប្រចាំ​ខេត្តសៀមរាប​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

កុមារី​ស្រី​ណុ​ច​ត្រូវ​បាន​មហាជន​ស្គាល់​មុខ​ និង​សមត្ថភាព​តាម​រយៈ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​កន្លង​មក​ថ្មី​ៗ​នេះ ហើយថ្នាក់ដឹកនាំ​អាជ្ញាធរ​អប្សរា រួម​និង​សប្បុរសជន​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់​បាន​យក​អំណោយ​មួយ​ចំនួន​ធំ​ប្រគល់ជូន​ស្រី​ណុ​ច​ និង​ក្រុម​គ្រួសារ​ផង​ដែរ។

​កន្លង​មក​លោក​សុខ​ សង្វារ​ អគ្គនាយករង​អាជ្ញាធរ​អប្សរា​បាន​សន្យា​ថា នឹង​ជួយ​ស្រី​ណុ​ច​ឱ្យ​បាន​ចូល​រៀន​ថ្នាក់​ចំណេះដឹង​ទូទៅ ចំណេះដឹង​ភាសាអង់គ្លេស និង​ថ្នាក់​ជំនាញ​ផ្សេង​ៗ​ទៀត​ផង​។ រហូត​មក​ដល់​ថ្ងៃនេះ​ស្រី​ណុ​ច​ពិតជា​មានសំណាង​ល្អ​បាន​មក​ចូល​រៀន​ក្នុង​សាលាអន្តរជាតិ​មួយ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​ពិតប្រាកដ​​​។

លោក សុខ សង្វារ បាន​បញ្ជាក់​ថា សាលា​អន្តរជាតិ​ហ្គោ​គ្លូ​ប៊​ល​បាន​ឯកភាព​ផ្តល់​អាហារូបករណ៍​ដល់​ស្រី​ណុ​ចសម្រាប់​ថ្នាក់​សិក្សា​ពេញ​ម៉ោង ទាំង​ចំណេះដឹង​ទូទៅ​ និង​ភាសាបរទេស​រហូត​ដល់​ចប់​ថ្នាក់​ទី​១២​បូក​រួម​នឹង​ការផ្តល់​សំលៀក​បំពាក់​ សម្ភារសិក្សា​ និង​អាហារ​ថ្ងៃត្រង់​៕