ពលរដ្ឋ​ខេត្ត​រតនគិរី​អះអាង​ថា​ជនជាតិ​វៀតណាម​បន្ត​លួច​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ជិត​ព្រំដែន

ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ជាប់​នឹង​តំបន់​ព្រំដែន​កម្ពុជា និង​វៀតណាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ សកម្មភាព​ឈ្មួញ​វៀតណាម បាន​លួច​ដឹក​ជញ្ជូន​គ្រឿង​យន្ត និង​កម្មករ ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​រស់នៅ​ភូមិ​តាំងលោម អះអាង​ថា ជនជាតិ​វៀតណាម មួយ​ក្រុម បាន​លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ប្រមាណ​បី​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ខាង​កើត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម។

ពលរដ្ឋ​នៃ​សហគមន៍​នេះ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ក្រុម​ជនជាតិ​វៀតណាម ដែល​ចូល​មក​លួច​កាប់​ឈើ​នេះ ដឹក​នាំ​ដោយ​ឈ្មួញ​វៀតណាម ម្នាក់​ឈ្មោះ ក្លាន ប៉ាន ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ប្រមាណ ១០​គ្រឿង រថយន្ត​ស្ទូច និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ពីរ​គ្រឿង កំពុង​អារ​រំលំ​ឈើ​មូល​នៅ​តំបន់​ភ្នំ​ពោច ហើយ​ដឹក​ជញ្ជូន​ឆ្លង​អូរ ជា​ព្រំដែន​ចូល​ទៅ​ទឹក​ដី​ប្រទេស​វៀតណាម។

សមាជិក​សហគមន៍​ដដែល​ឲ្យ​ដឹង​ថា ឈ្មួញ​វៀតណាម នេះ បាន​បង់​ប្រាក់ ៣​ពាន់​ដុល្លារ​ទៅ​ឲ្យ​មេ​ដឹក​នាំ​សហគមន៍ និង​ប្រធាន​ភូមិ ដើម្បី​បិទ​បាំង​ព័ត៌មាន​ស្ដីពី​ការ​លួច​កាប់​ឈើ​នេះ៖ «សហគមន៍​មួយ​ចំនួន​គេ​ចង់​បើក សហគមន៍​មួយ​ចំនួន​គេ​អត់​ចង់​បើក អ៊ីចឹង​រញ៉េរញ៉ៃ​អ៊ីចឹង។ គេ​ឲ្យ​លុយ​ស្រឡាញ់​ព្រៃ​ឈើ​បង់​ជា​លុយ ពួក​ខ្ញុំ​អត់​ព្រម​មិន​ចង់​យក​លុយ​ទេ ចង់​ទុក​ព្រៃ​ឈើ​វិញ។ ឮ​ថា​គេ​បង់ ៣​ពាន់​ដុល្លារ​ទាក់ទង​ជាមួយ​មេ​ភូមិ»

កាល​ពី​ខែ​កក្កដា សហគមន៍​ភូមិ​តាំងសេ មាន​ភូមិសាស្ត្រ​ជាប់​សហគមន៍​តាំងលោម បាន​រឹប​អូស​ត្រាក់ទ័រ​មួយ​គ្រឿង ឧបករណ៍​ស្ទូច និង​ឧបករណ៍​កាត់​ឈើ​របស់​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ធិញ ដែល​បាន​ចូល​មក​ស្នាក់នៅ​ក្នុង​ភូមិ ហើយ​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ចូល​កាប់​ឈើ​នៅ​ពេល​យប់ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ចន្លោះ​ច្រក​របៀង​ព្រំដែន​ប៉ុស្តិ៍​ផាតាម និង​ប៉ុស្តិ៍​ផាសាវ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ភូមិ​លោម សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ទាក់ទិន​រឿង​កាប់​ឈើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

ដោយឡែក​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ទទួល​បាន​របាយការណ៍​នេះ​នៅ​ឡើយ៖ «ចាំ​មើល​ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ទៅ​មើលៗ​វា​យ៉ាង​ម៉េច ឲ្យ​មើល​សិន​ទៅ ចាំ​ប្រាប់​ខ្ញុំ​ផង»

ដូច​គ្នា​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក វង សុកសិរី បញ្ជាក់​ថា កន្លង​ទៅ​នេះ លោក​ក៏​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​នេះ​ដែរ។ លោក​ថា នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​តំបន់​ដែល​សហគមន៍​ផ្តល់​ព័ត៌មាន​ពី​ការ​លួច​កាប់​ឈើ​នេះ៖ «ឥឡូវ​ខ្ញុំ​ឲ្យ​គេ​ចុះ​ស៊ើប​សិន បើ​ច្បាស់​ចាំ​យើង​ចាត់ការ។ ដូច​លើក​មុន វា​មក​ម្តង​ហើយ ដល់​យើង​ទៅ​វា​ផ្អើល​ទៅ»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ ជាពិសេស​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដូច​គ្នា។ លោក​បន្ត​ថា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន​បិទ​ច្រក​របៀង ដើម្បី​ការពារ​សុវត្ថិភាព​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក៏ប៉ុន្តែ​សហគមន៍​មាន​ភូមិសាស្ត្រ​ភូមិ-ឃុំ​ជាប់​នឹង​តំបន់​ព្រំដែន នៅ​តែ​រាយការណ៍​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ៖ «មិន​ត្រឹម​តែ​ព្រំដែន​ស្រុក​អណ្ដូងមាស ទេ នៅ​អូរយ៉ាដាវ ក៏​មាន​របៀប​ហ្នឹង​ជា​ញឹកញាប់​ដែរ។ វៀតណាម ចូល​អារ​ឈើ​ដឹក​ចេញ។ សហគមន៍​មួយ​ចំនួន​ចង់​បាន​លុយ ក៏​គាត់​ចូលរួម សហគមន៍​មួយ​ចំនួន​គាត់​នៅ​ស្ដាយ​ព្រៃ​ឈើ​របស់​គាត់»

របាយការណ៍​របស់​សហគមន៍​ភូមិ​តាំងសេ និង​ភូមិ​តាំងលោម ចាប់​ពី​ដើម​ឆ្នាំ​២០១៥ រហូត​មក ក្រុម​ល្បាត​សហគមន៍ រឹប​អូស​បាន​ម៉ូតូ រណារ​យន្ត​កាត់​ឈើ ត្រាក់ទ័រ និង​ឧបករណ៍​ស្ទូច​ឈើ​ពី​ពលរដ្ឋ​វៀតណាម កំពុង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ វត្ថុ​តាង​ទាំង​នោះ សហគមន៍​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ-ឃុំ ក៏ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន បាន​សម្រប​សម្រួល​ប្រគល់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ទៅ​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​វិញ ជា​ថ្នូរ​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។