ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា-ឡាវ​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដី​មុខ​មន្ទីរ​ប្រៃសណីយ៍

ពលរដ្ឋ និង​នគរបាល​រស់នៅ​ជិត​ព្រំដែន​កម្ពុជា-ឡាវ ចំណុច​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ចំនួន​១៥​គ្រួសារ បារម្ភ​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ។ ក្តី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​របស់​អាជ្ញាធរ​ខេត្ត បាន​ចុះ​ជួប​ពួក​គេ ១៥​គ្រួសារ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា ពលរដ្ឋ និង​នគរបាល បាន​សង់​ទីលំនៅ​ចំ​ពី​មុខ​ការិយាល័យ​ប្រៃសណីយ៍ ជា​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ និង​នគរបាល​រស់នៅ​ភូមិ​ត្រពាំងក្រៀល សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ត្រង់​ចំនុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងក្រៀល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ តុលា ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រុះរើ​លំនៅឋាន​នគរបាល និង​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ ដោយ​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចាប់​យក និង​សាងសង់​លំនៅឋាន​បណ្ដោះអាសន្ន​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សាងសង់​អគារ​ការិយាល័យ​ប្រៃសណីយ៍​កម្ពុជា តាម​ច្រក​ព្រំដែន។

នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៧០១ និង​ជា​តំណាង​ពលរដ្ឋ លោក ដួង ចាន់ធី អះអាង​ថា ពលរដ្ឋ និង​នគរបាល​ច្រក​ព្រំដែន រួម​ទាំង​នគរបាល​អន្តោប្រវេសន៍ បាន​មក​តាំង​ទីលំនៅ​ទី​នេះ​ជិត ១០​ឆ្នាំ​ហើយ។ លោក​បន្ត​ថា ពួក​គាត់​ប្រកប​របរ​លក់​ដូរ​ចិញ្ចឹម​ជីវិត​បន្ថែម​លើ​ការងារ​ជា​នគរបាល​ ប្រចាំ​ការ។ លោក​ថា មាន​ពលរដ្ឋ​សាមញ្ញ​ចំនួន ៥​គ្រួសារ បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ទីនេះ​ដែរ។

លោក​បន្ត​ទៀត​ថា ក្រសួង​ប្រៃសណីយ៍ មិន​ផ្តល់​តម្លៃ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​នគរបាល​តាម​ព្រំដែន ដែល​រំពឹង​ថា រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​អាច​មាន​លទ្ធភាព​ចិញ្ចឹម​ជីវិត​តាម​រយៈ​លក់​ដូរ ជាដើម៖ «គម្រោង​ពី​មុន​មក ចង់​ដូរ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ឆ្ងាយ បើ​ដូរ​ទៅ​នៅ​ឆ្ងាយ ខ្ញុំ​នៅ​ស៊ូ​ទ្រាំ​នៅ​កន្លែង​នេះ ព្រោះ​ដី​វាល​ល្វឹង​នៅ​ក្បែរ​នេះ កំពុង​តែ​ស្នើសុំ​ក្បែរៗ​ហ្នឹង​ហើយ បើ​យើង​នៅ​ដើម្បី​រក​ស៊ី​យក​ទៅ​ដាក់​ក្នុង​ព្រៃ យើង​រក​ស៊ី​អី​កើត។ មាន​តែ​ដី​របស់​បុគ្គល​ឯកឧត្តម​ធំ ឧកញ៉ា ប្រជាពលរដ្ឋ​យើង​ហ៊ាន​នៅ​ឈូស​ឆាយ​កាប់​តិចតួច គឺ​អត់​បាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ស្ទឹងត្រែង អ្នកស្រី នេត ចាន់បូរិន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ តុលា។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​សិក្សា និង​ពិនិត្យ​លទ្ធភាព​ប្រជាពលរដ្ឋ និង​នគរបាល​រស់នៅ​ទីនោះ ដោយ​ផ្អែក​លើ​របាយការណ៍ និង​ប្រវត្តិ​ជាក់ស្តែង ប្រសិន​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិត​ជា​រស់នៅ​ច្រើន​ឆ្នាំ​ពិត​មែន អាជ្ញាធរ​នឹង​មាន​ផែនការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច៖ «គាត់​ផ្លាស់​ទី​លំនៅ​កន្លែង​ណា គាត់​តាំង​ទី​លំនៅ​កន្លែង​ហ្នឹង ឆ្នាំ​ណា? គេ​មើល​ប្រវត្តិ​សិន។ ប្រសិន​គាត់​ពិត​ជា​ប្រជាពលរដ្ឋ​រស់នៅ​ហ្នឹង គាត់​នៅ​យូរ ហើយ​រក​ដី​រក​អី គេ​នៅ​តែ​គិតគូរ»

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ បង្ហាញ​ថា ច្រក​ទ្វារ​ព្រំដែន​ត្រពាំងក្រៀល ខេត្ត​ស្ទឹងត្រែង មាន​ទំហំ ១០០​ម៉ែត្រ​គុណ ២០០​ម៉ែត្រ មាន​នគរបាល​អន្តោប្រវេសន៍ និង​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ១៥​គ្រួសារ បាន​សាងសង់​លំនៅឋាន​ជា​បណ្ដោះអាសន្ន​លើ​ដី​ចំណី​ផ្លូវ​ចំ​ពី​មុខ​ការិយាល័យ​ ប្រៃសណីយ៍​កម្ពុជា ប៉ះពាល់​ដល់​ដំណើរ​ការ​សាងសង់​អគារ​ការិយាល័យ​ប្រៃសណីយ៍​កម្ពុជា នៅ​ច្រក​ព្រំដែន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការងារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ពលរដ្ឋ និង​នគរបាល​ចំនួន ១៥​គ្រួសារ គួរ​តែ​ត្រូវ​បាន​អាជ្ញាធរ​លើក​ទឹក​ចិត្ត​ដល់​ការ​រស់នៅ​របស់​ពួក​គេ​នៅ​ ព្រំដែន ដើម្បី​ជា​រនាំង​ការពារ​ព្រំដែន។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល មាន​គោលការណ៍​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ និង​នគរបាល​រស់នៅ​ព្រំដែន ដើម្បី​ជា​ភ្នែក​ច្រមុះ និង​ជា​របង​ព្រំដែន បើ​ទោះ​បី​ជា​ពួក​គេ​រស់នៅ​លើ​ផ្លូវ​សាធារណៈ​ក្តី ព្រោះ​នៅ​តំបន់​នោះ​មាន​លក្ខណៈ​ស្ងាត់ និង​សម្បូរ​ដោយ​ព្រៃ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត មេត្តា​ពិនិត្យ​មើល​ស្ថានភាព​គ្រួសារ​ហ្នឹង បើ​សិន​គាត់​ប៉ូលិស​ទាហាន​ក៏​កាន់​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៀត ដោយសារ​តែ​ត្រូវ​គោលការណ៍​សម្បទាន​សង្គមកិច្ច»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ លោក ប្រាក់ សុខុន ធ្លាប់​ចុះ​ទៅ​តំបន់​នោះ បាន​លើក​ទឹក​ចិត្ត​នគរបាល និង​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ចៀស​ផុត​ពី​ភាព​ស្ងាត់ ព្រោះ​ជា​តំបន់​នៅ​កណ្ដាល​ព្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។