ស្លាប់​12​នាក់​ក្នុង​ការ​វាយប្រហារ​សណ្ឋាគារ​ធំ​មួយ​នៅ​សូ​ម៉ា​លី

ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ក្នុង​ការ​វាយប្រហារ​សណ្ឋាគារ​ធំ​មួយ​នៃ​រដ្ឋធានី​សូ​ម៉ា​លី ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្បូ ដោយ​ពួក​អ៊ិ​ស្លា​ម​និយម​ក្រុម SHEBAB ដែល​ប្រើប្រាស់​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​សម្រុក​បើកផ្លូវ​ចូល​ក្នុង​សណ្ឋាគារ​នេះ ដែល​មាន​កិច្ច​ការពារ​ហ្មត់ចត់ ។

លោក​អាប់​ឌុ​ល​រ៉ា​ហ៊ី​ដ ដា​ហៀរ អ្នក​ទទួលខុសត្រូវ​ប៉ូលិស​មួយ​រូប​បញ្ជាក់​ថា ពួក​អ្នក​វាយប្រហារ​បាន​បំផ្ទុះ​រថយន្ត​មួយ ដើម្បី​បើកផ្លូវ​មុន​ពេល​លុក​ចូល​ក្នុង​សណ្ឋាគារ ។ ពួក​បះបោរ​ក្រុម SHEBAB ជា​សាខា​អាល់​កៃ​ដា​មួយ ដែល​ធ្លាប់​វាយប្រហារ​លើ​សណ្ឋាគារ​នានា​នៅ​ទីក្រុង​ម៉ុ​ហ្គា​ឌី​ស្យូ​នោះ​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ដោយ​គូសបញ្ជាក់​ថា ពួក​គេ​កំពុង​តែ​ប្រយុទ្ធ​នៅ​ខាងក្នុង​សណ្ឋាគារ SAHAFI ស្ថិត​នៅ​ជិត​ផ្លូវបំបែក K4 ។ សណ្ឋាគារ SAHAFI និយម​ចូល​ដោយ​បណ្តា​មន្ត្រី​រដ្ឋការ និង​បណ្តា​អ្នកជំនួញ ។

ក្នុង​សេចក្តី​ប្រកាស​មួយ អ្នកនាំពាក្យ​ម្នាក់​របស់​ពួក SHEBAB ថ្លែង​ថា បណ្តា​យុទ្ធ​ជន​បូ​ចា​ហ៊ី​ឌី​ន បាន​ដណ្តើម​ត្រួតត្រា​សណ្ឋាគារ SAHAFI ជា​កន្លែង​និយម​ចូល​ដោយ​ពួក​លុកលុយ​គ្រី​ស្ត ។ ពួក​មូ​ចា​ហ៊ី​ឌី​ន ធ្វើ​ប្រតិបត្តិការ​ខាងក្នុង​សណ្ឋាគារ​ក្រោយ​ដណ្តើម​ត្រួតត្រា ។

ទោះបី​យ៉ាងណា កងកម្លាំង​យោធា​របស់​សហភាព​អាហ្វ្រិក​នៅ​សូ​ម៉ា​លី AMISOM ដែល​ប្រឆាំង​ពួក SHEBAB រួម​ជាមួយ​រដ្ឋាភិបាល​សូ​ម៉ា​លី​បាន​បដិសេធ​ការ​អះអាង​នេះ ហើយ​និយាយ​ថា បាន​រក្សា​ការពារ​សន្តិសុខ​សណ្ឋាគារ ។ ក្នុង​សេចក្តី​ប្រកាស​មួយ AMISOM គូសបញ្ជាក់​ថា រដ្ឋាភិបាល​សូ​ម៉ា​លី និង AMISOM បាន​ត្រួតត្រា​សណ្ឋាគារ​នេះ ៕