ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​អេ​ហ្ស៊ី​ប​ស្លាប់​224​នាក់ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា គេ​ជា​អ្នក​បាញ់

មនុស្ស​២២៤​នាក់​ជិះ​ក្នុង​យន្តហោះ  CHARTER រុ​ស្ស៊ី​មួយ​គ្រឿង ដែល​ដឹក​អ្នកទេសចរ​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ តុលា ដោយសារ​យន្តហោះ​នេះ​ធ្លាក់​ក្នុង​តំបន់​ស៊ី​ណៃ​អីុអេ​ហ្ស៊ី​ប ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា គេ​ជា​អ្នក​បាញ់​ធ្លាក់ ។

ពួក​ជី​ហា​ដ​និយាយ​ថា ពួក​គេ​បាញ់​ទម្លាក់​យន្តហោះ​នេះ​ជា​ការ​សងសឹក​ចំពោះ​អន្តរាគមន៍​រុ​ស្ស៊ី​នៅ​ស៊ី​រី ក៏​ប៉ុន្តែ​នៅ​ក្រុង​មូ​ស្គូ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​រុ​ស្ស៊ី​លោក​ម៉ា​ស៊ី​ម សូ​ូ​កូ​ឡូ​វ បាន​បដិសេធ​ការ​អះអាង​នេះ ដោយ​អេ​ហ្ស៊ី​ប​និយាយ​ថា ពុំ​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​ការ​អះអាង​នេះ​ឡើយ ។

ការ​ទាក់ទង​ជាមួយ​យន្តហោះ​ធុន AIRBUS A321-200 នេះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី KOGALYMAVIA ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា METROJET បាន​ដាច់​២៣​នាទី ក្រោយ​ការ​ហោះ​ឡើង​នា​ពេល​ព្រឹក​ព្រលឹម​ពី​ព្រ​លាន​យន្តហោះ​ក្រុង CHARM EL-CHEIKH អេ​ហ្ស៊ី​ប​ជា​ក្រុង​ទេសចរណ៍​នៅ​ជាប់មាត់​សមុទ្រ​ក្រហម និង​ក្នុង​ខណៈ​ដែល​យន្តហោះ​នេះ​កំពុង​ហោះហើរ​ក្នុង​កម្ពស់​ដល់​ទៅ​៩.១៤៤​ម៉ែត្រ ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប​ថា កា​ពី​តែ​ន​យន្តហោះ​រាយការណ៍​ពី​ការ​ខូច​បច្ចេកទេស​នៃ​ប្រព័ន្ធ​គមនាគមន៍​របស់​វា ។ ក៏​ប៉ុន្តែ​រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប លោក HOSSAM KAMAL ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អេ​ហ្ស៊ី​ប MENA អះអាង​ក្រោយមក​ថា ការ​ទាក់ទង​គ្នា​រវាង​អ្នក​បើក និង​ប៉ម​ត្រួតពិនិត្យ​មាន​ជា​ធម្មតា​រហូត​ដល់​បាត់​ការ​ទាក់ទង ហើយ​អ្នក​បើក​ពុំ​បាន​ស្នើ​សុំ​ការ​ផ្លាស់​ប្តូរ​ផ្លូវ​ហោះហើរ​ឡើយ ។

យន្តហោះ​នេះ​ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ជាទី​ក្រុង​ធំ​ទី​២​របស់​រុ​ស្ស៊ី ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រុមហ៊ុន METROJET របស់​រុ​ស្ស៊ី​បានការ​ពារ​អ្នក​បើក​របស់​ខ្លួន ដោយ​និយាយ​ថា គេ​ជា​មនុស្ស​មានបទពិសោធន៍​គ្រប់គ្រាន់ ព្រោះ​បាន​បើក​យន្តហោះ​សរុប​ដល់​ទៅ​១២.០០​ម៉ោង​រួច​ហើយ ។

រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ថា ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ណា​ម្នាក់​ឡើយ ហើយ​សាកសព​ជន​រង​គ្រោះ ព្រមទាំង​បំណែក​យន្ត នៅ​រាយ​ប៉ាយ​ក្នុង​រង្វង់​៨​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ​នៅ AL HASSANA ក្នុង​តំបន់​ភ្នំ​មួយ​នៃ​ខេត្ត​វាល​ខ្សាច់​ស៊ី​ណៃ​អីុ​ខាងជើង​មាន​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ប្រអប់​ខ្មៅ​របស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ ហើយនឹង​យក​ទៅ​វិភាគ ។

ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​តាម TWITTER អះអាង​ថា សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​ស៊ី​ណៃ​អុ​ី ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ តែ​មិន​បញ្ជាក់​ថា ធ្លាក់​របៀប​ម៉េច​ឡើយ ។ ក្រុម​នេះ​អះអាង​ថា បណ្តា​ទាហាន​នៃ​កាលី​ហ្វា​ត​អាច​បាញ់​ទម្លាក់​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​សម្លាប់​ពួក​មារ​ជាង​២២០​នាក់ ។

យោង​តាម​ពួក​អ្នក​ជំនាញការ​យោធា​សួរ​ដោយ AFP ថា ពួក​បះបោរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មាន​មី​ស៊ី​ល ដែល​អាច​បាញ់​ដល់​កម្ពស់​៩.១៤៤​ម៉ែត្រ​ឡើយ ។ ក៏​ប៉ុន្តែ​ពួក​គេ​ក៏​មិន​បដិសេធ​ដែរ ពី​លទ្ធភាព​នៃ​ការ​ដាក់​គ្រាប់បែក​មួយ​គ្រាប់ ក្នុង​យន្តហោះ ឬ​យន្តហោះ​អាច​ត្រូវ​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់ ឬ​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ពេល​វា​បន្ទាបខ្លួន ក្រោយ​មាន​បញ្ហា​បច្ចេកទេស ឬ​ដោយសារ​ហេតុផល​ឯទៀត​ៗ បន្ទាប់​ពី​បាត់​ការ​ទាក់ទង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាយក​រដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប លោក CHERIF ISMAIL ដែល​គេច​មិន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​ប្រកាស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នោះ​និយាយ​ថា មាន​តែ​ប្រអប់​ខ្មៅ​ទេ ទើប​លាតត្រដាង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ ។

ក្រោយ​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​នេះ ក្រុមហ៊ុន​អាកាសចរណ៍​បារាំង AIR FRANCE ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់ LUFTHANSA និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ប្រកាស​ថា ពួក​គេ​នឹង​ពុំ​ឱ្យ​យន្តហោះ​ហោះ​កាត់​ពីលើ​តំបន់​ស៊ី​ណៃ​អុ​ី​ទៀត​ឡើយ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ។

នៅរ​ស្ស៊ី គណៈកម្មាធិការ​ស៊ើបអង្កេត​មួយ​ទទួល​បន្ទុក​ខាង​ការ​ស្រាវជ្រាវ​សំខាន់​ៗ ប្រកាស​ពី​ការ​បើក​ការ​ស៊ើបអង្កេត​មួយ​ទាក់ទិន​ដល់​ការ​រំលោភ​បំពាន​ជាយថាហេតុ​ដល់​បណ្តា​បទដ្ឋាន​សន្តិសុខ​អាកាស ។

ដោយ​រង់ចាំ​ការ​សន្និដ្ឋាន​នានា​របស់​ពួក​អ្នកជំនាញ​ការ​ដែល​បញ្ជូន​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់ អាជ្ញាធរ​រុ​ស្ស៊ី​គិត​ថា យន្តហោះ​នេះ​ធ្លាក់​ដោយ​គ្រោះថ្នាក់ ឬ​ការ​ធ្វេសប្រហែស ។

នៅ​កន្លែង​យន្តហោះ​ធ្លាក់ ពួក​អ្នកស៊ើប​អង្កេត​រក​ឃើញ​ប្រអប់​ខ្មៅ​ទាំង​២ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ទាំង​២២៤​នាក់ ក្នុង​នោះ​មាន​កុមារ​១៧​នាក់​ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​ណា​ឡើយ ។ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​ពី​ទិវា​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​១​ថ្ងៃ ។

ដឹក​ចេញ​ដោយ​បណ្តា​ឧទ្ធម្ភាគចក្រ​យោធា​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីក្រុង​គែរ ។ ជន​រង​គ្រោះ​ទាំងនេះ​ភាគច្រើន​ជា​អ្នកទេសចរ​រុ​ស្ស៊ី ដែល​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ដើរ​លេង​កម្សាន្ត​នៅ​មាត់សមុទ្រ​ក្រុង CHARM EL CHEIK ។

ដោយ​សម្តែង​ការ​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​បណ្តា​គ្រួសារ​ជន​រង​គ្រោះ​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ស្នើ​ដល់​បណ្តា​ក្រសួង​ទាក់ទិន​ឱ្យ​ផ្តល់​ជំនួយ​ចាំបាច់ និង​បន្ទាន់​ដល់​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ ។

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមការងារ​ស្តី​ពី​គ្រោះថ្នាក់​នេះ ។ យន្តហោះ​៣​គ្រឿង​របស់​ក្រសួង​នោះ​ត្រៀម​ទៅ​កាន់​អេ​ហ្ស៊ី​ប ៕