ការប្រៀបធៀប និងវិភាគ មិនសមហេតុផលពី កិត្តិនាមអតីតអធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត

ភ្នំពេញ៖ អធិរាជសំឡេងមាសប៉ុន្មានថ្ងៃនេះ មានការកញ្ជ្រោកផុសផុល ពីការប្រៀបធៀបមិនសមហេតុផលមួយ និងការវិភាគឱ្យតម្លៃមួយ បានប៉ះពាល់យ៉ាងខ្លាំងដល់អតីតសិល្បករឆ្នើមមួយរូបរបស់ប្រទេសកម្ពុជាយើង ។ ថ្ងៃនេះ ខ្ញុំក៏ចង់ជូនប្រវត្តិខ្លះៗរបស់ សិល្បកររូបនេះ ដើម្បីអាចនឹងវិភាគទាំងអស់គ្នាថា តើលោកស៊ីន ស៊ីសាមុតសក្ដិសមនឹងទទួលគោរមនាមថា ជា «អធិ រាជសំឡេងមាស » បានដែរឬទេ?

លោកស៊ីន ស៊ីសាមុត ឈ្មោះដើមស៊ីន ច័ន្ទសាមុត កើតនៅខេត្តស្ទឹងត្រែងឆ្នាំ១៩៣២ ឆ្នាំរកា វេលាម៉ោងទៀបភ្លឺ ដែលតាមទំនាយគ្រូហោរចិនថាជា និស្ស័យធាតុមាន់គក គឺពូកែខាងសំឡេងខ្លាំងគ្មានគូប្រៀប ហើយក៏បាត់បង់ជីវិត ទៅវិញនៅខេត្តកណ្ដាលនាឆ្នាំ១៩៧៦វេលាម៉ោងពេលថ្ងៃរៀបអស្ដង្គត ។

តាំងពីអាយុ៦ឆ្នាំលោកចេះកាន់ឩបករណ៍ភ្លេងមានដូចជា ទ្រ,ខ្លុយ, ចាប៉ី ពិសេសម៉ុងដូលីនយ៉ាងស្ទាត់ជំនាញ។ មិនត្រឹមតែចេះលេងទេ លោកចេះទាំងធ្វើឩបករណ៍ទាំងនេះទៀតផង ។អាយុ២០ឆ្នាំក៏បានចូលច្រៀងជាមួយ ក្រុមតន្ត្រី«ព្រះច័ន្ទរស្មី»ក្រោយមកក៏រួមគ្នាជាមួយក្រុមតន្ត្រីលោកយ៉ាន់ កាយ៉ុនឈ្មោះ« រាជសី»។ ដំបូងគេដឹងថាគាត់កាន់ឩបករណ៍ភ្លេងក្រោយមកក៏ចាប់ផ្ដើមច្រៀង ក៏ស្រាប់តែម្នាក់ៗទទួលស្គាល់ថា គាត់ច្រៀងសែនពីរោះតែម្ដង ។ មិនត្រឹមតែចេះច្រៀងទេ លោកថែមទាំងចេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយខ្លួនឯងបានទៀតផង ហើយក៏បានចូលច្រៀងផ្សាយក្នុងវិទ្យុជាតិ ។

ចាប់តាំងពីប្រឡូកក្នុងវិស័យចម្រៀងតូរ្យតតន្ត្រីមក ឈ្មោះរបស់លោកត្រូវបានមហាជនស្គាល់តាមរយៈ សំឡេងពីរោះក្រអួនក្រអៅ បបោសអង្អែល មានទឹកដមពីរោះគ្មានពីរ ដូចក្នុងស្ប៉តពាណិជ្ជរបស់កាស្សែតពស់មាសដែលបានហៅលោកថាជា «អធិរាជសំឡេងផ្អែមគ្មានគូប្រៀប»។

ព្រះមហាក្សត្រីយានីក៏បានអនុញ្ញាតិឱ្យលោកចូលក្នុងវង់តន្ត្រីព្រះរាជទ្រព្យ ហើយកេរ្ត៍ឈ្មោះរបស់លោកក៏កាន់តែ រន្ទឺរហូតចេញទៅថតចម្រៀងដាក់ថាសដល់ទីក្រុងហុងកុងទៀតផង ។ លោកមានសំឡេងកាន់តែទទួលស្គាល់ថាពីរោះពេកទៅ សូម្បីតែថាសចម្រៀងល្បីជំនាន់នោះ គេគ្រាន់តែទៅកន្លែងលក់សួររកថា៖ មានបទសាមុតចេញថ្មីទេ ? បើមានគេទិញភ្លាម ។ អ្នកចម្រៀងខ្លះល្បីមែន តែចម្រៀងពួកគាត់ក្រុមហ៊ុនថាស មិនសូវទិញទេ តែបើបទចម្រៀងច្រៀងដោយស៊ីន ស៊ីសាមុត អូខេ ទិញភ្លាម ។ ខ្សែភាពយន្តខ្លះ គុណភាពមិនសូវល្អ ឬសាច់រឿងមិនសូវស៊ី ក៏រកលោកស៊ីន ស៊ីសាមុតឱ្យច្រៀងដាក់បញ្ចូល ទើបមានទស្សនិកជនមើលកុះករ។

តាមតន្រ្តីករជើងចាស់ម្នាក់បានកោតសរសើរលោកស៊ីន ស៊ីសាមុតថា ៖ យើងនាំគ្នាគិតមើល ! សម័យនេះខ្វះអីអ្នកនៅរស់ពីអាពតធ្លាប់សរសេរបទឱ្យបងមុតច្រៀង ហេតុអីក៏បទគាត់ឥឡូវគេស្ដាប់អត់ពីរោះ ? ម៉ោពីគ្មានបងមុតហ្នឹងណា! បងមុតគាត់ច្រៀងបទអីក៏ពីរោះដែរ ! តន្រ្តីករនោះថែមទាំងបញ្ជាក់ទៀតថា ៖ ចួនណាបទបរទេសគេអត់ពីរោះសោះ! លុះបងមុតគាត់ យកមកបកច្រៀងជាខ្មែរបែរជាពីរោះល្បីល្បាញពេញណាពេញណី ! មិនថាតែបទគាត់ទេ បទអ្នកនិពន្ធណាក៏ដោយឱ្យធ្លាក់ដល់ដៃលោកស៊ីន ស៊ីសាមុតច្បាស់ជាពីរោះហើយ !! ត្រង់នេះហើយនាំឱ្យយើងនឹកជឿថា កាលពីគាត់អាយុបាន២៤ឆ្នាំស្ដេចថៃបានសរសើរលោកជា « សិល្បករសំឡេងមាស » ដោយសារតែលោកច្រៀងបានពីរោះជាងម្ចាស់បទដើមថៃទៅទៀតនោះ ។

មានអ្នកនិពន្ធជើងចាស់ម្នាក់បានរៀបរាប់ថា ៖ គាត់កោតសរសើរលោកស៊ីន ស៊ីសាមុតណាស់ មានពេលមួយនោះក្រុមរបស់គាត់កំពុងលេងភ្លេងឡើងព្រះរាជតំណាក់នៅខេត្តបាត់ដំបង ក៏មាននារីស្អាតសោភាម្នាក់បានហុចផ្កាកូឡាបសមួយទង ឱ្យទៅលោកពៅ ស៊ីផូ លោកក៏ទាញប៊ិចក្រដាស់សរសេរចម្រៀងមួយហុចឱ្យលោកសាមុត ស្រាប់តែគាត់ សំរួលតែបន្តិចក៏អាចច្រៀងបទ ផ្កាកូឡាបសនេះជូនយុវតីនោះបានភ្លាមៗក្នុងគ្រានោះតែម្ដង !

ជាមួយគ្នាហ្នឹងដែរលោកផលិតករភាពយន្តជើងចាស់លី ប៊ុនយីមក៏ធ្លាប់កោតសរសើរយ៉ាងស្មោះថា ៖ បងមុតច្រៀងខ្លាំងណាស់! ខ្ញុំធ្លាប់យកបទមួយ ដំបូងឱ្យវីរៈតារាច្រៀង ស្រែកមានរួចឯណា សេរីសុទ្ធាក៏ដល់ត្រង់ហ្នឹងស្រែកមិនរួចមិនដល់ទៀត ! មានឯណាដល់តែយកឱ្យបងមុតច្រៀង ! ម៉ែអើយគាត់ស្រែកធូរល្ហុយគ្មានប្រឹងអីម៉ាបន្តិចសោះ មិនត្រឹមតែស្រែកខ្លាំងទេ ថែមទាំងពីរោះផ្អែមទៀតផង !

ប៉ុន្មានឆ្នាំមុននេះក៏ដូចគ្នា ។ មានផលិតកម្មមួយបានហៅចៅលោកស៊ីន ស៊ីសាមុតទៅច្រៀងក្នុងស្ទូឌីយូបទពីដើមៗរបស់់ជីតាខ្លួន ក៏ស្រាប់តែឃើញលោកស្រីខាវ ថងញ៉ុតជាភរិយាលោកស៊ីន ស៊ីសាមុតគាត់ហូរទឹកភ្នែកឡើង ! គ្រប់គ្នាស្មានតែគាត់យំនឹកស្វាមីគាត់ ! លុះសាកសួរទៅគាត់ប្រាប់ថា ៖ មិនមែនគាត់នឹកប្ដីគាត់ទេ តែគាត់នឹកអាណិតចៅដែលខំច្រៀងបទជីតាវាស្រែកសឹងមិនរួច ! គាត់ថា ប្ដីរបស់គាត់គឺលោកស៊ីន ស៊ីសាមុតច្រៀងមិនដែលខំស្រែកអីយ៉ាងនេះទេ ឃើញគាត់ច្រៀងបទអីក៏តាមធម្មតាដែរ ទោះជាបទនោះតឹងឬធូរបែបម៉េចក៏ដោយ ! ។ លោកយាយថងញ៉ុតថែមទាំងបញ្ជាក់ថា ស្វាមីគាត់មិនដែលចេះប្រកាន់ខ្លួនទេ ចួនណាអ្នកខ្លះមានវិបត្តិមកសុំឱ្យគាត់ជួយតែងចម្រៀងឱ្យ គេកាន់តែមាន់ជល់មួយមកជូនគាត់រួចទៅវិញបាត់ ! បើនិយាយពីសំឡេងពេញដោយមន្តស្នេហ៍វិញ មិនបាច់បរិយាយទេ ស្ត្រីឋានៈណាក៏មករកគាត់ដែរ !

ខ្លះហ៊ានទាំងមកសួរគាត់ជាប្រពន្ធដល់ៗផ្ទះមិនរអែងផង។ នេះក៏ព្រោះតែអ្វី ? ដោយសារគាត់សង្ហារមែនទេ ? មិនអាចទេ! រូបរាងគាត់ប្រៀបទៅនឹងលោកពៅ ស៊ីផូ លោកម៉ែរ ប៊ុន លោកម៉ា ឡៅពី ឬក្មេងៗខ្លះទៀតគឺគេលើគាត់ឆ្ងាយណាស់ ! ប៉ុន្តែហេតុអីក៏ មានមន្តស្នេហ៍ម្ល៉េះ ? គឺសំឡេងច្រៀង សំឡេងមាសច្រៀងគាត់មុតដល់បេះដូងពេក ! មានស្ត្រីម្នាក់ដែលខ្ញុំធ្លាប់សម្ភាសន៍គាត់និយាយថា ៖ អូយ ! សំឡេងលោកសាមុត បើច្រៀងពាក្យថា«អូន»វិញ ស្ដាប់ហើយលោកអើយ មុតធ្លុះហួសទ្រូងគាត់ទៅទៀត !! យី ! ដល់ម្លឹងន៎ !!!

លទ្ធផលដែលបានមកពីអំណោយធម្មជាតិ គួបផ្សំនឹងការខិតខំដុសខាត់ និងឩស្សាហ៍ព្យាយាមថែមទៀតផង យើងឃើញថាចម្រៀងរាប់រយរាប់ពាន់បទ ដែលច្រៀងដោយលោកស៊ីន ស៊ីសាមុត និងដៃគូ មានទឹកដមស្ដាប់ទៅពីរោះយ៉ាងពិសេស ហើយថែមទាំងអាចស្ដាប់បានរហូតដល់មកសាមសែរហារសិបឆ្នាំមកហើយក៏នៅតែមិនទាន់បាត់សាបសូន្យទៅណា ! ផ្ទុយពីសម័យទំនើបនេះ ចម្រៀងចេញមិនដល់មួយ ខែផងក៏បាត់ទៅវិញឈឹងក៏មាន ។

ជាសង្ខេបមក ជីវិតសិល្បៈលោក ស៊ីន ស៊ីសាមុត គឺ៖
ចេះភ្លេង ចូលចិត្តច្រៀងតាំងពីអាយុ៦ឆ្នាំ ។
អាយុ ២០ឆ្នាំ ចូលប្រឡូកក្នុងតន្រ្តី និងចាប់ផ្ដើមច្រៀង ។
អាយុ ២២ឆ្នាំ ចូលបង្ហើរសំឡេងក្នុងវិទ្យុជាតិ ។
អាយុ ២៣ឆ្នាំលោកប្រឡងចម្រៀងជាប់លេខ២ ។
អាយុ ២៤ឆ្នាំ ស្ដេចថៃប្រទានងារ « អ្នកចម្រៀងសំឡេងមាស»។
អាយុ ៣២ឆ្នាំ មានងារថាជា « អ្នកចម្រៀងឯក »។
អាយុ ៣៧ឆ្នាំ ទទួលពានលេខ១ផ្នែក «ពានតន្រ្តី »។
អាយុ៤២ឆ្នាំ មានងារថាជា « អធិរាជសំឡេង»។

លុះក្រោយពេលអស់ជីវិតទៅ ក៏ត្រូវមហាជនបានប្រសិទ្ធីនាមឱ្យថាជា «អធិរាជសំឡេងមាស»។ ប៉ុន្តែថ្មីៗនេះក៏បែរជាលេចឮមានការប្រៀបធៀបប្រដូចរូបលោកទៅនឹងអ្នកជំនាន់ថ្មីដែលមិនទាន់មានស្នាដៃអ្វីបន្សល់ទុកជាដុំកំភួនផងថាជា « អធិរាជសិល្បៈខ្មែរ » ? ជាហេតុនាំឱ្យមានការថ្នាំងថ្នាក់ជាខ្លាំងដល់អ្នកធ្លាប់និយមចូលចិត្តបទចម្រៀងពីអតីតកាលទាំងឡាយ។

មិនអស់ចិត្ត ក៏មានអ្នកនិពន្ធម្នាក់ខឹងចិត្តជំនួសនឹងគេពេបជ្រាយដល់អ្នកជំនាន់ក្រោយរូបនោះ ដែលគេមិនសុខចិត្តចង់ឱ្យងារជាអធិ រាជអីភ្លាមៗរហូតសឿងហ៊ានប្រកាសផ្ដល់រង្វាន់ដល់អ្នកណាដែលអាចរកបានឯកសារថា « នរណាពាកម្កុដអធិរាជ សំឡេងមាសនេះឱ្យលោកស៊ីន ស៊ីសាមុត » ថែមទៀតផង ? ពិតជាថ្លើមធំ ហើយអស្ចារ្យមហិមារបស់គាត់មែន ! មានអី ថ្មីៗនេះព្រោះតែគាត់ចេញអត្ថបទពីរបីនេះ មហាជនខ្មែរក៏ចាប់ស្គាល់ឈ្មោះ និងស្គាល់មុខគាត់ សឹងគ្រប់ៗគ្នាក្នុងចង្កោម អ្នកលេងហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេង ដែលពីមុនមកមិនសូវមានអ្នកស្គាល់គាត់ប៉ុន្មានផង ។ ម្យ៉ាងដែរស្រុករំដួលខ្ញុំ!!!

( សូមអធ្យាស្រ័យ ដោយខ្លាចវែងពេក ទើបសុំសង្ខេបប៉ុណ្ណឹង! តាមពិតឆាកជីវិតគាត់មានច្រើនគគោកណាស់រៀបរាប់ មួយពេលមិនអស់ឡើយ ! បើចង់ជ្រាបច្បាស់ពីលោកស៊ីន ស៊ីសាមុត ចាំទាល់តែពេលណាខ្ញុំមានដីលក់ បានដប់ ម្ភៃម៉ឺនដុល្លារថតជីវិតគាត់ជាខ្សែភាពយន្តសិនបានដឹងថា គាត់ មានជីវិតស្រស់បំព្រង និងឈឺចាប់ដូចម្ដេច? ប៉ុន្តែ...ប្រហែលជានៅឆ្ងាយហួសជើងមេឃហើយ! ព្រោះបើជីវិតខ្ញុំអស់ទៅ ពេលណា សំណៅរឿងនេះនឹងកប់ទៅតាមសាក សពខ្ញុំហើយ! មិនទុកឱ្យអ្នកពូកែលួចចម្លងណា ឈ្លោះគ្នាដណ្ដើមកេរ្ត៍ នេះទេ! អេវំ ៕

ការប្រៀបធៀប និងវិភាគ មិនសមហេតុផលពី កិត្តិនាមអតីតអធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត